Header Ads

អត់ទ្រាំយូរហើយ ពេលនេះលេងខ្លាំងៗម៉ង!!! អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ការតវ៉ា​ក្នុងករណី​ អគ្គិសនី...

​ភ្នំពេញ ​៖​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ដែល​បានធ្វើ​សហប្រតិបត្តិការ​ជាមួយ​អង្គការ JICA ជប៉ុន កាលពីពេល​ថ្មីៗ​នេះ ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ការតវ៉ា​ក្នុងករណី​សង្ស័យថា ​គីឡូ​អគ្គិសនី ​ឬ ​ថ្លៃ​អគ្គិសនី​ឡើង​ច្រើន​ខុស​ប្រក្រតី​ ដើម្បី​រក​ភាពត្រឹមត្រូវ​ក៏ដូចជា​បង្កើន​នូវ​ជំនឿ​ចិត្ត​របស់អ្នកប្រើប្រាស់​មកលើ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ផងដែរ​។


​យោងតាម​ផេ​ក​ហ្វេ​ប៊ុ​ករប​ស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះបានឲ្យដឹងថា ​ដើម្បី​ឲ្យ​មាន​តម្លាភាព​ដល់​អ្នកប្រើប្រាស់​អគ្គិសនី​កម្ពុជា​ បានធ្វើ​សហប្រតិបត្តិការជាមួយ JICA ជប៉ុន​ ដើម្បី​រក​ភាពត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា​ គីឡូអគ្គិសនី​ ឬ​ ថ្លៃ​អគ្គិសនី​ ឡើង​ច្រើន​ខុស​ប្រក្រតី​។


​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ពន្យល់ថា​ អគ្គិសនី​ដែល​អ្នកផ្គត់ផ្គង់​លក់​ឲ្យ​អ្នក​ប្រើ​នីមួយៗ តម្រូវ​ឲ្យ​រត់កាត់​នាឡិកា​អគ្គិសនី ​ឬ ​ជញ្ជីង​វាស់​អគ្គិសនី​របស់​អ្នក​ប្រើ​នោះ ដើម្បី​ឲ្យ​នាឡិកា​នោះ​ធ្វើការវាស់វែង​ និង​ កត់ត្រា​ចំនួន​គីឡូ ​(​គ​វ៉​ម៉​)​ ដែល​អ្នកផ្គត់ផ្គង់​បានផ្តល់​ទៅ​ឲ្យ​អ្នក​ប្រើ ដើម្បី​គម្រប់​មួយខែ​គេ​ស្រង់​យក​ចំនួន​គីឡូ​អគ្គិសនី​ដែល​បានផ្តល់​នោះ យកទៅ​ធ្វើ​វិក្កយបត្រ​គិត​ប្រាក់​ថ្លៃ​អគ្គិសនី។ ដូច្នេះ​ទាំង​ចំនួន​ទឹកប្រាក់​ និង ​ទាំង​ចំនួន​គីឡូ​អគ្គិសនី​ត្រឹមត្រូវ ​ឬ​ មិន​ត្រឹមត្រូវ គឺ​ឋិតនៅលើ​ថា តើ​ការវាស់វែង ​និង ​កត់ត្រា​របស់​នាឡិកា​វាស់​នោះត្រឹមត្រូវ​ឬទេ​?។


​អាជ្ញាធរ​អគ្គិសនី​បាន​ពន្យល់​ទៀតថា ​« សូមកុំ​យល់ច្រឡំ​ថា ​ឲ្យ​តែ​ឧបករណ៍​ប្រើ​អគ្គិសនី​របស់ខ្លួន​នៅដដែល គីឡូ​អគ្គិសនី​ដែល​ខ្លួន​ប្រើ​តាម​ខែ​ត្រូវតែ​នៅ​ដដែល​ដែរនោះ ពីព្រោះថា ទោះជាឧបករណ៍ប្រើប្រាស់​នៅ​ដដែល​ក៏ដោយ ចំនួន​គីឡូ ​និង​ ចំនួន​ថ្លៃ​អគ្គិសនី​វា​ប្រែប្រួល​ទៅតាមចំនួន​ម៉ោង​ និង​ ចំនួន​នាទី​ដែល​ឧបករណ៍​នីមួយៗ​បើក​ប្រើ​ (​បើក​ប្រើ​១​ម៉ោង និង​ បើក​ប្រើ​៣ម៉ោង ចំនួន​គីឡូ​ប្រើ​ខុសគ្នា ៣ ដង​)។ ដូច្នេះ​ចង់​ឲ្យ​គីឡូ​ចុះ​តិច​ត្រូវ​បើក​ឧបករណ៍​នីមួយៗ​ឲ្យ​តិចម៉ោង ​និង ​តិច​នាទី​ជាង​មុន​» ។


​ចំណែក​ក្រុមការងារ​ចម្រុះ​រវាង​អាជ្ញាធរ​អគ្គិសនី​ជាមួយ JICA ជប៉ុន នឹង​រួមគ្នា​ធ្វើដំណើរ​ចុះ​តាម​បណ្តាខេត្ត​/​ក្រុងទាំង ២៥ ទូទាំងប្រទេស តាម​កម្មវិធី​ជា​បន្តបន្ទាប់ ដើម្បី​រួមគ្នា​ដោះស្រាយការសង្ស័យ​លើ​គីឡូ​អគ្គិសនី​ ឬ ​លើ​ថ្លៃ​អគ្គិសនី​អស់​ច្រើនរបស់​ប្រជាពលរដ្ឋ ។ ដូច្នេះប្រសិនបើ​សង្ស័យថា ​គីឡូអគ្គិសនី​ ឬ​ ចំនួន​ថ្លៃ​អគ្គិសនី​ឡើង​មិន​ប្រក្រតី អ្នកប្រើប្រាស់​អគ្គិសនីនៅ​តំបន់​ណាក៏ដោយ​អាចបំពេញ​ពាក្យស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​និង ​ក្រុម​ចម្រុះ​យក​ឧបករណ៍​ផ្ទៀងផ្ទាត់​ទៅ​ផ្ទៀងផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នោះ​មើល​ តើ​វា​ដើរ​ត្រឹមត្រូវ​ទេ? ការងារ​នេះ​ធ្វើ​ជូន​ដោយ​មិន​យក​កម្រៃ​ទេ។


​ប្រសិនបើ​ផ្ទៀងផ្ទាត់​រួចហើយ អ្នកនោះ​នៅតែ​សង្ស័យ​មិន​ជឿ​លើ​ការផ្ទៀងផ្ទាត់​របស់​អាជ្ញា​ធរ​អគ្គិសនីកម្ពុជា ឬ​ ក្រុមការងារ​ចម្រុះ​នេះ​ទេ អ្នកនោះ​អាច​ទៅ​ទិញ​នាឡិកា​ណាមួយ​ដែល​អ្នកនោះយល់ថា​ត្រឹមត្រូវ ទោះជា​ទិញ​ពី​កន្លែង​ណា និង ​ប្រទេស​ណាក៏ដោយ អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក។​ល​។ រួច​ស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ឬ ​ក្រុមការងារ​រួម​ខាងលើ យើងខ្ញុំ​នឹងពិនិត្យ​ព្រមទាំង​អនុញ្ញាត​ឲ្យ​ដាក់​នាឡិកា​នោះ​វាស់​ និង​ កត់ត្រា​ទន្ទឹមគ្នា​ជាមួយ​នាឡិកា​ចាស់របស់​អ្នកផ្គត់ផ្គង់​ក្នុង​រយៈពេល ៣​ខែ ដើម្បី​ផ្ទៀងផ្ទាត់​ធ្វើ​សាក្សី​មើល​ទាំងអស់គ្នា​ថា ​តើ​នាឡិកាចាស់​ដែល​អ្នកផ្គត់ផ្គង់​តំបន់​នោះ​កំពុង​ប្រើ វាស់​ខុសពី​នាឡិកា​ដែល​អ្នក​សង្ស័យ​ទិញ​មកនោះទេ។ បើ​ដាក់​វាស់​ទន្ទឹមគ្នា​រួច​ឃើញថា​ វា​ខុសគ្នា​មែន យើងខ្ញុំ​នឹង​រក​ខុសត្រូវ​ជូន​អ្នក​សង្ស័យនោះ​ភ្លាម។


​តាមរយៈ​ផេ​ក​ហ្វេ​ប៊ុ​កបាន​បញ្ជាក់ទៀតថា ​អ្វីៗ​ខាងលើនេះ និង​ កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ JICA ខាងលើនេះ គឺជា​បង្ហាញ​នូវ​តម្លាភាព​កាន់តែ​ធំ និង​ បង្ហាញថា ​កិច្ច​ការរក​ភាពត្រឹមត្រូវ​នៃ​ការសង្ស័យគីឡូ​អគ្គិសនី ​ឬ ​ថ្លៃ​អគ្គិសនី​អស់​ច្រើន ដែល​អាជ្ញាធរ​អគ្គិសនី​កម្ពុជាធ្វើ​ពីមុនមក ទោះជាអ្នកបច្ចេកទេស​ជប៉ុនក៏​គេ​ត្រូវធ្វើ​ដូចគ្នា​ចឹ​ង​ដែរ រួច​បង្ហាញថា​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​បើកទូលាយ​ជាង​ជប៉ុន​ទៅទៀត​៕​
















No comments