Header Ads

រូបមួយសន្លឺកកំពុងតែធ្វើឲ្យគេក្តុកក្តួលពេញហ្វេសប៊ុក!!! កូនស្រែកយំយ៉ាងខ្លាំង ខណៈពេលម្តាយខំទប់ទឹកភ្នែក ពេលចាកចេញទៅធ្វើការស្រុកគេ

គ្រាន់តែរូបភាពមួយសន្លឹកសោះបានធ្វើឲ្យមានមនុស្សជាច្រើន បានបង្ហាញនូវអារម្មណ៍យ៉ាងក្តុកក្តួលជាខ្លាំង ព្រមជាមួយនូវពាក្យជូនពរគ្រប់ៗគ្នា ជាមួយគ្នានោះដែរក៏មានមនុស្សមួយចំនួនបានមើលរូបភាពមួយសន្លឹកនេះជាច្រើនលើក ច្រើនសារក៏នៅតែមើល ព្រោះរូបមួយសន្លឹកនេះបានបញ្ជាក់នូវអត្ថន័យយ៉ាងពេញលេញ គ្រប់គ្រាន់ ព្រមលាយឡំនូវមនោសញ្ចេតនាដែលមិនអាចកាត់ថ្លៃបាន។


ក្នុងនោះផងដែរ ដោយសារតែរូបភាពមួយសន្លឹកនេះបានធ្វើឲ្យមានអ្នកខ្លះបានប្រាប់ថា គាត់មើលបណ្តើរយំបណ្តើរ ព្រោះជីវិតមួយនេះដូចគាត់ខ្លាំងណាស់ គ្មានម្តាយ​ឯណាចង់ឃ្លាតឆ្ងាយពីគ្រួសារឡើយ តែដោយសារតែចង់បានជីវភាពឲ្យបានប្រសើរឡើងជាងនេះទើបសម្រេចចិត្តទៅធ្វើការនៅស្រុកគេ។


មួយវិញទៀតក៏មានអ្នកខ្លះបានយករូបភាពមួយសន្លឹកនេះ ព្រមជាមួយការរៀបរាប់ពីអត្ថន័យនៃរូប ដោយបានសរសេរថា "កូនស្រែកហៅម្តាយកុំឲ្យទៅធ្វើការស្រុកគេ តែក្នុងចិត្តម្តាយត្រូវតែទៅ ដោយស៊ូឃ្លាតមួយរយៈដើម្បីជីវភាពប្រសើរឡើង កូនកុំយំអីម្តាយថ្លៃនឹងវិលវិញ បែកម្តងនេះមិនមែនបែករហូតទេ កូនក៏នៅមានប៉ាមើលថែកូនដែរ"។ នៅមិនទាន់អស់ទេ ក៏នៅមានសារដ៏ក្តុកក្តួលជាច្រើនទៀតដែលពួកគាត់ទាំងនោះបានបង្ហាញនូវអារម្មណ៍ពិតៗ។


រូបមួយសន្លឹកនេះគឺជាការចេញដំណើររបស់ពលការិនីកម្ពុជា ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ជាមួយការអមដំណើរពីមន្ត្រីរាជការ នៃក្រសួងការងារ ទៅកាន់ប្រទេសហុងកុង ដើម្បីទៅបម្រើការងារជាជំនួយការមេផ្ទះ។


គួរបញ្ជាក់ឡើងវិញផងដែរថា អាណត្តិការងារជំនួយការមេផ្ទះនៅហុងកុង មានរយៈពេល២ឆ្នាំ ប៉ុន្តែដល់ពេលបញ្ចប់អាណត្តិការងារ បើសិនមានការព្រមព្រៀងពីនិយោជកទៀត ពលការិនីអាចបន្តអាណត្តិការងារទៀតបាន។ ប្រាក់ឈ្នួលអប្បបរមាដែលទទួលបានចាប់ពី ៥៧០ដុល្លារឡើងទៅ រួមទាំងអត្ថប្រយោជន៍មួយចំនួនទៀត ដូចជា លក្ខខណ្ឌការងារ និងការធានារ៉ាប់រងផ្សេងៗល្អប្រសើរ ទាំងផ្នែកសុខភាព ការឈប់សម្រាក និងការការពារសិទ្ធិប្រយោជន៍ ពោលដូចទៅនឹងកម្មករ-កម្មការិនីហុងកុង និងពលករ-ពលការិនីជនជាតិដទៃផងដែរ។


ក្នុងនោះផងដែរ ពលការិនីកម្ពុជានឹងទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចទៅនឹងពលករជនជាតិហុងកុងដែរ ដូចជា ការឈប់សម្រាកមួយថ្ងៃក្នុងមួយសប្ដាហ៍ ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលចំនួន ៧ថ្ងៃទៅ១៤ថ្ងៃ ក្នុងមួយឆ្នាំ ការគាំពារពេលមានផ្ទៃពោះ (ការឈប់សម្រាកលំហែមាតុភាព) ចំនួន១០សប្ដាហ៍ ការធានាររ៉ាប់រងពេលមានជំងឺ និងបន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករដែលបម្រើការងារយូរឆ្នាំ៕





















ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments