លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា គ្រឿងអលង្ការដែលនាំយកមកពីចក្រភពអង់គ្លេស កាលពីចុងសប្តាហ៍កន្លងទៅនេះ គឺមិនមែនជាមាសសុទ្ធ ១០០% នោះទេ។
លោកបញ្ជាក់ថា ឈុតគ្រឿងអលង្ការនេះ រចនាឡើងក្នុងសម័យអង្គរ នាសតវត្សទី១១ ឬ ទី១២ និយាយឲ្យចំគឺស្ថិតនៅក្នុងរចនាបទបាពួន។ លោកបន្តថា មូលហេតុដែលឈុតគ្រឿងអលង្ការនេះនៅរក្សាបានភាពល្អស្អាត អាចថា គ្រឿងអលង្កានេះលាយនឹងលោហៈផ្សេង ពោលគឺមិនមែនមាសសុទ្ធ ១០០%នោះទេ។
លោកបន្ថែមថា៖ «បើយើងនិយាយជាខ្មែរសម័យឥឡូវថាមាសទឹក១០ នោះវាអត់ដល់ចឹងទេ វាគឺជាល្បាយអាចលាយជាមួយនឹងប្រាក់តិចតួច ដើម្បីឲ្យវត្ថុហ្នឹងរឹង យើងដឹងថា មាសសុទ្ធគឺជាវត្ថុមួយទន់ណាស់ ដូចយើងទិញយកមកពាក់ តែបើយើងធ្វើឲ្យវារឹងតិចយើងអាចលាយជាមួយនឹងល្បាយប្រាក់តិចទៅ ដូច្នេះនិយាយឱ្យចំវាគឺជាល្បាយលោហៈ»។
បើតាមលោក ប្រាក់ សុណ្ណារ៉ា ហេតុផលមួយទៀតដែលធ្វើឲ្យឈុតគ្រឿងអលង្ការមើលទៅល្អស្អាតគឺនៅពេលដែលឈុតនេះធ្លាក់ដល់ដៃជនទី៣ គឺគេមានអ្នកជំនាញថែទាំនិងជួសជុលត្រឹមត្រូវ។ ប៉ុន្តែទោះយ៉ាងណាលោកថា បើពិនិត្យផ្ទាល់ភ្នែកជាពិសេសផ្នែកខាងក្នុងនៃម្កុដ និងខ្សែក្រវ៉ាត់មានផ្នែកខ្លះបានបែកបាក់ និងមិនល្អស្អាត១០០% ដូចមើលក្នុងរូបថតឡើយ។
លោកបានបន្ថែមថា មន្រ្តីជំនាញនៅសារមន្ទីរនឹងធ្វើការសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតថា តើឈុតគ្រឿងអលង្ការនេះមាន មាសប៉ុន្មានភាគរយ និងប្រាក់ប៉ុន្មានភាគរយ។ លោកថាជាជំហានដំបូងគឺភាគរយមាសមានច្រើនជាងគេ ទើបអ្នកជំនាញទាំងខ្មែរ និងបរទេស ហៅថា ឈុតគ្រឿងអលង្ការមាស៕




























No comments:
Post a Comment