ខាងក្រោមនេះ អាណាចក្រនឹងធ្វើការបកស្រាយនូវចម្ងល់មួយនេះ៖
១. រូបរាងខាងក្រៅ៖ ពិតណាស់ សត្វមូសក៏ប្រើប្រាស់ភ្នែក ជាចក្ខុវិស័យដើម្បីស្វែងរកអ្នកដែលវាចង់ខាំ ឬនិយាយឱ្យងាយស្តាប់ គឺចំណីរបស់វា។ សត្វមូសអាចមើលបានច្បាស់បំផុតនៅពេលរសៀល ហើយចំណុចដំបូងដែលពួកវាត្រូវស្វែងរកចំណីគឺពឹងផ្អែកទៅលើភ្នែករបស់វានេះឯង។ សម្រាប់ការស្លៀកពាក់ពណ៌ងងឹត (ដូចជាពណ៌ខៀវងងឹត ពណ៌ខ្មៅ ឬពណ៌ក្រហម) នឹងធ្វើឱ្យមូសកាន់តែស្វែងរកអ្នកបានច្បាស់។ ដូចនេះ បើទោះជាសម្លៀកបំពាក់ណាដែលស្រស់ស្អាត ហើយគួរជាទីទាក់ទាញក៏ដោយ ក៏គួរចៀសវាងសម្លៀកបំពាក់ណាដែលទាក់ទាញសត្វមូសមករកអ្នកផងដែរ ដោយសារអារម្មណ៏ពេលមូសខាំគឺមិនល្អនោះឡើយ។
២. ប្រភេទឈាម៖ សម្រាប់មូស អ្វីដែលទាក់ទាញបង្អស់គឺឈាម។ សម្រាប់មូសញី ឈាមគឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់ការផលិតពងរបស់វា ដូចនេះហើយប្រភេទឈាមផ្សេងៗគ្នា ក៏មានកម្រិតទាក់ទាញសត្វមូសផ្សេងៗគ្នាផងដែរ។ បើតាមការរកឃើញរបស់ការស្រាវជ្រាវកន្លងមក បង្ហាញថាអ្នកដែលមានឈាមប្រភេទ O អាចនឹងទាក់ទាញមូសសឹងតែទ្វេរដងនៃឈាមប្រភេទ A។ ឯឈាមប្រភេទ B វិញ គឺស្ថិតនៅចំណុចកណ្តាលនៃការទាក់ទាញសត្វមូស បើប្រៀបធៀបទៅនឹងឈាមប្រភេទ O និង A។
៣. ឧស្ម័ននៅលើខ្លួន៖ សត្វមូសអាចស្រូបដឹងក្លិនឧស្ម័នកាបូនិច តាំងពីចម្ងាយជាង៤៨ម៉ែត្រឯណោះ។ ដូចនេះ ប្រសិនបើនរណាម្នាក់ដកដង្ហើមចេញចូលរឹតតែច្រើន សត្វមូសរឹតតែចូលចិត្តពួកគេតាមហ្នឹងដែរ។ ដោយសារហេតុនេះដែរ ដោយសារតែមនុស្សដកដង្ហើម ស្រូបខ្យល់ចេញចូលតាមរយៈមាត់ផង និងច្រមុះផងនោះ ទើបសត្វមូសចូលចិត្តហោះឆ្វែលជុំវិញមុខ និងជាពិសេសហោះជុំវិញត្រចៀកយើងជាញឹកញាប់។
៤. កម្តៅ និងញើស៖ ក្រៅពីឧស្ម័នកាបូនិចពីក្នុងខ្លួនមនុស្ស សត្វមូសក៏អាចហិតរកមុខសញ្ញារបស់វាតាមរយៈសារធាតុផ្សេងៗដូចជា lactic acid, uric acide, ammonia និងសារធាតុផ្សេងៗដែលមាននៅក្នុងតំណក់ញើសរបស់មនុស្សផងដែរ។ ពួកវាក៏ចូលចិត្តមនុស្សដែលបែកញើស ដែលនាំឱ្យមនុស្សដែលបែកញើស ជាចំណីដ៏ពេញនិយមរបស់សត្វមូសនេះ។
៥. បាក់តេរីលើស្បែក៖ ការស្រាវជ្រាវមួយចំនួនក៏បានបង្ហាញពីតំណភ្ជាប់រវាងប្រភេទ និងចំនួនបាក់តេរីដែលមានជីវិតនៅលើស្បែករបស់មនុស្សទៅនឹងសត្វមូសផងដែរ។ ស្បែកដែលជាស្រទាប់ធម្មជាតិនៃមនុស្សម្នាក់ៗ មានផ្ទុកនូវពពួកមីក្រូស្កុប និងពួកមីក្រូស្កុបជាអ្នកដែលត្រូវរ៉ាបរ៉ងធ្វើឱ្យមានក្លិនទាក់ទាញសត្វមូសនេះឯង។ ហេតុនេះហើយ បានជាគេតែងនិយមចាប់អារម្មណ៏ថាសត្វមូសចូលចិត្តខាំនៅម្តុំជើងរបស់មនុស្ស ដោយសារបាក់តេរីដ៏ច្រើនដែលមាននៅទីនោះ។
៦. ផ្ទៃពោះ៖ ចំពោះស្រ្តីដែលមានផ្ទៃពោះ អាចជាចំណីដល់ទាក់ទាញសម្រាប់សត្វមូស ដោយសារតែហេតុផលទាក់ទងទៅនឹងការបញ្ចេញឧស្ម័នកាបូនិច ដោយកើនឡើងសម្រាប់ស្ត្រីមានផ្ទៃពោះ ដោយសារទារកក្នុងផ្ទៃរបស់គេមួយទៀតនោះ។ គេរកឃើញថា សម្រាប់ស្ត្រីមានផ្ទៃពោះ អាចមានលទ្ធភាពបង្កើនឧស្ម័នកាបូនិចរហូតដល់ទៅ ២១ ភាគរយ ហើយពួកគេក៏ហាក់ដូចជាកើនកម្តៅក្នុងសារពាង្គកាយ ដែលជាហេតុភេទមួយទៀតដែលអាចទាក់ទងពួកគាត់បាន។
៧. ស្រាបៀរ៖ ប្រហែលជាសូម្បីតែសត្វមូស ក៏ចូលចិត្តផឹកស្រាបៀរផងដែរ។ តាមពិតទៅ មិនមែនសត្វមូសមិនទៅផឹកស្រាបៀរដោយផ្ទាល់នោះទេ ប៉ុន្តែដោយសារតែការកើនឡើងនៃជាតិអេតាណុល នៅក្នុងញើស និងសីតុណ្ហភាពរាងកាយដែលកើនឡើងពេលដែលអ្នកផឹកស្រាបៀរ ដែលជាហេតុបង្ហាញថាមូសខាំក្នុងចំនួនច្រើនជាងមុន៕























No comments:
Post a Comment