Header Ads

ម្ចាស់​ហាង​កាហ្វេ​មួយកន្លែងអាចជាប់គុក ព្រោះអ្នករត់​តុ​២​នាក់​គ្មាន​សម្លៀក​បំពាក់ (មានវីដេអូ)

ប៉ូលិស​ថៃ កំពុង​ពិចារណា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លើ​ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង​ឈ្មោះ "Coffee On Day" នៅ​ក្នុង​ស្រុក Sattahip ខេត្ត​ឈុនបុរី បន្ទាប់​ពី​មាន​ការ​បង្ហោះ​វីដេអូ និង​រូបភាព​របស់​ស្ត្រី​រត់​តុ​២​នាក់​គ្មាន​សម្លៀក​បំពាក់។


វីដេអូ​ និង​រូបភាព​ស្រាត​របស់​ស្ត្រី​ជា​អ្នក​រត់​តុ​ដ៏​សិចស៊ី​នេះ ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ពាក្យ​រិះគន់​ជា​ច្រើន​ផង​ដែរ។ លោក Thanachai Usahakit វរសេនីយ៍ឯក​ប្រចាំ​តំបន់ Plu Ta Luang ស្រុក Sattahip និយាយ​ថា មន្ត្រី​ប៉ូលិស​បាន​កោះហៅ​ម្ចាស់​ហាង និង​អ្នក​​រត់​តុ​ទៅ​ធ្វើ​របាយការណ៍​ហើយ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។


លោក​វរសេនីយ៍​ឯក បន្ត​ថា រូបភាព​អាក្រាត​នេះ​ត្រូវ​ចាត់ទុក​ជា​ការ​រំលោភ​បំពាន​ច្បាប់​អ៊ីនធឺណិត​របស់​ប្រទេស ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នេះ​អាច​​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ និង/ឬ​ពិន័យ​ជា​ប្រាក់ ១០​ម៉ឺន​បាត (ជាង​៣ពាន់​ដុល្លារ​អាមេរិក)។


លោក Prasong Sukkorn ដែល​ជា​ម្ចាស់​ហាង​កាហ្វេ Coffee On Day បាន​ឲ្យ​ដឹង​ថា លោក​បង្ហោះ​វីដេអូ និង​រូបភាព​ទាំង​នេះ​ដើម្បី​ធ្វើ​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ មិនមែន​ចង់​បំពុល​សង្គម​នោះ​ទេ។ លោក​បញ្ជាក់​ទៀត​ថា គំនិត​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​យ៉ាង​ដូច្នេះ គឺ​កើត​ចេញ​ពី​តារា​ម៉ូដែល​ម្នាក់ ដែល​លោក​បាន​ពឹង​ពាក់។


បើ​ទោះ​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី លោក Thanachai Usahakit នៅ​តែ​បញ្ជាក់​ថា៖ "ទោះ​ម្ចាស់​ហាង​និយាយ​ថា លោក​គ្មាន​បំណង និង​លុប​វីដេអូ ក៏​ដូចជា​រូបភាព​ចេញ​ក៏​ដោយ បទ​ល្មើស​គឺ​បាន​ប្រព្រឹត្ត​រួច​បាត់​ទៅ​ហើយ"៕
























No comments