គួររំលឹកឡើងវិញបន្តិចផងដែរថា ប្រពៃណីសែនផ្នូរ ឫឆេងម៉េង (ឈីងមិង) ជាពិធីដែលជនជាតិចិន តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ស្រដៀងនឹងពិធីបុណ្យភ្ជុំខ្មែរដែរ។ ចិនប្រារព្ធធ្វើពិធីបុណ្យឆេងម៉េង ដើម្បីជាការសម្ដែងការគោរពដឹងគុណ (កតញ្ញូតាធម៌) ចំពោះ បុព្វការីជន ឫសាច់ញាតិ ដែលបានចែកឋានទៅកាន់បរលោក ដែលចាត់ទុកជាពីធីដ៏សំខាន់មួយក្នុងជំនឿទំនៀមទម្លាប់ជនជាតិចិន-វៀតណាម។
ពិធីសែនផ្នូរ (ឆេងម៉េង) ជាទូទៅច្រើនធ្វើឡើងនៅថ្ងៃទី០៤ ឫទី០៥ ខែមេសា (សម្រាប់ឆ្នាំនេះពិធីឆេងម៉េងចំធំថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨) ប៉ុន្តែក្រុមគ្រួសារជនជាតិចិន វៀតណាម ឫអ្នកមានសែស្រឡាយ ចិន-វៀតណាម-ខ្មែរ មួយចំនួនបានកំណត់ថ្ងៃរៀបចំពិធីសែនផ្នូរ ទៅតាមភាពសមស្របរបស់ខ្លួន។
តាមការកត់សម្គាល់នៅមុនថ្ងៃរៀបចំពិធីគេតែងតែនាំកូនចៅទៅសម្អាតផ្នូរ ពូនដីបន្ថែម ហើយនៅថ្ងៃសែនគេនាំគ្រួសារទាំងក្មេង ទាំងចាស់ ប្រុសស្រី មកជួបជុំគ្នា នៅខាងផ្នូរដោយមានក្រាលកន្ទេលពី មុខផ្នូរ រៀបចំគ្រឿងសំណែនផ្សេងៗគ្រប់មុខ មានដូចជា បាយ សម្លរ មានស្ងោរ ជ្រូកខ្វៃ នំនែក ចេក និងអាហារផ្សេងៗរួមទាំង ភេសជ្ជៈ ទឹកក្រូច ស្រាបៀរ តែ ក្រដាសសែន មានក្រដាសមាសក្រដាសប្រាក់ ក្រដាសសម្លៀកបំពាក់ គ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗ ដែលធ្វើពីក្រដាស សម្រាប់ដុតឧទ្ទិសជូនបុព្វការីជន មានមាតាបិតា ជីដូនជីតា កុងម៉ា សាច់ញាតិទាំង៧សន្តាន។
នៅក្នុងវេលានោះដែរសម្រាប់ផ្នូរសពបុព្វការីជន ដែលចែកឋានបាន ៣ឆ្នាំឡើងទៅ កូនចៅសាច់ញាតិសន្តាន តែងតែនាំគ្នាយកក្រដាស៥ ពណ៌ (ង៉ូវស៊ីជូ) មកប្រក់ផ្នូរ ប្រៀបដូចជាការប្រក់ផ្ទះថ្មីឲ្យបុព្វការីជនដូច្នេះដែរ រួមជាមួយនឹងការប្រោសព្រំទឹកលើផ្នូរផ្ដល់នូវភាពត្រជាក់ត្រជុំ ហើយកូនចៅ ញាតិផៅសន្តាន ដែលនៅរស់តែងនាំគ្នាអុជធូបបួងសួងប្រាថ្នាផ្សេងៗដូចជា សុំបុព្វការីជន មានឪពុក-ម្ដាយ ជីដូនជីតា (កុងម៉ា) ជាដើមជួយកាន់ខ្នងរងមុខថែរក្សាកូនចៅ ឲ្យរស់នៅបានសុខសប្បាយ រកស៊ីមានបាន កើតកាលវាលគុម្ព ត្រជាក់ត្រជុំដូចទឹកអង្គបំពងខ្ចី...។ល។៕























































