Header Ads

ប្រវត្តិលោកស៊ីន ស៊ីសាមុត

លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស ។ លោក​ ស៊ីន-ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន-ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះ រណ្ដំ​ចិត្ត គួប​ផ្សំ​និង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាតិ លន្លង់​លន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សា ។ល។ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​អ្នក​និពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក ។ លោក សុីន សាមុត គឺ​ជា​វីរបុរស​ស្នេហា​ជាតិ ។


ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ[កែប្រែ]

ប្រជាប្រិយភាព​របស់​លោក ស៊ីន-ស៊ីសាមុត មិន​បាន​ធ្វើ​ឱ្យ​ចុះ​ទន់​ខ្សោយ​កិត្តិនាម​របស់​អ្នក​ចម្រៀង​​ដទៃ​ទៀត ដូច​ជា លោក អ៊ឹម-សុងសឺមនិង អ្នក​ស្រីហួយ-មាស ដែល​ច្រៀង​ឱ្យ​វិទ្យុ​ជាតិ​នា​សម័យ​​នោះ​ទេ ។ លោក មាស-ហុកសេង អ្នក​សិល្បៈ​ចម្រៀង​នៅ​​​​​​មហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ ​(សាលា​រចនា) មាន​កិត្តិនាម​ល្បី​តាម​រយៈ​បទ​ លលក​ញី​ឈ្មោល នៅ​ឆ្នាំ ១៩៦៦ ។ កិត្តិសព្ទ​របស់​តារា​ចម្រៀង​ល្បី ៗ ទាំង​នេះ បាន​ដោយ​សារ​​ទឹក​ដៃ​​និពន្ឋ​របស់​កវី ម៉ា-ឡៅពី ដែល​បាន​និពន្ធ​បទ​ល្បី ៗ​ដូច​ជា​បទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជា​ដើម ។ លោក ម៉ា-ឡៅពី បាន​លា​ចាក​​លោក​នៅ​រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើន​តែ​ច្រៀង​និង​មិន​សូវ​និពន្ធ​​បទ​ភ្លេង​ទេ ។ បទ​ចម្រៀង​ល្បី​របស់​លោក ​គឺ បទ​កោះត្រល់ ដែល​បាន​ថត​នៅ​ឆ្នាំ ១៩៦៣ នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​ខ្មែរ​គ្រប់​រូប ដែល​សោក​ស្តាយ​នូវ​ការ​​បាត់​បង់កោះត្រល់​ទៅ​វៀតណាម ។ លោក អ៊ឹម-សុងសឺម និង​អ្នក​ស្រី ហួយ-មាស តែង​តែ​ទៅ​តាម​សម្តេច​ ព្រះបាទនរោត្តម-សីហនុ ពេល​ទ្រង់​ចុះ​ទៅ​​ទស្សនកិច្ច​តាម​ខេត្ត ដើម្បី​ច្រៀង​បទ​ចម្រៀង​ប្រជាប្រិយ មាន​រាំ​វង់​ជា​ដើម សម្រាប់​កំដរ​បង​ប្អូនប្រជាពលរដ្ឋ​ ដែល​ទៅ​ទទួល​ស្វាគមន៍​ព្រះ​ប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏​ជា​អ្នក​ចម្រៀង​ល្បី​​នា​សម័យ​នោះ​ដែរ តាម​រយៈ​បទអាកាសយាន ។ អ្នក​គាំ​ទ្រ​លោក សុះម៉ាត់ ភាគ​ច្រើន​ជា​អ្នក​ដែល​មិន​និយម​បទ​ថ្មី ៗ របស់​​លោក ស៊ីន-ស៊ីសាមុត ដែល​ចេញ​ក្រោយ​ទេ ។
កុមារភាព[កែប្រែ]

លោក ស៊ីន-ស៊ីសាមុត ចាប់​កំណើត​នៅ​ថ្ងៃ ២៣ សីហា ១៩៣២ នៅ​ខេត្តស្ទឹងត្រែង ។ លោក​ជា​កូន​ប្រុស​ពៅ​នៃ​បណ្ដា​បង​ប្អូន ៤ នាក់​ (ប្រុស ២ ស្រី ២) របស់​លោក ស៊ីន-លាង និង​អ្នក​ស្រី ស៊ីន-ប៊ុនលឿដែល​ជា​កូន​កាត់​​ឡាវ-ចិន ។ លោក​ឪពុក​របស់​លោក ជាឆ្មាំយាមពន្ឋនាគារ​នៅ​ខេត្តបាត់ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង ។ លោក​ឪពុក​របស់​លោក បាន​លា​ចាក​លោក​ ដោយ​ជំងឺ ហើយ​ម្តាយ​របស់​លោក ក៏​​រៀប​ការ​​ម្តង​ទៀត ដែល​អាពាហ៍ពិពាហ៍​ក្រោយ​នេះ​បន្សល់​ទុក​នូវ​កូន ២ នាក់​​ទៀត ។

លោក ស៊ីន-ស៊ីសាមុត បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេល​អាយុ ៥ ឆ្នាំ ។ លោក​ជា​ក្មេង​ល្អ និងទទួល​​បាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ពី​គ្រូ​និង​មិត្ត​រួម​ថ្នាក់ ។ លោក​មាន​និស្ស័យ​ជាមួយ​សិល្បៈ តាំង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ ដោយ​​ចូល​ចិត្ត​កូត​ទ្រ ដេញ​ម៉ង់ដូលីន និង​ចាប៉ី ។ ជា​ញឹក​ញាប់ លោក​ត្រូវ​បាន​សាលា​សុំ​ឲ្យ​លេង​ម៉ង់ដូលីន​ក្នុង​ពិធី​បុណ្យ​ផ្សេង ៗ នៅ​សាលា ។ កាល​ពី​កុមារ លោក​ជា​ក្មេង​សុភាព ស្រគត់​ស្រគំ ចិត្ត​ល្អ និង​ចេះ​អាណិត​អាសូរ​អ្នក​ដទៃ ។ គេ​និយាយ​ថា លោក​និយាយ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ដោយ​សំដី​ទន់​ភ្លន់​និង​ផ្អែម​ល្ហែម ។ លោក​តែង​ទៅលេង​​វត្ត​នៅ​ក្បែរ​ផ្ទះ​ជា​ញឹក​ញាប់​ និង​បាន​និយាយ​លេង​ជាមួយ​ព្រះសង្ឃ​​នា​ពេល​ទំនេរ ។ លោក​មាន​និស្ស័យ​នឹង​ព្រះពុទ្ធឋសាសនា ដោយ​លោក​បាន​សុំ​រៀន​ភាសាបាលីពី​ភិក្ខុ​មួយ​អង្គ ។ លោក​ចូល​ចិត្ត​អាន​សៀវភៅ ទាត់បាល់ និង​បង្ហោះ​ខ្លែង ។ ចំពោះ​ការ​បរិភោគ ចូល​ចិត្ត​ញ៉ាំ​តែ​ម្ហូប​គោក មាន​សាច់ មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ ។ ពងទាចៀន​ជា​ម្ហូប ដែល​លោក​ចូល​ចិត្ត​ញ៉ាំ​ជា​ប្រចាំ ។

លោក​បញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ នៅ​ឆ្នាំ ១៩៥១ ហើយ​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សាលាវេជ្ជសាស្ត្រ​​នៅ​ភ្នំពេញ​ដោយ​ស្នាក់​នៅ​ជាមួយឪពុកមារបស់​​លោក ។ ទោះ​ជា​មមា​ញឹក​នឹង​កិច្ចការ​​រៀន​សូត្រ​នៅ​​សាលា​វេជ្ជសាស្ត្រ​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​អាច​ឆ្លៀតពេលទំនេរ ដើម្បី​រៀន​ច្រៀង និង​និពន្ធ​បទភ្លេង​​ដែរ ។ ក្នុង​កំលុង​ពេល​នោះ លោក​កម្រ​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ​ណាស់ ដោយ​សារ​ប្រាក់​ឧបត្ថម្ភពី​មាតាបិតាលោក​​ គ្រប់​គ្រាន់​ល្មម​សម្រាប់​ចាយ​វាយ​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ ។ ហេតុ​នេះ លោក​តែង​ចំណាយ​ពេល​ទំនេរ​របស់​លោក ដើម្បី​សិក្សា​បទ​ភ្លេង​និង​ហាត់​ច្រៀង ។ ដោយ​មាន​ការ​គាំ​ទ្រ​ពី​មិត្ត​ភក្ដិ ដូច​កាល​ពី​នៅ​បឋមសិក្សា​ឋាន​ដែរ លោក​ចាប់​ផ្តើម​ល្បី​នៅ​សាលា​របស់​​លោក​ថា ជា​អ្នក​មាន​ទេពកោសល្យ​ខាងតន្ត្រី​និងចម្រៀង ហើយ​លោក​ត្រូវ​បាន​គេ​សុំ​ឲ្យ​ច្រៀង​នៅ​រាល់​កម្មវិធី​របស់​​សាលា ។ នៅ​ឆ្នាំ​ដដែល​នោះ លោក​បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះ​ថា ព្រះច័ន្ទរស្មី ដែល​មាន​សមាជិក ៩ នាក់ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក្រុម​​តន្ត្រី​របស់​លោក ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​និយម​ពី​សំណាក់ប្រជាពលរដ្ឋ​​ក្រុង​ភ្នំ​ពេញ ។ ដោយ​មាន​ភាព​ល្បី​ល្បាញ​នេះ នៅ​ដើម​ឆ្នាំ ១៩៥៣ ក្រុម​តន្ត្រី​របស់​លោក ត្រូវ​បាន​វិទ្យុ​ជាតិ​អញ្ជើញ​ឲ្យ​ចូល​ប្រគំរួម​ជាមួយ​ក្រុម​តន្ត្រី​វិទ្យុ​ជាតិ​ ឈ្មោះ រាជសីហ៍ ។ ពេល​កិត្តិសព្ទ​របស់​លោក​ចាប់​ផ្ដើម​ល្បី​ពាស​ពេញ​ភ្នំ​ពេញ លោក​ក្លាយ​ជា​អ្នក​ចម្រៀង​​ពាក់​កណ្ដាល​អាជីព ដោយ​ជា​រឿយ ៗ លោក​តែង​​ចេញ​ច្រៀង​តាម​វិទ្យុ​​និង​ពិធី​មង្គលការ​ផ្សេង ៗ ។ ជា​អកុសល មាតា​បិតា​របស់​លោក មិនសប្បាយ​ចិត្ត​នឹង​ឮ​លោក​ច្រៀង​​តាម​វិទ្យុ​ទេ ។ មាតា​បិតា​របស់​លោក ចង់​ឲ្យ​លោក​​ក្លាយ​ជា​វេជ្ជបណ្ឌិត និង​បារម្ភ​ថា ចម្រៀង​នឹង​រំខាន​ដល់ការ​សិក្សា​របស់​លោក ។ ប៉ុន្តែ​ វាសនា​បាន​ចារ​ថា លោក ស៊ីន-ស៊ីសាមុត ត្រូវ​តែ​ក្លាយ​ជា​អ្នកចម្រៀង ទោះ​ជា​មាន​ការ​ជំទាស់​ពី​គ្រួសារយ៉ាង​ណា​ក៏​ដោយ ។
អាជីពជាសិល្បករ[កែប្រែ]

ពេល​ដែល​កម្ពុជា​បាន​ទទួល​ឯករាជ្យបរិបូរណ៍​ពី​បារាំង​នៅ​ឆ្នាំ ១៩៥៣ លោក​ចាប់​ផ្តើម​អាជីព​ជា​សិល្បករ​របស់​លោក ដោយ​ក្លាយ​ជា​អ្នក​ចម្រៀង​ប្រចាំ​អោយ ស្ថានីយ៍វិទ្យុ​ជាតិ ។ លោក​បន្ត​ការ​សិក្សា​​វេជ្ជសាស្ត្រ​រហូត​ដល់​ចប់ និង​ចូល​បម្រើ​ការ​ងារ​នៅ​មន្ទីរពេទ្យព្រះកេតុមាលា ។ លោក ស៊ីន-ស៊ីសាមុត​ និពន្ធ​បទ​ភ្លេង​ដោយ​ប្រើ​ម៉ង់ដូលីន ។ បទ​ចម្រៀង​របស់​លោក​ជា​ទូទៅ មាន​លក្ខណៈ​មនោសញ្ចេតនា លន្លង់​លន្លោច ដោយ​ឆ្លុះ​បញ្ចាំង​អំពី​ស្នេហា​ សុភមង្គល ឈឺ​ចាប់ និង​ស្រមើស្រមៃ ។ ទេពកោសល្យ​សិល្បៈ របស់​លោក​បាន​ដោយ​ការ​ព្យាយាម​ដុស​ខាត់​ទេពកោសល្យ​ពី​កំណើត​របស់លោក ។ គេ​និយាយ​ថា លោក​បាន​ប្រើ​ប្រាស់​វចនានុក្រម​ដល់​ទៅ ៣ ដោយ​គ្រាន់​តែ​ចង់​មើល​ តើ​ពាក្យ​​មួយ​សរសេរ​ត្រឹម​ត្រូវ​ឬ​អត់ ក្នុង​ភាសាខ្មែរ សំស្ក្រឹត និងបាលី

ចម្រៀង​ភាគ​ច្រើន​របស់​លោក ​ផ្អែក​លើ​ជីវិត​ពិត​និង​អារម្មណ៍​របស់​អ្នក​ស្ដាប់ ។ មិត្ត​អ្នក​ស្ដាប់ តែង​តែ​យក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​គេ មាន​​ទាំង​ស្នេហា​និង​ការ​បាត់​បង់ សប្បាយ និង​ឈឺ​ចាប់ សម្រាប់​ឲ្យ​លោក ស៊ីន-ស៊ីសាមុត និពន្ធ​ចម្រៀង ដោយ​ផ្អែក​លើ​រឿង​ពិត​នេះ ។ ហេតុ​នេះ អត្ថន័យ​ក្នុង​ចម្រៀង​របស់​លោក ភាគ​ច្រើន​ជា​រឿង​ពិត​របស់​មិត្ត​អ្នក​ស្ដាប់​របស់​លោក ។ ពេល​ដែល​លោក​ច្រៀង គ្រប់​ពាក្យ​គ្រប់​ម៉ាត់ ​គឺ​ច្បាស់ ៗ មួយ ៗ ។ លោក​តែង​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញ​សំឡេង​អោយ​ត្រឹម​ត្រូវ​​តាម​ការ​សរសេរ ដោយ​មិន​ប្រើ​សំនៀង​ក្នុង​ភាសា​និយាយ​ទេ ។ សំនៀង​ដ៏​ក្រអួន​មាន​ទឹក​ដម ហើយ​អាច​បត់​បែន​កាច់​កុង​តាម​តែ​លោក​ចង់​បាន មិន​ភ្លាត់​មិនភ្លាវ ​ហើយ​ខ្យល់​សំនៀង​ដាក់​ត្រូវ​តាម​អត្ថន័យ​បទ​នីមួយ ៗ ប្លែក ៗ គ្នា​ទៀត​ផង ។ ចំណុច​លេច​ធ្លោ​មួយ​ទៀត​នៃ​សំនៀង​របស់​លោក គឺ ណែន ពីរោះ ច្បាស់ គ្មាន​បន្លំ គ្មាន​លួច​បំភ័ន្ត​អ្នក​ស្តាប់​មួយ​ពាក្យ ឬ​មួយ​ឃ្លា​ណា​ឡើយ ។ សូរ​សព្ទ​សំនៀង ដែល​លោក​បន្លឺ​ពេញ​ចំ​ជា​ពាក្យ​ខ្មែរ​ត្រូវ​តាម​អក្ខរាវិរុទ្ធ ហើយ​អ៊ឺន​សំឡេង​ទៀត​សោត ​ទោះ​​ជា​ដាក់​ទាប​ឬ​លើក​ខ្ពស់ ក៏​លោក​រក្សា​បាន​នូវ​កម្រិត​សំឡេង​ដដែល​ហាក់​គ្មាន​​ប្រឹង​បង្ខំ​បន្តិច​ណា​ឡើយ ។

ដោយ​សារ​សំឡេង​ទន់​ត្រជាក់​ណែន​ក្រអួន​របស់​លោក ស៊ីន-ស៊ីសាមុត កាន់​តែ​ពីរោះ​ឈ្មោះ​របស់​លោក បាន​កាន់​តែ​លេច​ត្រដែត​ក្នុង​ចំណោម​មហាជន ទើប​នៅ​ដើម​ទសវត្សរ៍ ៥០ លោក​បាន​ត្រូវ​ម្ចាស់​ក្សត្រី កុសុមៈនារីរ័ត្ន សព្វ​ព្រះ​រាជ​ហឫទ័យ​អនុញ្ញាត​​អោយ​លោក​ចូល​ក្នុង​វង់ភ្លេងព្រះរាជទ្រព្យ ដែល​ក្នុង​នោះមាន​លោក សុះ-ម៉ាត់ ដែរ ដើម្បី​សម្តែង​ក្នុង​ពិធី​គារវកិច្ច ក៏​ដូច​ជា​​លៀង​សាយភោជន៍​ផ្សេង ៗ ។ លោក​ស្ថិត​នៅ​ក្នុង​វង់​ភ្លេង​នេះ​រហូត​ដល់​ឆ្នាំ ១៩៧០ ។ ក្រៅ​ពី​ចម្រៀង​សម័យ លោក​ក៏​ច្រៀង​ចម្រៀង​បុរាណ​និង​ប្រពៃណី​ដែរ ដូច​ជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់​ផង​ដែរ ។

នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ ៥០ បទ​វីយ៉ូឡុង​ស្នេហា ដែល​និពន្ធ​ដោយ​តន្រ្តីករ​វីយ៉ូឡុង ហាស់-សាឡន បាន​ជំរុញ​កិត្តិសព្ទ​លោក ស៊ីន-ស៊ីសាមុត អោយ​កាន់​តែ​ល្បី​រន្ទឺ ។ បទ​ចម្រៀង​ល្បី ៗ របស់​លោក ស៊ិន-ស៊ីសាមុត នៅ​សម័យ​នោះ មាន បទ​ ស្រី​ស្រស់​ក្មេង បទ អនុស្សាវរីយ៍​ភ្នំ​ក្រវាញ បទ ចុង​ស្រល់ បទ ថ្ងៃ​ដប់​ពីរ​ធ្នូ បទ កាកី បទ កង្រី បទ ថ្ងៃ​មួយ​កក្កដា បទ សម្រស់​ឆ្នេរ​កែប បទ ស្ទឹង​ពោធិ៍សាត់ និង បទ ព្រែក​ឯង​អស់​សង្ឃឹម ជាដើម ។
ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍ ៦០[កែប្រែ]

នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។

កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថត​ដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់​តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស ​(សំដែងដោយអ្នកស្រី ឌី-សាវ៉េត)​អោយនៅកណ្តោចកណ្តែង។

នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំង​ប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។
ទសវត្សរ៍ ៧០[កែប្រែ]

ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់​តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ-ស៊ីផូ លោក ស្វាយ-សំអឿ លោក ម៉ា-ឡៅពី លោក មែរ-ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់-សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោក​ច្រៀង​បទនិពន្ធដោយលោកវ៉ោយ-ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយ​អ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង​បរទេសមកច្រៀង​ជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ, បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun, បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនា​យ៉ាងជ្រាលជ្រៅទៀតផង។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទ​អោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុត​បានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួង​ក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់​យោធាដោយ​ពាក់​មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ​បានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួក​ខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។
ជីវិតផ្ទាល់ខ្លួន[កែប្រែ]
ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ[កែប្រែ]

លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់​និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។

លោកស៊ីន-ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារ​សម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។

ទោះបីជាលោកស៊ីន-ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។

ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោក​មានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្ត​ឬជួយបង្ហាត់បង្រៀនកូនៗ​ពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។
មិត្តភក្តិ និង ចំណង់ចំណូលចិត្ត[កែប្រែ]

លោកស៊ីន-ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលលោកបាន​សន្យា។ ពេលវេលា ឬតម្លៃដែលបានព្រមព្រៀងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។ លោកមិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះលោកនិយាយមិនដល់១០​ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលលោកគ្មានកម្មវិធីសម្ដែង លោកតែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។ រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។

មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ-សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង-ឌី និងលោក សុះ-ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ-ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ-ស៊ុន។ គេនិយាយថា​លោកស៊ីវ-ស៊ុន ជាលេខារបស់លោកស៊ីន-ស៊ីសាមុត។ លោក ស៊ីវ-ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន-ស៊ីសាមុត។

លោកស៊ីន-ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោក​ផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ លោកតែងហាត់លើកទម្ងន់រាល់ព្រឹក។ ចំណូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅ​រោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ។ លោកមានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកម្រៃ ១៥០០រៀល។ គួរបញ្ជាក់ដែរ ថាតម្លៃគុយទាវនៅសម័យនោះមាន​តម្លៃតែ ៥រៀលប៉ុណ្ណោះក្នុង​១ចាន។ លោកតែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។

លោកមិនមែនជាមនុស្សរើសម្ហូបទេ។ លោកចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ លោកចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ លោកមិនដែលទទួលទានស្រាភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះ​ប៉ះពាល់ដល់ទឹកដមសំឡេងលោក។
កេរ្តិ៍ដំណែល[កែប្រែ]

ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន​កម្ពុជា។ ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា កាសែត និង ស៊ីឌី។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់​ស្ថានីយ៍វិទ្យុនានា។
អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត[កែប្រែ]

បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។
បទឧត្តមដួងចិត្ត លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែល​លោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្ត​ដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែក​ទៅដោយសារខ្វះភក្តីភាពនឹងលោក ។
បទស្លឹកឈើ[១] ជាបទរបស់លោកឧត្តមសេនីយ៍ សាក់-ស៊ុតសាខន តែជាបទដែលលោក ស៊ិន-ស៊ីសាមុត បានល្បីឈ្មោះស្មើនឹងបទសំរោងចុងកាល់របស់លោក ហាស់-សាឡន ដែរ ។
បទចាំជួបរាល់ថៃ្ងលិច[២] ជាបទដែលតែងដោយលោក វ៉ោយ-ហូរ កំពុងតែតាមស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ-ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា ចម្រៀងឥតព្រាងទុក ដែលសម្តែងដោយលោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ
បទពេលរាត្រី ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ គឺលោក ស៊ិន-ស៊ីសាមុត បានច្រៀងរួមជាមួយអ្នកចម្រៀង កែវ-សេដ្ឋា
ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ ដូចជាបទស្តាប់ស្នូរទឹកភ្លៀង, បទលាហើយប៉ារីស, បទអង់តូនីញ៉ែតា, បទម៉ារីណា, បទម៉ាន់ដេ, បទវីយ៉ូឡែត្តា, បទរាត្រីនៅហុងកុង ជាដើម ៘ មានន័យថា ទោះលោកទៅដល់ទីណា នៅក្នុងប្រទេសណាក្តី គឺតែងមានអនុស្សារវីយ៍នាំមកជាមួយជានិច្ច ។

No comments