Header Ads

ចប់ហើយពេលនេះ អ្នក​ដែលទារលុយពីប្រជាពលរដ្ឋ​ ពេលកំពុង​ពន្លត់​​អគ្គិភ័យ

លោក​ឧត្តម​សេនីយ៍ នេត វន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្រ្គោះ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ប្រើប្រាស់​ស្មាតហ្វូន ដើម្បី​ថតរូប​របស់​ប៉ូលិស​ពន្លត់​អគ្គិភ័យ ក្នុង​ករណី​មាន​ការ​ជំរិត​ទារលុយ​ពីប្រជាពលរដ្ឋ នៅពេល​កើត​មាន​ភ្លើង​ឆេះផ្ទះ។ ការ​ប្រកាស​ដូច្នេះ ដើម្បី​ការពារ​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​បស់​មន្ត្រី​ប៉ូលិស​ពន្លត់​អគ្គិភ័យ ដែល​តែងតែ​មាន​ការ​លើកឡើង​ថា ឲ្យតែ​ពេល​មាន​ភ្លើង​ឆេះផ្ទះ អ្នក​ពន្លត់​អគ្គិភ័យ​ទាំងនោះ តែងតែ​ឆ្លៀត​ឱកាស​រកលាភ​សក្ការៈ ឬ​ទារលុយ ទើប​បាញ់​ទឹក​ពន្លត់។


លោក នេត វន្ថា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «តែងតែ​មាន​ការគិត​ថា នៅពេល​មាន​អគ្គិភ័យ​កើតឡើង​ម្តងៗ កម្លាំង​អគ្គិភ័យ​យើង តែងតែ​រងការ​ចោទ​ប្រកាន់​ថា ទទួល​លាភ​សក្ការៈ ឆ្លៀតយក​លុយ​ពី​ប្រជា​ពលរដ្ឋ។ តែ​កម្លាំង​យើង ១​ឡាន មាន​គ្នាតែ ៣នាក់​ទេ ហើយ​បើ​សិន​ជា​មាន​អគ្គិភ័យ​កើតឡើង គឺ​ទាំង ៣​នាក់ រវល់​នឹង​រៀបចំ​ឧបករណ៍ ហើយកាន់​ទុយោទឹក​បាញ់​ពន្លត់។ ដូច្នេះ​គ្មាន​ដៃ​ឯណា ទៅយក​លុយ​ពី​ប្រជាពលរដ្ឋ​ទេ។ នេះ​ហើយ ដែលខ្ញុំ​មិនអាច​ទទួល​យកនូវ​ការ​រិះគន់​ពី​ប្រជា​ពលរដ្ឋ​បានទេ។ គួរតែ​លើក​តម្លៃ​របស់​ប៉ូលិស​ពន្លត់​អគ្គិភ័យ ព្រោះគាត់​ប្រឈម​នឹង​គ្រោះថ្នាក់​ធំ​ណាស់»។


លោក​បាន​ថ្លែង​ថា ក្នុង​ករណី​មាន​មន្ត្រី​ប៉ូលិស​ពន្លត់​អគ្គិភ័យ ឆ្លៀត​យក​ផល​លាភ​ណាមួយ ខុសពី​បទ​វិន័យ​នគរបាល គឺ​អាច​ថតរូប​​យកទៅ​​ប្តឹង​អង្គភាព​សាម៉ី ឬមក​ថ្នាក់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ដើម្បី​ដាក់ទោស​ទៅលើ​បុគ្គល ដែល​អនុវត្ត​ផ្ទុយ កុំឲ្យ​រាលដាល​ទៅលើ​ប៉ូលិស​ទូទៅ ដែល​បាន​អនុវត្ត​​ល្អ។

ត្រឹម​ដើមឆ្នាំ២០១៨​នេះ កង​កម្លាំង​ពន្លត់​អគ្គិភ័យ មាន​ចំនួន ១២៣៩​នាក់ ក្នុង​នោះ មាន​ស្រ្តី ៤៩​នាក់ ហើយ​រថយន្ដ​ពន្លត់​អគ្គិភ័យ សរុប​ទូទាំង​ប្រទេស មាន​ចំនួន ២៤៨​គ្រឿង។


លោក​ឧត្តម​សេនីយ៍ នេត វន្ថា លើកឡើង​ថា ចំនួន​គ្រោះ​អគ្គិភ័យ ក្នុងឆ្នាំ​២០១៧ ថយចុះ​ជាងឆ្នាំ​២០១៦ ដល់ទៅ ៩៨​លើក តែ​ចំនួន​អ្នក​ស្លាប់ មាន​ការ​កើនឡើង ពោលគឺ​ឆ្នាំ២០១៧ គ្រោះ​អគ្គិភ័យ កើតមាន ៥១៤​ករណី បណ្តាល​ឲ្យ​ស្លាប់ ២២​នាក់ កើនឡើង ៨នាក់បើ​ប្រៀបធៀប​ឆ្នាំ២០១៦ ដែល​​មាន​ចំនួន​អ្នកស្លាប់ ១៤នាក់ ក្នុង​គ្រោះ​អគ្គិភ័យ ៦១២​ករណី។


លោក នេត វន្ថា បន្ត​ថា បញ្ហា​ចម្បង​នៃការ​បង្ក​គ្រោះ​អគ្គិភ័យ ក្នុងឆ្នាំ​២០១៧ និង​ក្នុងឆ្នាំ​២០១៦ បង្ក​ឡើង​ភាគច្រើន ដោយ​ការឆ្លង​ចរន្ដ​អគ្គិសនី និង​ការធ្វេស​ប្រហែស​របស់​ប្រជាពលរដ្ឋ​ជាដើម៕



























No comments