Header Ads

ពិតជាគួរឲ្យភ្ញាក់ផ្អើលដល់ហើយ!!! រកឃើញ មន្ទីរពេទ្យមួយកន្លែង លួចលាក់ ទិញលក់ និងដោះដូរទារក យ៉ាងសម្ងាត់

កាលពីពេលថ្មីៗនេះ គេបានរកឃើញ មន្ទីរពេទ្យមួយកន្លែង លួចលាក់ទិញលក់ និងដោះដូរទារក ដែលឪពុកម្តាយបោះបង់ចោល ឬមិនត្រូវការ យ៉ាងសម្ងាត់ ក្នុងតម្លៃប្រហែល ១,០០០ផោន (ប្រហែល ១,៤០០ដុល្លារអាមេរិក) ក្នុងម្នាក់។


យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារកជាច្រើននាក់ ដែលកើតមក ដោយសារតែ អំពើរំលោភ ឬ អត់ខាន់ស្លា ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ឯកជនមួយកន្លែង ឈ្មោះ Palash Hospital ស្ថិតក្នុងទីក្រុង Gwalior ប្រទេសឥណ្ឌា ហើយបានលក់ ទៅឲ្យអ្នកដទៃវិញ ដើម្បីធ្វើជាកូនចិញ្ចឹម។


លោក Prateek Kumar ជាមន្ត្រីប៉ូលិសម្នាក់ បានប្រាប់សារព័ត៌មាន Times of India ឲ្យដឹងថា «ទារក២នាក់ ត្រូវបានប៉ូលិសជួយសង្គ្រោះ ចេញពីមន្ទីរពេទ្យខាងលើ ប៉ុន្តែទារក៣នាក់ផ្សេងទៀត ត្រូវបានលក់ ទៅឲ្យប្តីប្រពន្ធ ដែលគ្មានកូន នៅក្នុងរដ្ឋ Uttar Pradesh និង Chhattisgarh»។


គួរបញ្ជាក់ផងដែរថា ប៉ូលិសបានឆ្មក់ចូល មន្ទីរពេទ្យខាងលើ កាលពីយប់ ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីទទួលបានព័ត៌មាន អំពីការជួញដូរទារក រួចមក។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សចំនួន៥នាក់ ត្រូវបានចោទប្រកាន់ ក្នុងនោះរួមមានទាំង នាយកមន្ទីរពេទ្យ ឈ្មោះ TK Gupta ពីបទទិញ ឬ ល្បួងជនរងគ្រោះ ធ្វើជាទាសករ និងជួញដូរអនីតិជន ក្នុងគោលបំណង យកទៅធ្វើអំពើពេស្យាចារ។ ជាមួយគ្នានេះដែរ អ្នកចាត់ការ នៅក្នុងមន្ទីរពេទ្យ ឈ្មោះ Arun Bhadoria ក៏ត្រូវបានឃាត់ខ្លួន ផងដែរ។


មន្រ្តីប៉ូលិសម្នាក់ បានប្រាប់ឲ្យដឹងទៀតថា «នៅពេលដែលនារីវ័យក្មេង ឬគ្រួសាររបស់នាង មករកគ្រូពេទ្យ នៅមន្ទីរពេទ្យខាងលើ ដើម្បីទម្លាក់កូនក្នុងផ្ទៃ ក្រុមគ្រូពេទ្យទាំងនោះ តែងតែប្រើវិធីសាស្រ្ត បញ្ចុះបញ្ចូលពួកគេ ឲ្យទុកកូន នៅក្នុងផ្ទៃ ដោយធានាថា ការសម្រាលកូន នឹងមានសុវត្ថិភាព ហើយសម្ងាត់បំផុត។ នៅពេលដែលទារក បានសម្រាលចេញមក ស្រ្តីជាម្តាយ នឹងត្រូវគេបណ្តេញចេញ ពីមន្ទីរពេទ្យ ខណៈខាងមន្ទីរពេទ្យ នឹងចាប់ផ្តើមស្វែងរក គូស្វាមីភរិយា ដែលចង់ទិញទារកនោះ»។ មន្ត្រីប៉ូលិសដដែលបន្ថែមថា «នៅក្នុងករណីមួយ ទារិកាម្នាក់ ត្រូវបានគេយក មកដោះដូរ ជាមួយនឹង ទារកម្នាក់ផ្សេងទៀតផងដែរ»៕
















ប្រភព៖ www.deccanchronicle.com

No comments