ពិតជាសាហាវណាស់ មានអ្នកស្លាប់ដល់ទៅ៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់
សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅម៉ោង០៤៖៤០នាទីល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅលើបណ្តោយជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥៩ និង១៦០ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានបាត់បង់ជីវិតចំនួន០៦នាក់។ លោកបានបន្ថែមទៀតថា យោងចម្លើយសាក្សីដែលនៅជិតកន្លែងកើតហេតុ បានបំភ្លឺថាគឺ រថយន្តក្រុងម៉ាក KAI ពណ៌ស ខៀវ របស់ក្រុមហ៊ុន Capitol ពាក់ផ្លាកលេខ ភ្នំពេញ 3B-6165 ធ្វើដំណើរពីកើតទៅលិច (អ្នកបើកបរគេចខ្លួន) បានបុកជាមួយរថយន្តម៉ាក Toyota Corola ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2D-7437 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ សុទ្ធ តារា ភេទប្រុស រស់នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រធានក្រុមប្រឹក្សាស្រុកក្រគរ (រងរបួសធ្ងន់) បញ្ជូនដល់មន្ទីរពេទ្យខេត្តពោធិ៍សាត់ (ស្លាប់)។
ភ្លាមនោះរថយន្ត KAI បានរេចង្កូតទៅបុករះចំទ្រូងរថយន្តម៉ាក HYUNDAI មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3464 ធ្វើដំណើរពីលិចទៅកើត (អ្នកបើកបររត់គេចខ្លួន) ចំផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តក្រុងធ្លាក់ផ្លូវ ខូចជញ្ជាំងផ្នែកខាងស្តាំមួយចំហៀងទាំងស្រុង។
បច្ចុប្បន្នជនរងគ្រោះកំពុងសង្ក្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ដោយឡែកសាកសពទាំង៦នាក់ បានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នា តាមច្បាប់នៅពេលក្រោយ៕
Post a Comment