Header Ads

ព្រះរាជអាជ្ញា​ដោះលែង​ស្ត្រី​គ្រូទាយ ​និង ​ចោទប្រកាន់​ប្ដី​ពី​បទ​រំលោភ​ទំនុក​ចិត្ត​ពិសេស​ដោយ​អភិបាល

​ភ្នំពេញ ៖ គ្រូទាយ​មុខ​ស្រស់​សម្រស់​ឆើត ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ទំនុកចិត្ត​ និង ​បទឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ​ ក្រោមរូបភាព​ទស្សន៍ទាយ ​និង​ បង្គាប់​ឱ្យ​រៀបចំ​គ្រឿង​ដង្វាយ​ជា​ប្រាក់​ដុល្លារ​ទាំង​ដុំៗ ត្រូវបាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាលពីថ្ងៃទី០១ ​ធ្នូ ឆ្នាំ​២០១៧នេះ ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​​ ក្រោម​ហេតុផល​បញ្ជាក់​ថា​ ស្ត្រីគ្រូទាយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ ឬ​ រំលោភ​លើ​ទំនុកចិត្ត។


ជនសង្ស័យ​ដែល​តំណាង​អយ្យការ​សម្រេច​ដោះលែង​​នេះ​ ឈ្មោះ លី ម៉ា​ណា ហៅ​ លី ហ្គេ​ច​ហៀក ភេទ​ស្រី អាយុ​២៦​ឆ្នាំ មានមុខ​​ជា​គ្រូទាយ។​ ចំណែក​ប្ដី​គ្រូទាយ​ឈ្មោះ សុន ឆ័យ អាយុ​៤៤​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ពីបទ​រំលោភ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល ហើយ​បញ្ជូន​សំណុំរឿង​ទៅឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ដែល​បទល្មើស​នេះ​ជៀស​មិន​ផុតពីត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ឡើយ។


ពាក់ព័ន្ធ​នឹង​ការ​​ដោះលែង​គ្រូទាយ​ឈ្មោះ លី ម៉ា​ណា បើតាម​ប្រភព​ព័ត៌មាន​ពី​តុលាការបានឱ្យដឹងថា បន្ទាប់ពី​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរនាក់​ប្ដី​ប្រពន្ធ​ទៅ​សាលាដំបូង​ហើយ ​លោក​ព្រះរាជអាជ្ញារង សៀង សុខ បាន​សាកសួរ​តាំងពី​ល្ងាច​ថ្ងៃទី​៣០ ​វិច្ឆិកា រហូតដល់​ព្រឹក​ថ្ងៃទី​០១ ​ធ្នូ ឆ្នាំ​២០១៧​នេះ ស្រាប់តែ​លោក​ព្រះរាជអាជ្ញារង​បានសម្រេច​ចោទប្រកាន់តែ​ឈ្មោះ ​សុន ឆ័យ ជា​ប្ដី​បញ្ជូនទៅឱ្យចៅក្រម​ចាត់ការ​បន្ត​តាម​នីតិវិធី។ ចំណែក​ប្រពន្ធឈ្មោះ លី ម៉ា​ណា ដែល​ជា​គ្រូទាយ ត្រូវ​សម្រេច​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​ ដោ​យ​សម្អាងថា​ គ្រូទាយ​រូបនេះ​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ ជាមួយនឹង​លុយកាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រប​ស់ជន​រងគ្រោះ​នោះទេ។


ការសម្រេច​នេះ​បានធ្វើឱ្យ​មាន​ប្រតិកម្ម​ភ្លាមៗ​ពី​សំណាក់​ក្រុមគ្រួសារ​ ដែល​ចាញ់កល​ល្បិចបោកប្រាស់​របស់​គ្រួសារ​គ្រូទាយ​នេះ ដោយ​ជនរងគ្រោះ​បាន​លើកឡើងថា តើ​គ្រូទាយ​ឈ្មោះ លី ម៉ា​ណា​ នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​លុយកាក់​ដូចម្ដេច​ទៅ បើ​ក្នុង​មួយខែៗ​បង្គាប់​ឱ្យ​ជនរងគ្រោះរៀបចំ​ដ​ង្វា​យ​ជា​លុយ​សុទ្ធ ជា​ទ្រព្យ​ផ្សេងៗ​អស់​រាប់ពាន់​ដុល្លារ​ដាក់​នៅផ្ទះ​គ្រូ? តើ​ទង្វើនេះ​មិនមែន​ជាការ​ឆបោក​ទេ​ឬ? ម្យ៉ាងទៀត​ការរៀបចំ​គម្រោង​ស៊ី​ដាច់​ក្រុមហ៊ុន​សំណង់​បុរីមានតម្លៃ​រាប់សែន​ដុល្លារ​ពី​សំណាក់​គ្រូទាយ​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះ តើ​វា​មិនមែនជា​បទល្មើស ឬយ៉ាងណា? បើ​សូម្បីតែ​សំណង់ផ្ទះ​ល្វែង​ក្នុង​បុរី​មានឈ្មោះ​ក្រុមគ្រួសារ​គ្រូទាយ​បោកប្រាស់​នេះ​ដល់ទៅ​៩​ល្វែង​ទៅហើយ ដែល​វា​ជា​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ពិតៗ។


នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​រសៀលថ្ងៃទី​៣០ ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​បញ្ជូន​គ្រូមន្តអាគម​អូមអាម​ប្ដី​ប្រពន្ធ​ពីរនាក់ ដែលជា​អ្នក​ស្នងរូបលោក​យាយ​ម៉ៅ​មក​តុលា​ការ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​អំពើ​ឆបោក​ប្រាក់​ប្រមាណ​ជិត​១​លានដុល្លារ។


ការ​បញ្ជូន​គ្រូមន្ដអាគម​អូមអាម​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​មក​តុលាការ គឺ​ក្រោយពី​សមត្ថកិច្ច​បាន​ចាន​ខ្លួន​ពួក​គេ​នៅផ្ទះ​លេខ​០៦ ផ្លូវ​Q០១ ភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ នា​រសៀល​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយមាន​ការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង ​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្ម។


ជនសង្ស័យ​ ដែល​ត្រូវ​ឃាត់ខ្លួន​ និង​បញ្ជូន​មក​តុលាការ​ឈ្មោះ សុន ឆ័យ អាយុ​៤៤​ឆ្នាំ ជា​ប្តី និង ​ប្រពន្ធដែលជា​គ្រូទាយធ្វើ​មន្តអាគម​ស្នង​រូប​យាយ​ម៉ៅ​ឈ្មោះ លី ម៉ា​ណា (​ហៅ លី ហ្គិ​ច​ហៀក​) អាយុ​២៦​ឆ្នាំ។ អ្នកទាំង​ពីរមាន​លំនៅក្នុងភូមិ​គ្រឹះដែល​សមត្ថកិច្ច​ឃាត់ខ្លួន។ ជនរងគ្រោះ​ដែល​ត្រូវជនសង្ស័យ​ឆបោក​មានឈ្មោះ អាំង គី​ហេង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ពាណិជ្ជករ និង​ ប្រពន្ធ​ឈ្មោះ ទិ​ត្យ ផល្លា អាយុ​៣៣​ឆ្នាំ ជា​ពាណិជ្ជករ អ្នក​ទាំងពីរ​មាន​លំនៅ​ភូមិ​បឹង​សាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។


បើតាម​លោក អាំង គី​ហេង និង​ លោកស្រី ទិ​ត្យ ផល្លា ដែលជា​ជនរងគ្រោះ​បាន​រៀបរាប់​យ៉ាង​លម្អិតប្រាប់​សមត្ថកិច្ច និង​ អ្នកសារព័ត៌មាន​ថា ចាប់តាំងពី​ខែមករា ក្នុង​ឆ្នាំ​២០១៥ មកទល់​បច្ចុប្បន្នគ្រាន់តែ​ថ្លៃ​ធ្វើ​កិច្ច ពោល គឺ​រៀបចំ​គ្រឿង​សំណែន គាត់​ចាញ់បោក​លោកយាយ​គ្រូ លី ម៉ាណា (​ហៅ លី ហ្គិ​ច​ហៀក​) និង ​ប្តី​ឈ្មោះ សុន ឆ័យ អស់​ទឹកប្រាក់​ចំនួន​ជាង​ ៣៥​ ម៉ឺន​ដុល្លារឯណោះ ជាពិសេស​នៅពេល​ធ្វើ​កិច្ច​ម្តងៗ លោកយាយ​គ្រូអូមអាម​បាន​ញុះញង់​ឲ្យ​គាត់ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ ដោយ​ឲ្យ​ចោទថា​ ប្រពន្ធ​កូន​ជា​បិសាច​កាន់​ផ្កាឈូក​ខ្មៅ គឺជា​មនុស្ស​អាក្រក់ ហើយ​គ្រូ​បោកបាន​បញ្ចុះបញ្ចូល​ឲ្យ​យក​ប្លង់ដីប្លង់​ផ្ទះ​ទាំងអស់​ ទៅ​ឲ្យ​គាត់​រត់ការដាក់បញ្ចាំយកប្រាក់​ទៅ​វិនិយោគធ្វើ​បុរី​នៅ​ខេត្តកំពង់ស្ពឺ ថែម​ទៀតផង​។

ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ បាន​រៀបរាប់​យ៉ាង​លម្អិត​ប្រាប់ឱ្យដឹង​ថា គាត់​ និង​ក្រុមគ្រួសារបានស្គាល់ និង​មានការ​ទំនាក់​ទំនងជា​មួយ​គ្រូទាយតាំងពី​ឆ្នាំ​២០១៥​មក រហូត​មានការលួងលោម​អូសទាញ​ឲ្យ​រៀបចំ​គ្រឿង​ដង្វាយ​ដាក់​លើ​អាសនៈ មានដូចជា ក្រដាសប្រាក់​២០ដុល្លារ​ ចំនួន​៣២​សន្លឹក​, ស្ករ​គ្រាប់​៣២​កំប៉ុង និង​ ផ្លែឈើ​តម្លៃ​១៣៥​ដុល្លារ ទៀនធូប ស្លា​ម្លូ​ចំនួន១២​ដុល្លារ ក្នុង​មួយ​លើក​អស់​ចំនួន​៨១១​ដុល្លារ ដោយ​ក្នុង​មួយ​សប្តាហ៍​អស់​ចំនួន​ ២៤៣៣ ដុល្លារ ព្រមទាំង​ឲ្យ​នាំ​ដើរលេង​ទៅ​ប្រទេស​ថៃ ជា​ញឹកញាប់​ផងដែរ ដើម្បី​លើករាសី​នៅ​ថ្ងៃ​សុក្រ សៅរ៍ និង ​ថ្ងៃអាទិត្យ ជា​រៀងរាល់​សប្ដាហ៍។


សរុប​ចំនួន​ទឹកប្រាក់ដែល​យាយ​គ្រូ​បោកសរុប​ទាំងអស់ចំនួនប្រមាណ​ជិត​១​លាន​ដុល្លារ ដែល​ក្នុង​នោះ​ថ្លៃ​រៀបចំ​ធ្វើ​កិច្ច​ចំនួន​ជាង​៣៥​ម៉ឺន​ដុល្លារ ថ្លៃ​ជើងសារ ​១០%​ ជាង​៤២​ម៉ឺន​ដុល្លារ ព្រមទាំង​ថ្លៃ​នាំ​ដើរលេង ហើយ​រៀបចំ​គម្រោង​ឲ្យ​ធ្វើ​វិឡា​អាសនៈ​មានតម្លៃប្រមាណ​ជាង​១​លាន​ដុល្លារ ក្នុង​ទំហំ​ផ្ទៃដី​ជាង​២​ពាន់​ម៉ែត្រការ៉េ នៅ​ប៉ោយប៉ែត មានតម្លៃ​ប្រមាណ​២​លាន​ដុល្លារ និង​ ផ្ទះ​៤​ល្វែង មានតម្លៃ​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ និង​ ក្រុមហ៊ុនផងដែរ ដែល​សរុប​ទាំងអស់​ប្រមាណ​៥​លាន​ដុល្លារ​ទៀត តែមិនបាន​សម្រេចដោយសារតែគាត់​ដឹងខ្លួន និង​ បែកការ​ទៅហើយ​។


លើសពីនេះ លោកយាយ​គ្រូ លី ម៉ា​ណា (​ហៅ លី ហ្គិ​ច​ហៀក​) បាន​ណែនាំ​ប្តី​ឈ្មោះ សុន ឆ័យ ដែលមាន​ជំនាញ​ខាង​រកស៊ី​នៅ​សហរដ្ឋអាមេរិក ឲ្យ​ទទួលយក​តំណែង​ធ្វើជា​នាយក​ប្រតិបត្តិគ្រប់គ្រង​បុរី​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​រៀបចំ​គម្រោង​ធ្វើ​កិច្ចសន្យា​ផ្តល់​កម្រៃជើងសា​ ពី​ចន្លោះ ​៥​% ទៅ ​១០% ក្នុង​ការ​លក់​ផ្ទះមួយ​ល្វែង​ជំនួស​ជនរងគ្រោះ ក្នុង​បំណង​លេប​ត្របាក់​ក្រុមហ៊ុន​ទាំងមូល​តែម្ដង​។


ជាងនេះទៀត​ ឈ្មោះ សុន ឆ័យ បាន​ឲ្យ​ផ្ញើ​ប្រាក់​តាម​ធានា​គារក្នុង​១​ខែ​១​ម៉ឺន​ដុល្លារ ឲ្យ​ទៅ​គាត់​ជារៀងរាល់ខែ ស្មើ​ទឹកប្រាក់​ចំនួនជាង​៤២​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​គាត់​មាន​សេចក្ដី​ទុក្ខ​ចិត្ត និង​ ជឿជាក់។ នៅពេលដែល​គាត់​ទាមទារ​ឲ្យ​បិទ​បញ្ជី ឈ្មោះ សុន ឆ័យ ជា​ប្ដី​គ្រូទាយ​មិន​ធ្វើ​ឡើយ ដោយ​យកលេស​ថា ប្រពន្ធ​គាត់​ជា​អ្នកធ្វើ​ឲ្យ​ក្រុមហ៊ុន​ច្របូក​ច្របល់ និង ​ឆ្កឹះ​ឆ្កៀល​ឲ្យ​ដេញ​ប្រពន្ធ​កូន និង បុគ្គលិក​ទាំងអស់​ចេញ ហើយ​រើស​បុគ្គលិក​ថ្មី និង​ ឆ្លៀតឱកាស​ក្លែង​ឯកសារ​ទិញ​ផ្ទះ​ដាក់ឈ្មោះបងប្អូន​របស់ខ្លួន និង​​ធ្វើ​​​បង្គាប់​ឲ្យ​រៀប​ចំ​អាសនៈ​ក្នុង​បុរី ដោយ​ដាក់ឈ្មោះ សុន ឆ័យ និង ឈ្មោះ​ប្រពន្ធ​ជា​លោកគ្រូ​បោក តែ​ប្រហែលជា​ដល់​ថ្ងៃ​អស់​លក្ខ​ត្រឹមហ្នឹង ព្រោះ​ត្រូវបាន​គាត់​ដឹងខ្លួនជាមុន​ទាន់ ទើប​ឈានទៅដល់​ការដាក់​ពាក្យបណ្តឹងសុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់ឃាត់ខ្លួន​តែម្តង​។


ក្រៅពី​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវ​ចាញ់បោក​លោកយាយ​គ្រូអូមអាម លី ម៉ា​ណា ហៅ លី ហ្គិ​ច​ហៀក ដែលជា​អ្នក​ស្នង​រូប​យាយ​ម៉ៅ និង​ ប្តី​ឈ្មោះ សុន ឆ័យ នៅមាន​មនុស្ស​ជាច្រើន​ទៀតដែល​បាន​ទៅរក​គ្រូមន្ដអាគម​ឲ្យ​ជួយ និង​ ចាញ់បោក​ជា​ហូរហែ​ផងដែរ។​

ជាមួយគ្នានេះជនរងគ្រោះ​ក៏មាន​ការ​ព្រួយ​បារ​ម្ភ​ផងដែរ​ នៅពេលដែល​គ្រូអូមអាម​ឈ្មោះ ​លី ម៉ា​ណា នេះ​រួចខ្លួន​មកវិញ ​មិនដឹង​ជា​ដើរ​បោក​ប្រាក់ន​រណា​ខ្លះទៀត​ទេ និង ​សូមឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ផង៕​

No comments