បើតាមគ្រូហោរាសាស្ត្រ ឡុង បូរ៉ា ជាអ្នកដឹងច្បាស់ពីទំនៀមទម្លាប់ចូលឆ្នាំចិនប្រាប់ថា ផ្លែឈើណាដែលមានបន្លាដូចជា៖ ទុរេន ខ្នុរ សាវម៉ាវ គឺមិនត្រូវសែនឲ្យដូនតាឡើយ ព្រោះជំនឿពីបុរាណចិនតែងជឿថា ផ្លែឈើទាំងនោះគេចាត់ទុកថា នាំភាពរញ៉េរញ៉ៃ នាំភាពស្មុគស្មាញ និងឧបសគ្គច្រើនមិនចេះចប់ដល់គ្រួសារ។
គ្រូហោរាសាស្ត្រ ឡុង បូរ៉ា ឬហៅថា លោកតាថ្មអណ្ដែត ក៏បានប្រាប់ដែរថា ចំណែកឯការរៀបចំសែនព្រេនឲ្យត្រូវទៅតាមក្បួនតម្រា គឺកុំចោលឲ្យសោះការតុបតែងផ្ទះមានរំលេចពណ៌ក្រហម ដូចជាមានគោមជាដើម។ ជាពិសេសក្នុងឆ្នាំ២០១៨ ទេវតាឆ្នាំថ្មី ឆ្នាំច លេខ៤ គឺជាលេខហុងស៊ុយ ដូចនេះគួររៀបចំផ្លែមួយថាស៤ ភេសជ្ជៈ៤ ទឹក៤ពែងដាក់សងខាង។
បើមានលទ្ធភាព គួរសែនជ្រូកខ្វៃ ជាអាហារដែលខានមិនបានតែម្ដង។ តាមជំនឿជ្រូកខ្វៃ ជាវត្ថុទ្រទ្រង់សរីរាង្គកាយ ដើម្បីធ្វើឲ្យក្រុមគ្រួសាររីកចម្រើន និងសុខដមរមនា។ ចំណែក មាន់វិញ ក៏មិនគួររំលងដែរ ព្រោះមានជាសត្វចឹកស្រូវជាអាហារ មានន័យថា គ្រួសារនឹងរកស៊ីកាក់កបបន្តិចម្ដងៗ ប្រៀបដូចមាន់ចឹកស្រូវរហូតពេញគេដូច្នោះដែរ៕

































No comments:
Post a Comment