Header Ads

ក្តៅៗ!!! ប្រទេសហ្គាំប៊ីផ្ញើសារសុំទោសថៃហើយ រឿង "ចង់​រក​សេវាកម្ម​សិច អ្នក​គួរ​ទៅ​លេង​នៅ​ប្រទេស​ថៃ" ដោយបញ្ជាក់ថា...(មានវីដេអូ)

នាព្រឹក​ថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨ មានព័ត៌មានចិន ស៊ីនហួរ បានចុះផ្សាយឲ្យដឹងថា ក្រសួង​ការបរទេស​ហ្គាំប៊ី បានចេញលិខិត​សុំអភ័យទោស​មួយច្បាប់ ជូនដល់​ប្រទេសថៃ បន្ទាប់ពីរដ្ឋមន្ត្រី​វប្បធម៌ និងទេសចរណ៍​របស់ខ្លួន គឺលោក ហាម៉ាត់ បាហ៍ (Hamat Bah) បានលើកឡើង​ដោយសំដៅទៅដល់​ប្រទេសថៃថា ជាគោលដៅ​​នៃទេសចរណ៍​ផ្លូវភេទ​​នោះ។ ​


សេចក្តីថ្លែងការណ៍​ នៃរដ្ឋាភិបាល​​ប្រទេសអាហ្វ្រិក​ខាង​លិចមួយនេះ បានបញ្ជាក់​​ច្បាស់ៗ​​យ៉ាង​ដូច្នេះថា «ប្រទេសហ្គាំប៊ី​ពិតជាសោកស្តាយ នូវការលើកឡើង​ដោយអចេតនា ដែលត្រូវ​បានធ្វើ​ឡើងដោយ​រដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍។ ការលើកឡើង​របស់រដ្ឋមន្ត្រី​រូបនេះ គឺមិនមែន​ជាជំហរពិតប្រាកដ នៃរដ្ឋាភិបាលហ្គាំប៊ី​នោះឡើយ»។


គួរបញ្ជាក់ឡើងវិញផងដែរថា មានសារព័ត៌មានបរទេសមួយឈ្មោះ coconuts.co ដែលបានចុះផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយ គឺលោក Hamat Bah រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​ហ្គាំប៊ី បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ទេសចរ​បរទេស​ដែល​មាន​បំណង​មក​កម្សាន្ត ដើម្បី​ស្វែង​រក​សេវាកម្ម​ផ្លូវ​ភេទ មិន​គួរ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​របស់​លោក​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រាប់​​ទេសចរ​ថា គួរ​ទៅ​លេង​នៅ​ប្រទេស​ថៃ បើ​ចង់​ជាវ​សេវាកម្ម​យ៉ាង​ដូច្នេះ។


ក្នុងនោះផងដែរ លោក Bah ក៏បានបន្តទៀតថា "ប្រសិន​បើ​អ្នក​ចង់​រក​សេវាកម្ម​សិច អ្នក​គួរ​ទៅ​លេង​នៅ​ប្រទេស​ថៃ។ ហ្គាំប៊ី​មិន​មែន​ជា​កន្លែង​ផ្ដល់​សេវាកម្ម​សិច​ទេ។ ហើយយើង​ក៏ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្គាំប៊ី​ត្រូវ​ចងចាំ​នូវឃ្លា​នេះ​ឲ្យ​ច្បាស់ផងដែរ។ យើង​មិន​អាច​ទ្រាំ​មើល​ប្រទេស​នេះ​ឈាន​ដល់​ដំណាក់​កាល​ដូច្នេះ​ទេ។ យើង​ត្រូវ​ការពារ និង​អភិរក្ស​ប្រទេស​នេះ"។


បន្ទាប់ពី​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ខាងលើនេះហើយ ក្រសួង​ការបរទេស​ថៃ បាន​ផ្ញើ​លិខិត​តាម​ស្ថាន​ទូត​ខ្លួន​នៅ​ប្រទេស​សេណេហ្គាល់ ដោយស្ថានទូតមួយ​នេះ​ក៏មាន​បេសកកម្ម​ទំនាក់​ទំនង​ជាមួយ​ប្រទេសហ្គាំប៊ី​ផងដែរ ព្រមទាំងបាន​បញ្ជាក់​ពីភាព​មិន​ពេញចិត្ត ពីការ​លើកឡើង​របស់​រដ្ឋមន្រ្តី​ទេសចរណ៍​ប្រទេសហ្គាំប៊ី​នោះ​ទេ។ ក្រសួង​ការបរទេស​ថៃ បាន​ហៅការ​និយាយ​បែប​នេះ ថា​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​រូបភាព​ទេសចរណ៍​ថៃ។


ក្នុងនោះផងដែរ នាយក​រដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏បាន​លើក​ឡើង​កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ២០១៨ កន្លង​ទៅ​ថា ប្រទេស​ថៃ ត្រូវតែ​ផ្លាស់ប្តូរ​រូបភាព​នៃ​ទិសដៅ​ទេសចរណ៍​សិច។ លោកក៏បាន​ទទួល​ស្គាល់​ផងដែរថា មនុស្ស​មួយ​ចំនួន​បាន​ប្រកប​មុខ​របរ​នេះ ដើម្បី​ជីវភាព​រស់នៅ។ ដូច្នេះ​រដ្ឋាភិបាល ត្រូវ​ជួយ​ដោះស្រាយ​ទាំងការ​រក​ការងារ​ធ្វើ និង​ចំណូល​របស់​ពួកគេ ហើយ​ត្រូវ​មើល​ថាតើ​ពួកគេ​ពេញចិត្ត​នឹង​ផ្លាស់ប្តូរ​មុខ​របរ​ផ្លូវភេទ​នេះ​ដែរ​ឬទេ។ លោក​បន្ថែម​ថា មាន​អ្នកខ្លះ បាន​សម្រេច​ចិត្ត​ប្រកប​ការងារ​នេះ ដើម្បី​យកលុយ​ទៅទិញ​ទំនិញ​ប្រណីត​ៗ។ លោកបាន​លើកឡើង​ពីការ​ជំរុញ​គុណភាព​ទេសចរណ៍ នៅក្រុង​ប៉ាតាយ៉ា និង​តំបន់​ទេសចរណ៍​ផ្សេងទៀត ដោយ​ការ​ផ្លាស់ប្តូរ​នូវ​រូបភាព​ទេសចរណ៍​សិច​នេះ​ចេញ៕






























No comments