Header Ads

មាននរណាចង់សាកអត់!!! ទីបំផុត ឡូរី មានផ្លូវផ្ទាល់ខ្លួនហើយ សម្រាប់ជិះលេងកម្សាន្ត

ឡូរី ដែលគេស្គាល់ថាជាគ្រែឫស្សីដើរដោយម៉ាស៊ីនសម្រាប់ដឹកភ្ញៀវទេសចរ ត្រូវបានអភិវឌ្ឍឡើងវិញនៅ​ជាប់ជើង​ភ្នំបាណន់ ស្ថិតក្នុង​ស្រុកបាណន់ ខេត្តបាត់ដំបង និងបាន​បើកសម្ពោធ​ដាក់ឲ្យដំណើរការ​​ជាផ្លូវការ ជា​លើក​ដំបូងគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​កិច្ចសហការ​សាងសង់​ឡើងរវាង​អាជ្ញាធរខេត្ត និង​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍន៍។


លោក សយ បូរ៉ា ស្ថាបនិកនៃស្ថានីយឡូរី បានប្រាប់ឲ្យដឹងថា ​ការសាងសង់​ផ្លូវ និងឡូរីទេសចរណ៍នេះ ក្នុង​គោលបំណង​ឲ្យភ្ញៀវទេសចរ ជិះឡូរី​លេង​កម្សាន្ត និង​ទស្សនា​តំបន់​ទេសចរណ៍សម្បត្តិ​វប្បធម៌ សម្បត្តិ​ធម្មជាតិ និងមើល​តំបន់​កសិទេសចរណ៍នៅ​ជុំវិញ​ភ្នំបាណន់។


លោក បូរ៉ា ឲ្យដឹងថា ការសាងសង់ចែកជាច្រើនដំណាក់កាល ដោយដំណាក់កាលដំបូងគឺសាងសង់ផ្លូវឡូរីនេះ​មាន​ប្រវែង​ជាង ៣គីឡូម៉ែត្រ និងមានឡូរីសរុបប្រមាណជាង ៣០។ បន្ទាប់មកគឺសាងសង់ស្ថានីយសម្រាប់ភ្ញៀវរង់ចាំ តំបន់សិក្សាប្រវត្តិសាស្ត្រ រមណីយដ្ឋានទេសចរណ៍ជាដើម។ លោកសូមមិនបញ្ជាក់ពីទុនវិនិយោគនោះឡើយ។


លោកបន្តថា “តម្លៃនៃការ​ជិះឡូរី​នេះ គឺភ្ញៀវខ្មែរ តម្លៃ ១ម៉ឺន​រៀល សម្រាប់​ភ្ញៀវ​អន្តរជាតិ​តម្លៃ ២ម៉ឺន​រៀល ភ្ជាប់ជាមួយការធានាអាយុជីវិត។ ដោយឡែក​សម្រាប់ការ​ធ្វើដំណើរ​តាមផ្លូវ​​ឡូរីមាន​រយៈពេល​ប្រហែល​ កន្លះម៉ោង​។លោក ​បញ្ជាក់ថា ​ឡូរី​ទេសចរណ៍​សម័យថ្មីនេះ​ នឹង​ធ្វើឲ្យ​ភ្ញៀវទេសចរ​ទទួលបាននូវ​​បទ​ពិសោធថ្មី​មិនធ្លាប់​មាន​ពីមុន​មក​។​


លើស​ពីនេះ​ បើតាម​លោក ​អ៊ុច អ៊ុភីនីស្សារ៉ា ​ប្រធាន​មន្ទីរទេសចរណ៍​​ខេត្តបាត់ដំបង​ បានអះអាង ក្នុងថ្ងៃសម្ពោធផ្លូវឡូរីកាលពីថ្ងៃទី ៣១ ធ្នូ ២០១៧ បន្ថែមថា ការសាងសង់ផ្លូវឡូរីថ្មីនេះ នឹងសង់​ឲ្យដល់​ភ្នំសំពៅ ដែលគិតជា​រយៈ​ចម្ងាយ​ ប្រមាណ​ជាង ១៦គីឡូម៉ែត្រ៕



























No comments