Header Ads

តើលោក ខេមរៈ សិរីមន្ត នឹងដឹកដៃ ខេមរៈ ស្រីពៅ ចូលទ្រនំថ្មីជាមួយមែនទេ?

លោក ខេមរៈ សិរីមន្ត បន្ទាប់ពីបានចេញពី សាន់ដេ ទៅកាន់ ហង្សមាស គាត់បានទទួលនូវការគំាទ្រជាខ្លាំងនូវបទចម្រៀងរបស់គាត់ ដែលមានដូចជាបទ “ស្ទឹងត្រែងបងអើយ”, “អស់សិទ្ធិថែ តែនៅបារម្ភ”, “ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ”, “ក្បាច់ពស់” ជាដើម។


ខេមរៈ សិរីមន្ត ស្រលាញ់ប្អូនស្រីខេមរៈ ស្រីពៅ ខ្លាំងណាស់ សូម្បីតែពេលច្រៀងនៅ U2 និង សាន់ដេ ក៏បានយកប្អូនស្រីចូលទៅជាមួយ ដោយច្រៀងចាប់ដៃគូឆ្លងឆ្លើយដែរ ទើបពេលនេះលេចឮថា សិរីមន្ត ចង់យកស្រីពៅ ទៅចូលទ្រនំហង្សមាស ជាមួយគ្នាទៀត ដើម្បីឱ្យនាងស្តារមុខមាត់ឡើងវិញ ក្រោយពីស្រីពៅ បានបាត់ខ្លួនពីពិភពសិល្បៈជាង3ឆ្នាំ ដោយមានការលើកឡើងចម្រូងចម្រាសខុសៗគ្នានោះ។


ប្រភពបានឱ្យដឹងថា ហង្សមាស នឹងបើកទ្វារជានិច្ច សម្រាប់ខេមរៈ ស្រីពៅ ដើម្បីរក្សាតារាចម្រៀងសិរីមន្ត ឱ្យនៅទ្រនំនេះបានយូរអង្វែងតទៅទៀតបាន តែអ្នកសិល្បៈមួយចំនួន បែរជាលើកឡើងថា ឱកាសដែលស្រីពៅ វិលត្រឡប់ចូលសិល្បៈវិញ គឺមានតិចតួចបំផុត តាំងពីគេល្បីថា នាងក្លាយជាជំទាវ មានគូស្នេហ៍ជាក្មួយមន្ត្រីធំមក តែដំណឹងទាំងឡាយ ត្រូវបានក្រុមគ្រួសារសិរីមន្ត ធ្លាប់ប្រឆាំង ដោយថា ស្រីពៅ មានបញ្ហាសុខភាពរលាកបំពងក និងឈឺក្រពះ សម្រាកព្យាបាលជំងឺ ទើបមិនអាចឡើងច្រៀងបាន ហើយសិរីមន្ត បានប្រតិកម្មជាខ្លាំងរឿងដែលគេថា ស្រីពៅ ប្រើឡេបកស្បែកខុស រហូតប្រតិកម្មរលេះរលួយស្បែក ដេកលើកន្ទេលស្លឹកចេក នៅស្រុកកំណើតខេត្តកំពង់ចាម នោះ ដោយតារាចម្រៀងរូបនេះបានបដិសេធថា គ្មានរឿងបែបនេះទេ។


ក្នុងជំនួបផ្ទាល់ជាមួយខេមរៈ សិរីមន្ត តារាចម្រៀងរូបនេះ ហាក់មិនប្រាប់ឱ្យច្បាស់ថា ប្អូនស្រីខ្លួនទៅចូលហង្សមាស មែន ឬវិលត្រឡប់ចូលសិល្បៈវិញនៅពេលណាឡើយ។

ខេមរៈ សិរីមន្ត ថ្លែងថា “រឿងហ្នឹងជាការសម្រេចចិត្តរបស់គាត់ (ស្រីពៅ) ទេបង! ហើយវាអាស្រ័យលើសុខភាពរបស់គាត់ដែរ តែពេលនេះ គាត់គ្រាន់បើជាងមុនហើយ!”។


តាំងពីបាត់មុខខេមរៈ ស្រីពៅ មក ខេមរៈ សិរីមន្ត បានប្តូរដៃគូថ្មីដែលកាលច្រៀងនៅសាន់ដេ ច្រៀងសម្តែងជាមួយសុខ ពិសី តែពេលទៅដល់ហង្សមាស គឺចាប់ដៃគូចាស់ជាមួយឱក សុគន្ធកញ្ញា ម្តង ហើយមានព័ត៌មានថា សិរីមន្ត គ្រោងនឹងដឹកដៃសុគន្ធកញ្ញា ថតភាពយន្តភាគថ្មីរបស់ហង្សមាស នាពេលខាងមុខនេះ ទៀតផង។


តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បន្ថែមថា “ខ្ញុំច្រៀងសម្តែងនៅហង្សមាស គឺនៅលើក្រុមហ៊ុនដាក់ឱ្យ មិនមែនថា យើងចាប់ដៃគូតែជាមួយតារាណាម្នាក់ទេ ខ្ញុំធ្វើទៅតាមក្រុមហ៊ុន។ ចំពោះការថតភាពយន្តវិញ ខ្ញុំមិនទាន់អាចនិយាយឱ្យច្បាស់លាស់ទេ នៅពេលនេះ គឺចាំមើលដល់ពេលជាក់ស្តែងសិន ចាំខ្ញុំប្រាប់ តែនៅពេលនេះ ក្រុមហ៊ុនមិនទាន់ប្រាប់ថា ឱ្យខ្ញុំថតភាពយន្តទេ។ ចំណែករឿងថា ខ្ញុំនឹងអាចចាប់ដៃគូច្រៀងជាមួយពេជ្រ សោភា នោះ គឺខ្ញុំក៏មិនទាន់ច្បាស់លាស់ដែរ តែវាអាស្រ័យលើក្រុមហ៊ុនគាត់រៀបចំ ដែលខ្ញុំអាចនឹងចាប់ដៃគូជាមួយតារាណាក៏បាន ឱ្យតែគាត់តម្រូវ”។


អ្នកគាំទ្រសិរីមន្ត បានលើកឡើងខុសៗគ្នាពីបទចម្រៀងសិរីមន្ត នៅពេលនេះ ដោយអ្នកខ្លះថា សិរីមន្ត នៅតែមានការគាំទ្រច្រើនដូចកាលច្រៀងនៅសាន់ដេ តែអ្នកខ្លះទៀតថា សិរីមន្ត ធ្លាក់ជាងមុនបន្តិច ព្រោះបទចម្រៀងរបស់គេនៅហង្សមាស មិនសូវមានការលើកយកឡើងច្រៀងតាមបណ្តាបៀរហ្គារដិន និងក្រុមតន្ត្រីមួយចំនួនដូចមុនឡើយ។


ចំណែកអ្នកជំនាញសិល្បៗបានលើកឡើងថា សិរីមន្ត រាងចុះខ្សោយបន្តិចទៅហើយ ពេលដែលចេញពីសាន់ដេ ចូលហង្សមាស ហេតុនេះហើយបានជាពេលនេះ ទោះជាច្រៀងបទល្អៗក៏មិនសូវជាផ្ទុះខ្លាំងដូចមុននោះ។

អតីតតារាចម្រៀងសាន់ដេ រូបនេះ បន្ថែមថា “បទចម្រៀងខ្ញុំនៅតែមានការគាំទ្រច្រើនដូចមុនអីចឹង ព្រោះអីបទខ្ញុំគ្រាន់តែចេញជា Audio មិនទាន់ចេញជា MV ផង តែមានគេគាំទ្រច្រើនទៅហើយ។ បទចម្រៀងខ្ញុំនៅពេលនេះ គឺមិនមែនតែបងប្រុសខ្ញុំភារុណ គាត់ធ្វើផ្តាច់ឱ្យខ្ញុំច្រៀងតែម្នាក់ទេ គឺគាត់និងក្រុមការងារហង្សមាស សហការគ្នាធ្វើរួមគ្នា។ សូម្បីតែកាលនៅសាន់ដេ ក៏បងភារុណ គាត់ធ្វើបទឱ្យខ្ញុំ រួមជាមួយក្រុមការងារសាន់ដេ ដែរ មិនមែនធ្វើឱ្យខ្ញុំច្រៀងផ្តាច់មុខទេ”។


អ្នកជំនាញសិល្បៈបានលើកឡើងថា ការដែល ខេមរៈ សិរីមន្ត ឈានទៅដល់ហង្សមាស នៅពេលនេះ គឺជាការប្រកួតប្រជែងគ្នាដោយយុត្តិធម៌ជាមួយលោកព្រាប សុវត្ថិ ដើម្បីឱ្យដឹងថា តារាទាំង២ មួយណាខ្លាំងជាង ពេលឈរនៅទ្រនំតែ១ជាមួយគ្នានេះ ខណៈដែល ៦ឆ្នាំមកហើយ តែងតែមានការប្រៀបធៀបគ្នាថា តារាទាំង២ ប្រជែងគ្នាខ្លាំងក្លាណាស់។


ប៉ុន្តែអ្នកខ្លះទៀតថា “ភ្នំ១ មិនអាចមានខ្លា២ទេ” អីចឹងប្រាកដជាមានផលវិបាក ព្រោះថា មិនដឹងលើកព្រាប សុវត្ថិ ឬលើកសិរីមន្ត ឱ្យខ្លាំងជាងឡើយ ខណៈដែលលោកសាស្ត្រាចារ្យសេង សំអាន មន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ បានព្រមានថា រវាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត គឺហង្សមាស មិនអាចលើក1 ទម្លាក់1បានជាដាច់ខាត គឺបើលើក គឺលើកទាំង២ បើទម្លាក់ គឺទម្លាក់ទាំង២ ទើបទៅរួច។


លោក ខេមរៈ សិរីមន្ត បញ្ជាក់ថា “ខ្ញុំមិនចង់ឱ្យមានការផ្គូផ្គងជាមួយកន្លែងចាស់ និងថ្មី ឬជាមួយតារាចម្រៀងរូបណាទេ ខ្ញុំចង់និយាយតែការងារសិល្បៈរបស់ខ្ញុំថ្មីៗជាង។ ខ្ញុំនិងបងព្រាប សុវត្ថិ ធ្វើការជួបគ្នារាល់ថ្ងៃ គ្មានរឿងអីទេ គឺខិតខំតែរៀងៗខ្លួនប៉ុណ្ណោះ”៕






























No comments