Header Ads

ពេលបានអានប្រត្តិពិតរបស់ តារា​កំប្លែង នាយ ក្រឹម និងកូនរបស់គាត់ទាំងបួននាក់ហើយ បានដឹងថាអស្ចារ្យមែន (មានវីដេអូ)

ការប្រើ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​នៅ​លើ​វិថី​សិល្បៈ ទស្សនិក​ជន​បាន​ស្គាល់​តារា​កំប្លែង​ជើង​ចាស់​​ឈរ​លំដាប់​កំពូល​ជា​ច្រើន​ជំនាន់​នាយ ក្រឹម ត្រឹម​តែ​ភាព​ក្រមិច​ក្រមើម​កំប្លុក​កំប្លែង​នៅ​លើ​ឆាក​ប៉ុណ្ណោះ តែ​បើ​មុជ​ឲ្យ​ជ្រៅ​ជាង​នេះ ទើប​ដឹង​ថា តារា​កំប្លែង​​រូប​នេះ​​បាន​ប្រើ​ជីវិត​ជា​អ្នក​កំប្លែង​ក្នុង​ការ​ជំរុញ និង​​បណ្តុះ​កូន​ខ្លួន​ឲ្យ​ទទួល​បាន​ការ​សិក្សា​ថ្នាក់​ខ្ពស់​សុទ្ធ​តែ​សាលា​អន្តរជាតិ ហើយ​កូន​របស់​នាយ​ក្រឹម ម្នាក់​បាន​ទទួល​សញ្ជាតិ​អាមេរិក។


ដោយ​ក្តី​ស្រឡាញ់​អាជីព​សិល្បៈ​កំប្លែង ឆ្លង​កាត់​ការ​ប្រឡង​ជា​ច្រើន​ដំណាក់​កាល ទី​បំផុត​លោក អ៊ូ ប៊ុនណ្ណា​រ៉ាត់ ដែល​លោក​អ្នក​ស្គាល់​ច្បាស់​ត្រឹម​តែ​ឈ្មោះ​ក្រៅ​ថា «​នាយ​ក្រឹម​» នោះ បាន​ហក់​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​១៩៨២។

តើ​ប្រវត្តិ​ពិត​របស់​តារា​កំប្លែង​រូប​នេះ​យ៉ាង​ណា? តើ​លោក​មាន​អាថ៌​កំបាំង​អ្វី​ខ្លះ​ក្នុង​គ្រួសារ?


ទោះ​បី​ជា​បច្ចុប្បន្ន លោក អ៊ូ ប៊ុន​ណ្ណា​រ៉ាត់ ហៅ​នាយ​ ក្រឹម រស់​នៅ​ក្នុង​ភូមិ ទួលគោក សង្កាត់ ទួល សង្កែ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ ក៏​ដោយ​ តែ​លោក​មិន​មែន​ជា​អ្នក​មាន​កំណើត​នៅ​ភ្នំពេញ​ទេ។ នាយ​ក្រឹម​ កើត​នៅ​ថ្ងៃ​ទី១៣ កុម្ភៈ ឆ្នាំ​១៩៦១ លោក​ជា​អ្នក​ភូមិ​ថ្មី សង្កាត់ តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

នាយ​មាន​ឪពុក​ឈ្មោះ អ៊ូ ប៉ុន អតីត​វេជ្ជបណ្ឌិត​ផ្នែក​រោគ​សរសៃ ប្រសាទ​នៅ​មន្ទីរពេទ្យ​ជ័យ ជម្នះ ក្រុង​តាខ្មៅ (ស្លាប់​ក្នុង​របប​ប៉ុលពត) រី​ឯ​ម្ដាយ​ឈ្មោះ ម៉ី ថុន អាយុ ៧៣ ឆ្នាំ រស់នៅ​សហរដ្ឋ​អាមេរិក។


នាយ​ក្រឹម​ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ​ដ៏​ធំ​មួយ​ដែល​មាន​បង​ប្អូន​ចំនួន​ ១២​ នាក់​ (ប្រុស ៥ ស្រី ៧)។ បង​ប្អូន​របស់​លោក ​បច្ចុប្បន្ន​នៅ​រស់​ ៥ នាក់ ស្លាប់ ៣ និង​បាត់​ខ្លួននៅ​ក្នុង​របប​​ខ្មែរ​ក្រហម​ចំនួន ២ នាក់។ រីឯ​ការ​សិក្សា​ តារា​កំប្លែង​រូប​នេះ បាន​បញ្ចប់​ត្រឹម​ថ្នាក់​ទី​១២ នៅ​វិទ្យា​ល័យ​តាខ្មៅ ខេត្ត​កណ្តាល។


ដោយ​សារ​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​តែ​ម្នាក់​ឯង​នៅ​ក្នុង​ចំណោម​បង​ប្អូន​១២​នាក់ នាយ ក្រឹម ក៏​បាន​ចង​ក្រង​សម្ព័ន្ធ​ស្នេហា​ជាមួយ​នឹង​នារី​ក្នុង​សិល្បៈ​ម្នាក់​ដែរ ហើយ​លោក​ក៏​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ឆ្នាំ១៩៨២ ជា​មួយ​អ្នក​ស្រី ឡុង មន្នី អតីត​ជា​អ្នក​រាំ​របាំ​របស់​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា។ ក្រោយ​ទទួល​បាន​កូន​ម្នាក់ ប្រពន្ធ​របស់​លោក​ក៏​ឈប់​ពី​សិល្បៈ​មក​ធ្វើ​ជា​មេផ្ទះ​វិញ។ រហូត​មក​ទល់​នឹង​ពេល​នេះ​លោក និង​ភរិយា​មាន​កូន​ប្រុស​ស្រី​៤នាក់ ក្នុង​នោះ​ស្រី​ម្នាក់ និង​ ប្រុស៣​នាក់។


ទស្ស​និក​ជន​មិន​នឹក​ស្មាន​ថា កូន​ទាំង​៤​របស់​តារា​កំប្លែង​រូប​នេះ​​គ្មាន​អ្នក​ណា​ម្នាក់​ស្នង​តំណែង​របស់​លោក​ឡើយ។

នាយ​ក្រឹម​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​មែន​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​ចូល​សិល្បៈ​ទេ តែ​ខ្ញុំ​មិន​ដឹង​ថា ហេតុ​អី​បាន​ជា​គេ​មិន​ចូល​ចិត្ត​សិល្បៈ​ទេ ធ្វើ​ម៉េច​បើ​ពួក​គេ​​អត់​ចង់ តែ​យ៉ាង​ណា​ខ្ញុំ​បាន​ជំរុញ​ឲ្យ​កូន​ខ្ញុំ​ទាំង​អស់​បាន​រៀន​សូត្រ​មាន​ចំណេះ​ដឹង​គ្រប់​ៗ​គ្នា»។


កូន​ទាំង​បួន​របស់​តារា​កំប្លែង​ល្បី​ជើង​ចាស់​រូប​នេះ​ក្នុង​នោះ​កូន​ស្រី​ទី១​ឈ្មោះ អ៊ូ ប៉ុនមន្នីរៈ អាយុ ២៩​ឆ្នាំ​ បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ធនាគារ។ កូន​ប្រុស​ទី២ អ៊ូ ប៉ុន​មន្នី​រិទ្ធឹស្យា និស្សិត​​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ។ កូន​ប្រុស​ទី៣ អ៊ូ ប៉ុនមន្នីអាឡែន ​ប្រុស សិក្សា​​នៅ​សាលា​ ICS។ កូន​ប្រុស​ទី៤ អ៊ូ ប៉ុន​មន្នីដាញែល រៀន​នៅ​សាលា Northbridge ។


ដោយ​សារ​កូន​ៗ​សុទ្ធ​តែ​រៀន​នៅ​ថ្នាក់​ខ្ពស់ និង​សាលា​អន្តរ​ជាតិ បែប​នេះ​នាយ​ក្រឹម​បាន​ឲ្យ​ដឹង​ថា នោះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។

លោក​និយាយ​ថា៖​«​បើ​និយាយ​ពី​រឿង​នេះ វា​មហា​ពិបាក​ណាស់ តែ​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ឲ្យ​ពួក​គេ​បាន​រៀន​សូត្រ​គ្រប់​គ្នា»។

លោក​បាន​បញ្ជាក់​ថា៖​«​រាល់​ការ​ចំណាយ​សម្រាប់​ពួក​កូន​ៗ​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​នោះ គឺ​សុទ្ធ​តែ​លុយ​កាក់​បាន​មក​សិល្បៈ​ទាំង​ស្រុង​ គ្មាន​លុយ​ណា​ផ្សេង​នោះ​​ទេ​»។


តារា​កំប្លែង​ជើង​ចាស់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កូន​លោក​ទាំង​៤​នាក់ ​​សុទ្ធ​តែ​ទទួល​​បាន​សិទ្ធិ​ ទៅ​រស់​នៅ​​សហរដ្ឋ​អាមេរិក​ទាំង​អស់​គ្នា ហើយ​មាន​ម្នាក់​ទទួល​បាន​សញ្ជាតិ​អាមេរិក ដោយ​សារ​តែ​គេ​បាន​កើត​នៅ​លើ​ទឹក​ដី​អាមេរិក នៅ​ពេល​លោក​ និង​ភរិយា​ ទៅ​លេង និង​សម្តែង​នៅ​ទីនោះ។ តែ​មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​បាន​ចេញ​ទៅ​រស់​នៅ​អាមេរិក​នៅ​ឡើយ ដោយ​លោក​បាន​បញ្ជាក់​ថា លោក​មាន​ការ​បារម្ភ​ច្រើន​ចំពោះ​កូន​ៗ​នៅ​ពេល​ពួក​គេ​រស់​​នៅ​ឆ្ងាយ​ពី​ការ​គ្រប់​គ្រង​របស់​លោក​។


តារា​កំប្លែង​ដែល​ពាក់​ស័ក្តិ​ប្រាំ​លើ​ស្មា​រូប​នេះ​បាន​និយាយ​ថា៖​«​ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ទីនោះ ឆ្ងាយ​ពី​ខ្ញុំ​ទេ ខ្លាច​វា​ពិបាក​នៅ​ពេល​នៅ​ឆ្ងាយ​ពី​ម៉ែ​ឪ​នោះ»។

ទោះ​បី​ជា​លោក​ជា​តារា​ជើង​ចាស់ តែ​តារា​រូប​នេះ ក៏​មិន​មែន​ហក់​ចូល​សិល្បៈ​ទាំង​ដំឡូង​មូល​ដែរ ពោល​គឺ​លោក​បាន​ទទួល​ការ​ប្រឡង​ប្រជែង​ក្នុង​កម្មវិធី​របស់​ស្ថានីយ​ វិទ្យុជាតិ​កម្ពុជា​​​​កាល​ពី​​ឆ្នាំ​១៩៨២ ក្នុង​ចំណោម​បេក្ខ​ភាព​១០០​នាក់។​ អស់​រយៈ​ប្រហែល​​​ ៣០​ឆ្នាំ នៅ​ក្នុង​ពិភព​សិល្បៈ​កំប្លែង នាយ ក្រឹម នៅ​តែ​ជា​ចំណី​អារម្មណ៍​មិន​អាច​បាត់​បង់​របស់​ទស្ស​និក​ជន​។ ក្រៅ​ពី​ការងារ​សិល្បៈ នាយ ក្រឹម បម្រើ​ការងារ​​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពេល​នេះ​​មាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ឯក (ស័ក្តិ៥) ។


ក្នុង​អាជីព​​កំប្លែង​ជា​ច្រើន​ជំនាន់​នេះ នាយ​ក្រឹម ធ្លាប់​ទៅ​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​លើក​នៅ​​ឆ្នាំ​១៩៩២ និង​ឆ្នាំ២០០៤ ។ ប្រទេស​អូស្ត្រាលី​ ម្តង​​នៅ​ឆ្នាំ១៩៩៣។ ប្រទេស​បារាំង​​ ម្តង​នៅ​ឆ្នាំ​២០០០ និង​ប្រទេស​ស្វ៊ីស​ម្តង​៕




















ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

No comments