Header Ads

ព្រះជាម្ចាស់អើយ មិនមែន១ទេគឺ៤៣កន្លែង!!! អាជ្ញាធរបិទអាជីវកម្មទាំងស្រុង​ ទីតាំផលិតស្ករត្នោតក្លែងក្លាយ

ខេត្តតាកែវ៖ បន្ទាប់ពីបែកធ្លាយព័ត៌មាន ភាពមិនប្រក្រតី នៃការផលិតស្ករត្នោតក្លែងក្លាយ ជាច្រើនកន្លែង នៅក្នុងភូមិសាស្ត្រស្រុកបាទីរួចមក នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះដោយលោកឈួ សុធា អភិបាលរងខេត្ត បានចុះប្រតិបត្តិការផ្អាកទីតាំងអាជីវកម្មផលិតស្ករត្នោតក្លែងក្លាយ សរុបចំនួន៤៣កន្លែង នៅក្នុងឃុំចំនួន៣ គឺឃុំលំពង់ ឃុំត្រពាំងសាប និងឃុំកុមាររាជា ក្នុងស្រុកបាទី។


បើតាមប្រភពពីអាជ្ញាធរខេត្តតាកែវ ដែលចុះប្រតិបត្តិការបិទ ទីតាំងផលិតស្ករត្នោត ក្លែងក្លាយដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា អាជ្ញាធរខេត្ត បានបើកកិច្ចប្រជុំមួយ ពិភាក្សាសម្រេចបិទអាជីវកម្មផលិតស្ករត្នោតក្លែងក្លាយទាំង៤៣កន្លែង ខាងលើមួយរយៈសិន ដើម្បីទុកពេលឱ្យក្រសួងជំនាញសម្រេចថា គួរអនុញ្ញាតច្បាប់ ឬក៏អត់ ហើយក្នុងអំឡុងពេលផ្អាកនេះ គឺមិនអនុញ្ញាតឱ្យមានការផលិតស្ករត្នោតនេះដាច់ខាត ហើយប្រសិនបើនៅតែមានអ្នកលួចលាក់ផលិត អាជ្ញាធរនឹងចុះចាត់វិធានការតាមផ្លូវច្បាប់តែ​ម្តង ដោយយោងថា ទីតាំងទាំងនោះបានផលិតស្ករត្នោតក្លែងក្លាយ គ្មានបទដ្ឋានត្រឹមត្រូវ និងប្រើប្រាស់សារជាតិគីមី អាចធ្វើឱ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់។ ជាពិសេសនោះ ការផលិតស្ករត្នោតក្លែងក្លាយ ធ្វើឱ្យប៉ះពាល់ដល់ស្ករត្នោតរបស់ខ្មែរ ដែលល្បីលើកឆាកអន្តរជាតិ។


គួរបញ្ជាក់ថា ការចុះបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំង៤៣កន្លែង ក្នុងភូមិសាស្ត្រស្រុកបាទី ខាងលើនេះ ធ្វើឡើងក្រោយពីលោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការព្រមានឱ្យប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តតាកែវ ធ្វើលិខិតលាឈប់ពីតំណែងទៅ បើគ្មានសមត្ថភាពបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងនោះ។


សូម​រម្លឹកក​ថា ​កាលពី​ថ្ងៃ​ទី០​៦ ខែកក្កដា ឆ្នាំ​២០១៦ ​កន្លង​ទៅ​នេះ ក្រោយ​បែកធ្លាយ​ព័ត៌មាន​ករណី​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​ឧស្សាហកម្ម និង​អាជ្ញាធរ​ស្រុក​បាទី បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​សិប្បកម្ម ផលិត​ស្ករត្នោត​ចំនួន ​២៥​ទីតាំង ដែល​ស្ថិត​នៅ​ក្នុងភូមិ​លំពង់ ឃុំ​កុមា​រាជា ស្រុក​បាទី ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ ​បាន​បង្ហាញ​ថា ស្ករត្នោត​នេះ គឺ​បាន​កែ​ច្នៃ​ពី​ស្ករស ធ្វើ​ជា​ស្ករត្នោត ដែល​អាច​សន្និដ្ឋាន​បាន​ថា ជា​ស្ករត្នោត​ក្លែងបន្លំ​វត្ថុធាតុដើម រហូតមកដល់ព្រឹកមិញនេះ ពិនិត្យទៅឃើញមានដល់ទៅ៣៥​ទីតាំង ។


ទីតាំងសិប្បកម្មផលិតស្ករត្នោត កែច្នៃពីស្ករ-សមកជាស្ករត្នោត ដោយមានវត្ថុធាតុផ្សំដូចជា៖ ស្ករស ទឹក ប្រេង​​ឆា អំបិលលាយជាមួយវត្ថុផ្សេងៗផលិតចេញជាស្ករតោ្នត ។ មន្ត្រីជំនាញសាខា​កាំកុងត្រូល​ខេត្តបានបញ្ជាក់ថា ការផលិតស្ករត្នោត កែច្នៃពីស្ករ-សមកជាស្ករត្នោតនេះវា គ្មានស្ដង់ដា គ្មានអនាម័យ ស្របតាមបទដ្ឋានបច្ចេកទេស ស្ដីពី សុវត្ថិភាពចំណីអាហារ ៕























No comments