Header Ads

ថ្មី ហើយប្លែកៗ!!! តិចអត់ដឹងថាទារកកើតចំថ្ងៃចូលឆ្នាំសកល២០១៨ នេះមានប៉ុន្មាននាក់

​(យូអិន)៖ មូលនិធិអង្គការ​សហប្រជាជាតិ សម្រាប់​កុមារ ឬ អង្គការ UNICEF នៅថ្ងៃចន្ទ​សប្ដាហ៍នេះ​បានវាយតម្លៃថា ទារក ៣៨៦,០០០នាក់ ចាប់កំណើត​នៅទូទាំង​ពិភពលោកបាន នៅថ្ងៃ​ចូលឆ្នាំថ្មី២០១៨ ហើយ ៩០ភាគរយ នៅក្នុងតំបន់មិនសូវមាន​ការអភិវឌ្ឍ (ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។


យោងតាម UNICEF​ ចំនួនទារក​ចាប់កំណើតពាក់​កណ្ដាល ត្រូវបានប៉ាន់​ស្មាននៅក្នុង​ប្រទេសចំនួន ០៩ មានដូចជា ឥណ្ឌា India (៦៩,០៧០នាក់), ចិន (៤៤,៧៦០នាក់), នីហ្សេរីយ៉ា (២០,២១០នាក់), ប៉ាគីស្ថាន (១៤,៩១០នាក់), ឥណ្ឌូណេស៊ី (១៣,៣៧០នាក់), សហរដ្ឋអាមេរិក (១១,២៨០នាក់), សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (៩,៤០០នាក់), អេត្យូពី (៩,០២០នាក់) និងបង់ក្លាដែស (៨,៣៧០នាក់)។ ប៉ុន្តែ​ក្នុងចំណោម​ទារកទាំងអស់​ខាងលើ មានទារកខ្លះគ្មាន​ភ័ព្វសំណាងឆ្លងផុត​ថ្ងៃ​ដំបូងរបស់​ពួកគេ។


គួរបញ្ជាក់ថា កាលពី​ឆ្នាំ២០១៦ ទារក​ជាង ២,៦០០នាក់ ត្រូវបានគេប៉ាន់​ស្មានថា បានស្លាប់នៅ​ក្នុងរយៈ ២៤ម៉ោងដំបូង បន្ទាប់ពីកំណើតរបស់ពួកគេ ហើយ​បើតាម UNICEF ទារកជាង ២លាននាក់ មិនអាចឆ្លងផុតសប្ដាហ៍​ដំបូងនៃជីវិត​របស់ពួកគេ គិតនៅក្នុងឆ្នាំដដែល។ ជាងនេះទៅទៀត​ទារក ២.៦លាននាក់ បានស្លាប់នៅក្នុងខែដំបូង​របស់ពួកគេ ខណៈក្នុងចំណោម ទារកទាំងនេះច្រើនជាង ៨០ភាគរយ ស្លាប់ដោយសារ​កើតមិនគ្រប់ខែ ពិបាកក្នុង​ការសម្រាល ការឆ្លងមេរោគ ឬក៏មានជំងឺ​រលាកសួត​ជាដើម៕






























No comments