Header Ads

ឮសំឡេង​ជា​សញ្ញារោទិ៍ឡើង​ចេញពី​ការ​ដ្ឋាន ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់ៗ​​ភ័យស្លន់​ស្លោរ តែនៅទីបំផុត...(មានវីដេអូ)

ខេត្ត​ត្បូង​ឃ្មុំ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​​​​បាន​ឱ្យ​ដឹងថា ស្ថិត​ក្នុង​​​ការ​ដ្ឋាន​កិន​ថ្ម​មួយ​កន្លែងក្បែរ​ភូមិ​ដែល​គេ​ដឹងថា ជា​របស់​លោក​ឧកញ៉ា លីន ប៊ុណ្ណា ខណៈបំផ្ទុះ​យក​ថ្ម​ ស្រាប់តែ​វ​​បំណែក​ថ្ម​បាន​ខ្ទាត​ប៉ើង​ទៅ​លើ​អាកាស​​ធ្លាក់មក​វិញ​ចំ​​ក្បាល​ស្ត្រី​​ម្នាក់​​​ស្លាប់​ភ្លាមៗ​ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញភូមិ កាលពី​​វេលា​ម៉ោង​ប្រមាណ​ជិត​១២​ថ្ងៃ​ត្រង់ ថ្ងៃទី១ ធ្នូ នេះ ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែសៀម ឃុំ​ជីរោទិ៍ទី២ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ​ ហើយ​កម្លាំង​សមត្ថ​កិច្ច ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋានក៏​​បាន​ចុះ​មក​ពិនិត្យ​សពនៅ​កន្លែង​កើត​ហេតុ​​ផង​ដែរ។


​សេចក្តីរាយការណ៍​បន្តថា ស្ត្រី​រងគ្រោះ​ខាងលើ​មាន​​ឈ្មោះ ខេង សំណាង អាយុ​៣៣​ឆ្នាំ មានប្តីឈ្មោះ ​មិន សុខ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ-ឃុំខាង​លើ។


បើតាម​សម្តី​របស់ប្តី​បាន​ឱ្យដឹងថា នៅ​ព្រឹក​នេះ​មុន​ពេល​កើតហេតុ ​គាត់​បាន​ចេញពី​ផ្ទះ​ទៅ​ស៊ីឈ្នួល​ច្រូត​ស្រូវ​ឱ្យ​គេ ​ដើម្បី​យក​ប្រាក់មក​​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​ ។ ចំណែក​ប្រពន្ធ​របស់​គាត់​ជាជនរងគ្រោះ​មិន​បាន​ទៅ​ស្រែ​ជាមួយ​គាត់ទេ ព្រោះ​​ប្រពន្ធ​របស់​គាត់​នៅ​ផ្ទះ​ជាប់​រវល់​ចូល​រួម​ភ្ជាប់​ពិធី​​ពាក្យ​អ្នក​ជិត​ខាង ។ លុះ​រហូត​ដល់​វេលា​ម៉ោង​ជាង​១១​ព្រឹក ប្រពន្ធ​​របស់​គាត់​បាន​យក​បាយ​ទៅ​ឱ្យ​គាត់​នៅ​កន្លែង​វាល​ស្រែ​ច្រូត​ស្រូវ​ ក្នុង​​ពេល​នោះ​ស្រាប់តែ​​ឮសំឡេង​ជា​សញ្ញារោទិ៍ឡើង​ចេញពី​ការ​ដ្ឋាន ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់ៗ​​ភ័យស្លន់​ស្លោរ ​ក៏​បាន​នាំគ្នា​​រត់​ចេញ​ទៅ​ឱ្យ​ឆ្ងាយ​​ពីទី​នោះ​ប្រហែល​ជាង​៧០០​ម៉ែត្រ ប៉ុន្តែ​ជា​អកុសល​​​បំណែក​ដែល​បំផ្ទុះថ្ម​​ចេញពី​ការ​ដ្ឋាន​នោះបាន​ផ្លោង​មក​ត្រូវ​ចំ​ក្បាល​ប្រពន្ធ​របស់​គាត់​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុតែម្តង ។


ជុំ​វិញ​ករណី​ខាងលើ​នេះ​ បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះបានសំណូម​ពរ​​ឱ្យ​លោក​ឧកញ៉ា លីន ប៊ុណ្ណា ម្ចាស់​ការ​ដ្ឋាន សូម​​ជួយ​ដោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​​ឱ្យ​កូន​របស់​គាត់​២​នាក់​បាន​រៀន​ចប់​ចុងចប់​ដើមផង ។ ទោះ​បី​ជា​យ៉ាង​ណា មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ខាង​លោក​ឧកញ៉ា​នៅឡើយទេ ប៉ុន្តែ​គាត់​បាន​ចូល​​​បច្ច័យ​តាម​រយៈ​មេ​ឃុំ​ចូល​រួម​បុណ្យ​សព​ស្ត្រី​រង​គ្រោះ​ផង​ដែរ ៕














No comments