Header Ads

ពិតជារន្ធត់ចិត្តណាស់លោកអើយ ច្របាច់កសម្លាប់នៅក្នុងបន្ទប់ទឹក ទាំងអាក្រាតកាយ (មានវីដេអូ)

ភ្នំពេញ ៖ ស្ត្រីជាមេម៉ាយកូន២ បានទាក់ទងស្នេហាជាមួយបុរសម្នាក់ និងបានជួលបន្ទប់ស្នាក់នៅរួមគ្នាអស់មួយរយៈមកហើយ និងឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីនឹងគ្នាខ្លាំងណាស់ លុះក្រោយមកស្រាប់តែមានអ្នកជិតខាងបានប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ទឹកមានពាក់តែអាវ អត់មានស្លៀកខោ ចំណែកសម្ភារគ្រឿងអលង្ការ រប៉ាត់រប៉ាយពេញបន្ទប់ ដោយឡែកបុរសជាប្រុសស្នេហ៍ក៏បាត់ខ្លួនទៀត ទើបធ្វើឱ្យមានការសង្ស័យថា ករណីនេះ គឺជារឿងឃាតកម្ម ប្រុសស្នេហ៍ច្របាច់កសម្លាប់ស្រីស្នេហ៍ក្នុងបន្ទប់ទឹក។


ករណីឃាតកម្មខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹក ក្នុងបន្ទប់ជួល F54 ជាន់ទី១ ក្នុងផ្សារសុភមង្គល ស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។


ស្ត្រីរងគ្រោះ ដែលត្រូវប្រុសស្នេហ៍ច្របាច់កសម្លាប់ក្នុងបន្ទប់ទឹក មានឈ្មោះហេង ផលលាភ អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិថ្មី ឃុំស្វាយរំពារ ស្រុកមុខកំពូល ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ជាមួយមនុស្សប្រុសម្នាក់ (ជនសង្ស័យ) មិនច្បាស់ថាជាប្តី ឬជាសង្សារនោះទេ។ ស្ត្រីរងគ្រោះធ្លាប់មានប្តីឈ្មោះមួង ប៊ុនលី អាយុ៥៦ឆ្នាំ មានលំនៅក្នុងភូមិកោះតាង៉ោទី៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម និងរួមរស់បានកូនប្រុសស្រី២នាក់ តែក្រោយ មកដោយរស់នៅមិនចុះសម្រុងនឹងគ្នាក៏បានលែងលះ គ្នាទៅ។


តាមប្រភពពីអ្នកស្នាក់នៅក្បែរខាងបន្ទប់ស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឮសូរសម្លេងស្ត្រីរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយបុរសដែលនៅជាមួយយ៉ាងខ្លាំង តាំងពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែធ្នូ គេបានឮសូរសម្លេងអ្នកទាំងពីរឈ្លោះប្រកែកគ្នាខ្លាំងៗក្នុងបន្ទប់ម្តងទៀត តែមិនបានបើកទ្វារនោះទេ ចំណែកអ្នកជិតខាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ ព្រោះកន្លងមក អ្នកទាំងពីរតែងឈ្លោះទាស់សម្តីគ្នាបែបនេះជាញឹកញាប់។


តាមប្រភពផ្សេងមួយទៀត បានឱ្យដឹងថា ក្រោយពីឈ្លោះប្រកែកគ្នាហើយនោះ ភាគីខាងស្រីបម្រុងវេចបង្វិចចេញទៅស្រុកវិញ តែភាគីខាងប្រុសមិនឱ្យទៅ ទើបកើតជាជម្លោះបែកផ្សែងកាន់តែខ្លាំងឡើង លុះមួយសន្ទុះក្រោយមកក៏ស្ងាត់មាត់ទៅវិញអស់។


ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ អ្នកជួលបន្ទប់ក្បែរខាងម្នាក់ ឃើញបន្ទប់ស្ត្រីរងគ្រោះបិទទ្វារហើយស្ងាត់មិនឃើញមនុស្សប្លែកខុសពីរាល់ដង ទើបរុញទ្វារចូលទៅមើល ឃើញរបស់របររាយប៉ាយពាសពេញបន្ទប់ ពិសេសនៅពីមុខបន្ទប់ទឹក លុះមានការសង្ស័យ ដើរទៅអើតមើលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះ ដេកស្លាប់យ៉ាងអាណោចអធ័ម ដោយមានពាក់តែអាវ ពុំមានស្លៀកខោនោះទេ ចំណែកភាគីខាងប្រុសក៏មិនឃើញនៅក្នុងបន្ទប់ដែរ ជាហេតុធ្វើឱ្យមានការសង្ស័យថាជារឿងឃាតកម្ម ប្រុសស្នេហ៍សម្លាប់ស្រីស្នេហ៍រួចគេចខ្លួនបាត់។ ភ្លាមៗនោះ អ្នកប្រទះឃើញហេតុការណ៍បានស្រែកឆោឡោឡើង ធ្វើឱ្យផ្អើលពេញផ្ទះជួល និងត្រូវម្ចាស់ផ្ទះជួលប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។


ដោយឡែកតាមប្រភពពីអ្នកស្គាល់ស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីរងគ្រោះក្រោយពីលែងលះជាមួយប្តីឈ្មោះមួង ប៊ុនលី រួចមក នៅសល់កូនប្រុសស្រី២នាក់ក្នុងបន្ទុក ហើយសព្វថ្ងៃកំពុងរស់នៅជាមួយជីដូនឯស្រុកមុខកំពូល។ ចំណែកស្ត្រីរងគ្រោះ បានត្រឡប់មកពីស្រុកខាងប្តីឯខេត្ត កំពង់ចាម មករស់នៅស្រុកមុខកំពូល ជាស្រុកកំណើតរបស់ខ្លួនវិញបានមួយរយៈ ទើបក្នុងពេលថ្មីៗនេះ ស្ត្រីរងគ្រោះបានមកធ្វើជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ និងបានរួមរស់ជាមួយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានគេចខ្លួនបាត់ស្រមោល។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ករណីនេះគឺជាករណីរឿងឃាតកម្ម ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកជនដៃដល់ជាឃាតករ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។


ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តកណ្តាល ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី៕


















No comments