Header Ads

តើ សានតា ក្លូស ឬ លោកតា​ណូអែល គាត់ធ្វើអ្វីគេខ្លះនៅថ្ងៃបុណ្យ ណូអែល (Christmas) (មានវីដេអូ)

ពិធី បុណ្យណូអែល ដែលគេនាំគ្នាប្រារព្វជារៀងរាល់ឆ្នាំនេះ យកលំនាំតាមបែបអាមេរិកាំង និងជាបុណ្យ​សាំង នីកូឡា (saint Nicolas) តាមបែបអ៊ឺរ៉ុប។ នៅអាមេរិក «លោកតាណូ​អែល»មានឈ្មោះថា «សានតា ក្លូស (Santa Claus - ឈ្មោះ​ហៅតាម សំនៀងរបស់ជនជាតិហូឡង់)» ហើយបានចេញជារូបរាងឡើង នៅ​សតវត្ស​ទី១៩។ នៅ​​បារាំង គេទើបនឹងចាប់​ផ្ដើមនិយាយខ្លាំង ពី«លោកតាណូអែល» នៅកណ្ដាលសតវត្ស​ទី២០​ប៉ុណ្ណោះ។ ការងារ​​​របស់ «សានតា ក្លូស ឬ លោកតា​ណូអែល» គឺគាត់ដើរចែកអំណោយ ទៅគ្រប់កូន​ក្មេង​ណា​ដែល​ស្លូត​បូត ត្រឹម​ត្រូវ នៅក្នុង​​រាត្រី​បុណ្យ​ថ្ងៃទី២៤ ចូលមក​ថ្ងៃ​ទី២៥ ខែធ្នូ។


«លោកតាណូអែល» ក៏ត្រូវបានគេប្រារព្វ យករូបរាងតាម ជូលេនីស (Julenisse) មនុស្សតូចល្អិតមាន​ពុក​មាត់​ស ពាក់​មួកវែងស្រួចចុង របស់​ជនជាតិ​អ៊ឺរ៉ុបខាងជើង (ស៊ុយអែដ និងណ័រវេស) ដែលដើរយកអំណោយ អោយ​​កូនក្មេង នៅពេល​បុណ្យ កណ្ដាលរដូវធ្លាក់ទឹកកក។


តែបើទោះជាការនិទានតៗគ្នា មានយ៉ាងច្រើនសម្បូរបែប ពីរូបរាង«លោកតាណូអែល» យ៉ាងណាក៏ដោយ ក៏ពេលនេះ គេបានចាត់​ទុក​ជា​ទូទៅ​​ថា​«លោកតាណូអែល» ជាមនុស្ស​ចាស់​ចិត្ត​ល្អ​ម្នាក់ មានពុកមាត់សរវែង ស្លៀកពាក់ខោអាវក្រាស់ ពណ៌​ក្រហម និងមាន​ជាយពណ៌ស។ គាត់រស់នៅតំបន់ខាងជើងនៃផែនដី គ្រប​ដណ្ដប់​ដោយ​ព្រិល និងដើរចែក​អំណោយ​​​ឲ្យ​​ដល់​ក្មេងៗ។ «លោកតាណូអែល» មានយានជំនិះមួយ អាចហោះបាន និងចូលចែក​អំណោយ​​ តាម​បំពង់​​ផ្សែងនៃចង្ក្រាន​កម្ដៅ តាម​ផ្ទះនីមួយៗ។


ចំពោះ​ថ្ងៃទី២៥ ខែធ្នូនេះ វាជាការកំណត់ផ្សេងមួយទៀត ដើម្បីរំលឹកពីថ្ងៃចាប់កំណើតព្រះយេស៊ូ គ្រឹស្ដ៍ ដោយ​​យោង​ទៅលើអត្ថបទសរសេរទុក នៅ​ក្នុង​ព្រះគម្ពី អេវ៉ង់ជីល ( Évangiles) របស់បុព្វជិក លុច និង ម៉ាទីជើ។ ប៉ុន្តែថ្ងៃនេះ មិនមាន​ទំនាក់ទនងអ្វីនឹងរូបរាងតំណាងរបស់«លោកតាណូអែល» ដែល​បើតាមការរៀបរាប់ខាងលើ ជា​ពិធីបុណ្យដែល​ត្រូវបានប្រារព្ធ នៅ​មុន​ថ្ងៃ​ទី២៥ ខែធ្នូនោះឡើយ។


នៅពេលបច្ចុប្បន្ន មានប្រទេសជាច្រើនផ្សេងទៀត ដែលមិនមានទំនៀមទំលាប់បែបសាសនាគ្រឹស្ត៍ ដូចយ៉ាង​ប្រទេស​ចិន ថៃ ឬកម្ពុជាជាដើម បានកំណត់យកថ្ងៃទី ២៥ធ្នូ ដើម្បី​ធ្វើបុណ្យ «សានតា ក្លូស» ឬ«សាំង នីកូឡា» ឬ«លោកតា​ណូអែល» ហើយ​ពួកគេ​បាន​តុបតែងផ្ទះសម្បែង ឬទីក្រុង ដើម្បីជាឱកាស ចែកចាយ​អំណោយ ឬរង្វាន់​ទៅ​ឲ្យ​ផងគ្នា បរិភោគអាហារ​ឆ្ងាញ់ៗ ជា​លក្ខណៈ​សប្បាយជួបជុំគ្រួសារ៕


































No comments