Header Ads

អតីត​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា CNRP ត្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ បើមិនដូចនេះទេនឹងត្រូវ...

ភ្នំពេញ៖ ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ហើយ​បាន​សម្រេច​ឲ្យ​អតីត​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា ឃុំ សង្កាត់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បញ្ចប់​ការងារ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​គោលបំណង​ដើម្បី​ផ្ទៀងផ្ទាត់​ទ្រព្យសម្បត្តិ​មុន និង​ក្រោយ​បញ្ចប់​ការងារ​របស់​ពួកគេ​។


ការ​ជូន​ព័ត៌មាន​នេះ​សំដៅ​ដល់​បុគ្គល​ក្នុង​តំណែង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ដែល​ធ្លាប់​ជាប់​នៅ​ក្នុង​បញ្ជី​ប្រកាស​ទ្រព្យសម្បត្តិ​។

យោង​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​មាត្រា ១៧ ចែង​ថា​មន្ត្រី​រាជការ និង​សង្គម​ស៊ីវិល​ដែល​ក្នុង​នោះ​រួមមាន​ទាំង​ «​មន្ត្រី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើសតាំង​» ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ខ្លួន​រៀងរាល់ ២ ​ឆ្នាំ​ម្តង​»​។


ច្បាប់​ដដែល​ក្នុង​មាត្រា ១៨ បាន​បញ្ជាក់​ថា​៖ «​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​លើក​ដំបូង​ត្រូវ​អនុវត្ត​ធ្វើ ៣០ ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​ចូល​កាន់​មុខ​តំណែង​» ​ហើយ​ «​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចុងក្រោយ​ត្រូវ​ធ្វើ ៣០ ថ្ងៃ​យ៉ាង​យូរ​មុន​ពេល​ចាកចេញ​ពី​មុខ​តំណែង​។ ក្នុង​ករណី​មិន​អាច​ធ្វើការ​ប្រកាស​មុន​ពេល​ចាកចេញ​ពី​មុខ​តំណែង​បាន​ដោយ​មូលហេតុ​មាន​ការ​ដកហូត​មុខ​​តំណែង​ត្រូវ​ប្រកាស​យ៉ាង​យូរ ៣០ ថ្ងៃ​ក្រោយ​ការ​ចាកចេញ​ពី​មុខ​តំណែង​»​។


ប៉ុន្តែ​អតីត​មេឃុំ ចៅសង្កាត់ ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ថ្លែង​ថា ពួកគាត់​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ទេ​។

លោក ចេង ប៊ុនឃៀង ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និយាយ​ថា​ការ​ជូន​ដំណឹង​បាន​ធ្វើ​រួច​ហើយ ហើយ​ក៏​មាន​មន្ត្រី​មួយ​ចំនួន​បាន​ផ្ញើ​លិខិត​ប្រកាស​ទ្រព្យសម្បត្តិ​មក​ហើយ​ដែរ​។


លោក​ថ្លែង​ថា​៖ «​ផ្អែក​តាម​កាតព្វកិច្ច​គឺ​បន្ទាប់ពី​គាត់​បាន​ចាកចេញ​ពី​តំណែង​គឺ​យើង​អនុវត្ត​ទៅ​តាម​ច្បាប់​។ ប៉ុន្តែ​រយៈពេល​កំណត់​មែនទែន យើង​រង់ចាំ​ការ​កំណត់​ពី​ថ្នាក់ដឹកនាំ​សិន​។ យោង​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​គឺ​មាន​រយៈពេល ៣០ ថ្ងៃ​ក្រោយ​ពេល​គាត់​ចាកចេញ​ពី​តំណែង​។ គាត់​ប្រកាស​នៅ​តាម​ស្ថាប័ន​សាម៉ី​ខ្លួន​ហើយ​នីតិវិធី​នៃ​ការ​ផ្ញើ​គឺ​តាមរយៈ​ជន​បង្គោល​ប្រចាំ​ស្ថាប័ន​គាត់​ផ្ទាល់​តែ​ម្តង​»​។


យោង​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ជំពូក ៦ មាត្រា ៣៨ ចែង​ថា​៖ «​ជន​ណា​ដែល​មិន​បាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​​ ឬ​បាន​ប្រកាស​មិន​ត្រឹមត្រូវ​នូវ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទៅ​តាម​បទប្បញ្ញត្តិ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ខែ ទៅ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​សែន​រៀល​ទៅ​ ២ ​លាន​រៀល​ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។ ករណី​រឹងរូស​មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទៀត​ត្រូវ​ផ្តន្ទាទោស​ទ្វេដង​»​។


អតីត​មេឃុំ ចៅសង្កាត់ ២ រូប​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ពួកគេ​មិន​បាន​​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​ឡើយ ដោយសារ​តែ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​។

លោកស្រី​ យឹម ផល្លី អតីត​ចៅសង្កាត់​គោកចក​នៅ​ក្នុង​ក្រុង​សៀមរាប​ខេត្ត​សៀមរាប​ថ្លែង​ថា​៖ «​កាល​ជាប់​ភ្លាម ខ្ញុំ​ប្រកាស​ហើយ​តើ​។ តែ​ក្រោយ​រំលាយ​អត់​ទាន់​បាន​ទទួល​ដំណឹង​ផង​។ ឥឡូវ​ខ្ញុំ​អត់​ដែល​ទៅ​សាលា​​សង្កាត់​ផង ព្រោះ​អត់​មាន​តួនាទី​អី​ទេ យើង​សព្វ​ថ្ងៃ​ជា​ប្រជាពលរដ្ឋ​ធម្មតា​។ ទាល់​តែ​គេ​ហៅ​យើង​ទៅ​យក​ឯកសារ​ប្រឆាំង​អំពើ​ពុករលួយ​បាន​យើង​ទៅ​យក​មក​បំពេញ តែ​បើ​គេ​​អត់​ហៅ​យើង​ម៉េច​ដឹង​»​។


លោក ប៉ែន ឡាម អតីត​មេឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា​លោក​មិន​ដឹង​ថា​មេឃុំ​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​ពេល​ចប់​តំណែង​ទេ ហើយ​លោក​ថា​លោក​មាន​ការ​ព្រួយបារម្ភ​ពី​ការ​ដាក់​ទោសទណ្ឌ​។ «​ខ្ញុំ​ឈឺ​អត់​បាន​ចូល​សាលាឃុំ ខាង​ឃុំ​អត់​មាន​បាន​ជូន​ដំណឹង​ទេ​។ ពី​មុនៗ​គេ​យក​ក្រដាស​មក​ឲ្យ​ហើយ​យើង​ធ្វើ​ឲ្យ​ភ្លាម​។ យើង​បារម្ភ​ដែរ តែ​យើង​អត់​ធ្វើ​ទាំងអស់​គ្នា​ព្រោះ​អត់​ដឹង​។ យើង​រង់ចាំ​ការ​ជូន​ដំណឹង​»​។


ចំណែក​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ​អតីត​ចៅសង្កាត់​អូរចារ ក្នុង​ក្រុង​បាត់ដំបង​បាន​ថ្លែង​ថា​កញ្ញា​មិន​ចាំបាច់​ប្រកាស​ទេ​ដោយសារ​កញ្ញា​ធ្លាប់​បាន​ប្រកាស​ម្តង​រួច​ហើយ​កាល​នៅ​ជា​ចៅសង្កាត់​រង​ទី ២ ហើយ​មុន​ពេល​ឈរ​ឈ្មោះ​កញ្ញា​បាន​​ប្រកាស​ម្តង​ទៀត​រួច​ហើយ​។


លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ថ្លែង​ថា​លោកស្រី​នឹង​សហការី​លោកស្រី​បាន​ប្រកាស​រួចរាល់​ហើយ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​៕














No comments