Header Ads

ចង់ទៅលេងដល់ហើយ!!! តម្លៃសំបុត្រចេញផ្លូវការណ៍ហើយ នៃសួនសត្វធំជាងគេនៅកម្ពុជា ហើយអាចទៅលេងបានអំឡុង​ខែ​មេសា​នេះ

សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទី​មួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សាហ្វារី នឹង​ចាប់​បើក​ដំណើរការ​ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត នឹង​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ក្នុង​អំឡុង​ខែ​មេសា​នេះ​ហើយ។ ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ទាំង​ភ្ញៀវជាតិ និង​អន្តរជាតិ ត្រឹម​តែ​១០​ដុល្លារ ឬ​ស្មើ​នឹង​ ៤​ម៉ឺន​រៀល​ប៉ុណ្ណោះ។ ក្នុង​នោះ​មាន​ការ​ផ្ដល់​ជូន​យ៉ាង​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក និង​មិន​ចាញ់​សួនសត្វ​ធំៗ​លើ​ពិភពលោក​ឡើយ។ នេះបើតាមការបញ្ជាក់របស់ ​លោក រឿង​ សុវណ្ណនីកា ដែលជំនួយ​ការ​គ្រប់គ្រង​នៃសួនសត្វមួយនេះ។


ភ្ញៀវ​អាច​ចូល​ទស្សនា​ចាប់​ពី​វេលា​ម៉ោង ៩​ព្រឹក​តទៅ ហើយ​មាន​ការ​សម្ដែង​ Show ពិសេសៗ​ពី​សត្វ​ជា​ច្រើន​ប្រភេទ​ដូចជា៖ ការ​សម្ដែង​របស់​ត្រី​ដូហ្វីន ក្រពើ ដំរី ស្វា ខ្លា តោ និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត ដែល​សុទ្ធ​សឹង​តែ​ឆ្លង​កាត់​ការ​បង្វឹក​យ៉ាង​ពិសេស។ បន្ថែម​លើ​ពី​នោះ​ទៀត​ភ្ញៀវ​ទេសចរ​អាច​ជិះ​ទូក​លេង​កម្សាន្ត​ទស្សនា​ទេសភាព ​ដ៏​ស្រស់​បំព្រង​ថែម​ទៀត​ផង។


គួរបញ្ជាក់ឡើងវិញផងដែរថា កន្លងទៅ លោក Jare. Khan Man អ្នក​គ្រប់គ្រង​ទូទៅ សួនសត្វ ភ្នំពេញ សាហ្វារី ក៏ធ្លាប់បានប្រាប់ឲ្យដឹងខ្លះៗផងដែរថា សួន​សត្វ​​នេះ បាន​វិនិយោគ​សាងសង់​ក្នុង​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក។ សួន​សត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ សាងសង់​នៅ​លើ​ផ្ទៃ​ដី​ជាង ៦០​ហិកតា ក្នុង​ជំហាន​ទី១ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​រចនាបថ​ដ៏​សម្បូរ​បែប​លំនាំ​តាម​សម័យ​អង្គរ ទាំង​ក្នុង​និង​ក្រៅ អម​ជាមួយ​នឹង​ព្រៃឈើ​រាប់​សិប​ហិកតា ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​សម្រាក​លំហែ​កាយ។


សួន​សត្វ​ដ៏​ធំ​មួយ​នេះ អភិវឌ្ឍ​សាងសង់​ដោយ​ឯកឧត្តម​ អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ។


ចំពោះលក្ខណៈ​ពិសេស​របស់​សួន​សត្វ ភ្នំពេញ សាហ្វារី ចែកចេញ​ជា​បួន​តំបន់​សំខាន់ៗ មាន​ដូចជា ទី១ កន្លែង​សម្តែង​សត្វ​ខ្លា ទី២ កន្លែង​សម្តែង​សត្វ​ក្រពើ ទី៣ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​ទី៤ កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។ ក្រៅពី​បួន​ទីតាំង​សំខាន់ៗ​ខាង​លើ​នេះ នៅ​មាន​កន្លែង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ទស្សនា ហើយ​ក៏​មាន​សួន​ទឹក​សម្រាប់​ជិះ​ទូក​កម្សាន្ត មាន​រថភ្លើង​ជិះ​មើល​សត្វ និង​កន្លែង​ក្មេង​លេង​ផង​ដែរ។


នៅពេល​ដែល​សួន​សត្វ​ដ៏​ធំ​នេះ​ដំណើរការ​ជា​ផ្លូវការ​វា​មិន​ត្រឹម​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ក្រៅ​ប្រទេស មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ដោយសារ​តែ​វា​ជា​សួន​សត្វ​ធំ​ទី១​នៅ​ភ្នំពេញ។ បច្ចុប្បន្ន សួន​សត្វ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជា​ច្រើន​ទាក់ទងមក ដើម្បី​នាំ​​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​សួន​សត្វ​នេះ​ផង​ដែរ៕



























No comments