Header Ads

Update ពិតជាសាហាវមែន៖ កូនប្រុសមន្ត្រីពន្ធដាម្នាក់ស្រវឹង បើករថយន្តបុករះម៉ូតូ កង់ និងស្រ្តីពោះធំ ៨ខែម្នាក់ឲ្យរងរបួសធ្ងន់



បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​មន្ត្រី​ពន្ធដាដ៏​មាន​ឥទ្ធិពល​ម្នាក់​ផង​នោះ បានត្រូវប្រជាពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង ខណៈដែលបើករថយន្តម៉ាក LAND CRUISER PRADO ១គ្រឿង បុករះស្ត្រីមានផ្ទៃពោះម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងបន្តបុករះម៉ូតូចំនួន ២គ្រឿងថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដែលបុរសខាងលើបើកបររថយន្តក្នុងស្ថានភាពសង្ស័យស្រវឹងស្រា កាលពីវេលាម៉ោង ៥ និង ៥០នាទី ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៤៨៨ កែងនិងផ្លូវលំ ត្រង់ចំណុចភូមិបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក LAND CRUISER PRADO ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២T-៩៦៧៨ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រថយន្តមួយកន្លែង ដោយសារតែផ្លូវទាល់ទៅមិនរួច ខណៈនោះ បុរសជាអ្នកបើកបរបានបើករថយន្តថយក្រោយ ទៅបុកស្ត្រីពោះធំជិតគ្រប់ខែម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបន្តទៅបុករះម៉ូតូ និងកង់ចំនួន ៣គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ។


ភ្លាមនោះ បុរសដែលបើករថយន្តបង្កបានព្យាយាមបើករត់គេច ក៏ត្រូវប្រជាពលរដ្ឋយកដុំថ្មកល់ពីមុខ និងក្រោយកង់រថយន្ត ​និងខឹងសម្បារយ៉ាងខ្លាំង ក៏បាននាំគ្នាឡោមព័ទ្ធយកដុំថ្មគប់កម្ទេចរថយន្តម៉ាក LAND CRUISER PRADO ១គ្រឿងនោះ ខូចខាតយ៉ាងដំណំផងដែរ តែបុរសជាអ្នកបើកបរនៅតែអង្គុយក្នុងរថយន្តរហូតទាល់តែសមត្ថកិច្ចមកដល់ ទើបបើករថយន្ដរត់គេចខ្លួនបាត់ស្រមោល។


ដោយឡែក ម៉ូតូ​ដែល​រង​ការ​ខូចខាត​នោះ ​គឺ​ទី​១-​ម៉ូតូ​ម៉ាក​ស្គូ​ពី ១គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ១I-៩១៤២ និង​ទី​២-​ម៉ាក ZOOMER-X ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ ១FW-៩៤០៤ មួយ​គ្រឿង និង​កង់​ចំនួន ​១​គ្រឿង ព្រមទាំង​បាក់​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន ១​ផ្ទាំង ​ផង​ដែរ​។


ក្រោយ​ពេល​កើតហេតុ ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើការ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ហើយ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន រួម​ទាំង​ឪពុក​របស់​បុរស​ជា​អ្នក​បើករថយន្ត​ដែល​គេ​បាន ដឹង​ថា ជា​មន្ត្រី​ពន្ធដា​ដ៏​មាន​ឥទ្ធិពល​ម្នាក់ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​រំដោះ​រូប​កូន​យក​ចេញ​ទៅ​បាត់​ស្រមោល ។ ដោយ​ទុក​តែ​រថយន្ត​បង្ក និង​កូនចៅ រួម​ទាំង​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន នាំ​គ្នា​ធ្វើការ​ព្យាយាម​ដោះស្រាយ ដោយ​ស្ងាត់​ៗ​ជាមួយនឹង ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង និង​កង់​ចំនួន​១​គ្រឿង រួម​ទាំង ម្ចាស់ផ្ទះ​ដែល​បាក់​របង​មួយ​ផ្ទាំង​ប៉ុណ្ណោះ ៕






















No comments