Header Ads

ហួសចិត្តនិយាយមិនចេញ!!!! សុទ្ធចិត្តសឹកពីព្រះសង្ឃ ដោយចង់ធ្វើមន្ត្រីគយ តែទីបំផុតចាញ់បោកស្ត្រីម្នាក់នេះដដែល

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ចំណាស់​ម្នាក់ បាន​ត្រូវ​នគរបាល​ព្រំដែន​គោក​លេខ​៩១១​ប៉ុស្តិ៍បឹង​​សាគូ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់ប៉ោយ​ប៉ែ​តឃាត់​សួរនាំ ​ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ពី​អាជ្ញាធរ​ភូមិ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណីឆបោក​ប្រាក់​ពី​ភិក្ខុសង្ឃ​ជា​ច្រើន​អង្គ ពី​រឿង​យក​ប្រាក់​ទៅ​រត់ការ​ឲ្យ​ធ្វើ​ជា​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត។


ស្ត្រី​រូប​នេះ​ឈ្មោះ នាង ធីតា អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឫស្សី​កែវ ឃុំ​ឫស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ ករណី​ឃាត់​សួរនាំ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ខេមរា​សីមា​រាម ទំនប់​ក​៥ ស្ថិត​ក្នុងភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ។ ស្ត្រី​ឈ្មោះ នាង ធីតា រង​ការ​ចោទប្រកាន់​ថា បាន​ឆបោក​ប្រាក់​ពី​មនុស្ស​៣​នាក់​ទើប​សឹក និង​មាន​ភិក្ខុសង្ឃ​២​អង្គ​ផ្សេង​ទៀត ដោយ​ម្នាក់​ៗ​និង​១​អង្គ​ៗ​អស់ប្រាក់​ខ្លះ​១.០០០​ដុល្លារ ខ្លះ​៥០០​ដុល្លារ ខ្លះ​១០០​ដុល្លារ លើ​ករណី​រត់ការ​ឲ្យ​បាន​ធ្វើ​ជា​មន្ត្រី​គយ​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។


ជន​រង​គ្រោះ​៣​នាក់​ដែល​ទើប​សឹក​ពី​បួស បាន​ប្រាប់​ឲ្យដឹងថា ស្គាល់​ស្ត្រី​ម្នាក់​នេះ​តាមហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​មិន​ដែល​ឃើញ​ផ្ទាល់​ទេ ក្រោយមក​ក៏​លេច​ចេញ​ការ​ឆ្លើយឆ្លង​ពី​ស្ត្រី​រូប​នេះ​តាម​រយៈ​ការ​ឆាត​ហ្វេ​ស​ប៊ុ​ក ដែល​អះអាង​ថា​ស្គាល់​អ្នកធំ​នៅ​ក្រសួង អាច​រត់ការ​ឲ្យ​ចូល​ធ្វើ​គយ​បាន​។ ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​ពី​ស្តាប់​ការ​និយាយ​របស់​ស្ត្រី​រូប​នេះ​ពួក​ខ្លួន​ក៏​ជឿ ម្យ៉ាង​ព្រោះចង់​ធ្វើ​គយ​ផង​ក៏​នាំ​គ្នា​ចំណាយ​ប្រាក់​ជា​បន្តបន្ទាប់​រហូត​សុខចិត្ត​សឹក​ពី​បួស​ថែម​ទៀត ព្រោះ​ត្រៀម​ធ្វើ​គយ ។ ក្រៅ​ពួក​ខ្លួន ក៏​នៅ​មាន​ភិក្ខុសង្ឃ​២​អង្គ​ទៀត បច្ចុប្បន្ន​គង់នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​១​អង្គជា​ចៅអធិការ​វត្ត ក៏​បាន​ចំណាយ​ប្រាក់ ដើម្បី​ចូល​ធ្វើ​ជា​មន្ត្រី​គយ ក្នុង​នោះ​ម្នាក់​៧០០​ដុល្លារ និង​ម្នាក់​ទៀត​៥០០​ផង​ដែរ ។


ដោយឡែក ភិក្ខុ​១​អង្គ​គង់នៅ​វត្ត​បឹង​រាំង ក្នុង​ខេត្តបាត់ដំបង ប្រាប់​តាម​ទូរស័ព្ទ​ថា ព្រះ​អង្គ​ក៏​លង់​ព្រះ​កាយ​ជឿ​អស់​ជាង​៧០០​ដុល្លារ​ផង​ដែរ ដោយ​ដំបូង​ស្ត្រី​រូប​នេះ​អះអាង​ថា អាច​រត់ការ​ឲ្យ​ប្តូរ​សញ្ជាតិ​ពី​ខ្មែរ​ទៅ​ថៃ​បាន ខណៈ​ដឹង​ថា​ព្រះ​អង្គ​មាន​អាហារូបករណ៍​ត្រូវ​ចេញ​ទៅ​រៀន​បន្ថែម​នៅ​ប្រទេស​ថៃ ។ ព្រះ​អង្គ​បន្ត​ថា ក្រោយមក​ស្ត្រី​ខាងលើ​បាន​នាំ​ព្រះ​អង្គ​ដើរ​កម្សាន្ត ហើយ​និយាយ​លួងលោម​ថា ព្រះ​អង្គ​គួរ​ធ្វើ​ជា​មន្ត្រី​គយ​ល្អ​ជាង​ចំណាយ​ប្រាក់
ទៅ​បួស​រៀន​នៅ​ប្រទេស​ថៃ ។ ព្រះ​អង្គ​បន្ត​ថា​ស្ត្រី​ខាងលើ​បាន​សុំ​ប្រាក់​៤០០​ដុល្លារ​បន្ថែម ក្នុង​នោះ​បាន​សុំ​ប្រាក់​១៥០​ដុល្លារ រត់ការ​ធ្វើ​លិខិតឆ្លងដែន ដើម្បី​បាន​ចេញដំណើរ​ទៅ​ថៃ​ថែម​ទៀត ។


ជុំវិញ​ករណី​ខាងលើ លោក​វរសេនីយ៍ឯក ធិ​នស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បានប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកាថា បាន​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​រូប​នេះ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។មិន​មានការ​ជ្រើសរើស​មន្ត្រី​គយ​ដូច​ស្ត្រី​ខាងលើ​នេះ​អះអាង​នោះ​ទេ តែបើ​មានការ​ជ្រើស​រើស​គឺ​ឆ្លងកាត់​ការ​ប្រឡង​មិនមែន​ស៊ីសស៊ុស​ដូច​ក្នុង​ទសវត្សរ៍​៩០​នោះ​ឡើយ ។ដោយ​សារ​ការ​ស្វែង​យល់​ពី​បញ្ហា​សង្គម​នៅ​មាន​កម្រិត ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​យើង​តែង​ចាញ់ល្បិច​អ្នក​បោកប្រាស់ ៕















No comments