អីយ៉ាម៉េចអញ្ចឹងទៅវិញ!!! វៀតណាមចំណាយ ១.៤ពាន់លានដុល្លារ ទិញបន្លែ-ផ្លែឈើពីថៃ និងចិន ដោយសារតែ...
(ហាណូយ)៖ គិតចាប់តាំងពីខែមករាដល់ ខែវិច្ឆិកា ឆ្នាំ២០១៧ វៀតណាមបានចំណាយលុយជិត ១.៤ពាន់លានដុល្លារ សម្រាប់ការនាំចូលបន្លែ-ផ្លែឈើពីក្រៅប្រទេស ដោយជាចម្បងនោះ គឺមកពីប្រទេសថៃ និងចិនតែម្តង ដែលចំនួននេះបានកើនឡើង ៧២.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។
ការនៅបន្តធ្វើការនាំចូលបន្លែ-ផ្លែឈើ ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺអាចបណ្តាលមកពីមូលហេតុចំបងមួយ មិនខុសពីឆ្នាំ២០១៦ឡើយ នោះគឺទាក់ទងនឹង គុណភាពផលិតផលបន្លែ-ផ្លែឈើ ដែលដាំដុះនៅក្នុងស្រុកផ្ទាល់ នៅតែមិនទាន់ទទួលបានការជឿជាក់ពេញលេញ ពីសំណាក់ប្រជាពលរដ្ឋវៀតណាម ដោយសារតែការល្បីថា មានប្រើប្រាស់សារធាតុគីមីលើសពីបរិមាណកំណត់ ដែលអាចបង្កហានិភ័យដល់សុខភាពអ្នកបរិភោគបាន។
គួរជម្រាបថា ទោះជាបែបនេះក្តីក្នុងអំឡុង ១១ខែកន្លងទៅនាឆ្នាំនេះ ប្រទេសវៀតណាមក៏អាចរកថវិកាបានជិត ៣.២ពាន់លានដុល្លារ ពីការនាំចេញបន្លែ-ផ្លែឈើរបស់ខ្លួន ទៅកាន់ទីផ្សារធំៗនៅឯក្រៅប្រទេសផងដែរ រួមមានដូចជា ចិន ជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាដើម។
ចំពោះគុណភាពបន្លែផ្លែឈើ នៅក្នុងប្រទេសវៀតណាម ត្រូវបានចោទជាសំនួរយ៉ាងខ្លាំងអំពីគុណភាពជាច្រើនមកហើយ ពីសំណាក់ប្រជាជនក្នុងប្រទេសអាស៊ានមួយនេះផ្ទាល់ ក្នុងនោះរួមមានទាំងទៅលើ ប្រទេសអាហារវិចខ្ចប់ គ្រឿងសមុទ្រ និងសាច់សត្វមួយចំនួនផងដែរ ហើយការបង្ក្រាបពីអាជ្ញាធរវៀតណាម ទៅលើក្រុមឈ្មួញទុច្ចរិត ដែលផលិតផលិតផល មានសារធាតុគីមីគ្រោះថ្នាក់ទាំងនោះ ក៏តែងតែកើតមានយ៉ាងក្តៅគគុកផងដែរ៕
Post a Comment