Header Ads

Update ក្តៅៗ ប្រទេសកម្ពុជាយើងក៏មើលឃើញដែរ៖ កុំភ្លេចទស្សនាយប់នេះ «បាតុភូត​ព្រះច័ន្ទក្រហម» ដែល១៥០ឆ្នាំទើបមានម្តង

បរទេស៖ ព្រឹត្តិការណ៍ព្រះ​ច័ន្ទក្រហម Blueblood Moon បូករួមនឹងច័ន្ទគ្រាស នឹងកើតមាន​ឡើងនៅព្រលប់ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨ នេះហើយ ដោយក្នុងនោះ​​ប្រទេស​កម្ពុជា​របស់យើង ក៏ស្ថិតនៅក្នុង​តំបន់ ​ដែលអាច​ទស្សនាព្រឹត្តិការណ៍​ដ៏មហាកម្រនេះ​បានផងដែរ ប៉ុន្តែបើតាម​កាលវិភាគនោះ គឺបណ្តាខេត្ត​ស្ថិតនៅភាគឦសាន ដូចជា​មណ្ឌលគិរី និងរតនគិរី​ជាដើម ទំនងជាអាចមើលឃើញ​ទិដ្ឋភាពលើផ្ទៃ​មេឃនេះ បានច្បាស់​មុនគេ។ នេះបើតាមការ​ដកស្រង់​ទិន្នន័យពី Space.com នារសៀល​ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។


បើមើល​តាមតារាង ដែលរៀបចំដោយក្រុម​ជំនាញ​របស់​អង្គការ NASA តំបន់អាមេរិក​ខាងជើង អាឡាស្កា ហាវ៉ៃ ជាដើម អាចមើលឃើញ​ទិដ្ឋភាពនេះ ពេញភ្នែកនៅវេលា​ព្រះអាទិត្យ​ជិតរះ នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ (ម៉ោងនៅ​វ៉ាស៊ីនតោន) ខណៈតំបន់​​អាស៊ីខាងកើត ភាគខាងកើត​រុស្ស៊ី អូស្ត្រាលី នូវែលសេឡង់ គឺអាចមើល​ឃើញ Blueblood Moon នៅល្ងាច​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ពេលដែលព្រះច័ន្ទ​ទើបរះតែ​ម្តង (ព្រលប់)។


សម្រាប់​នៅប្រទេស​​កម្ពុជាវិញ គឺស្ថិតនៅក្នុង​តំបន់ P1 EST នៃកាលវិភាគ ដែលត្រូវហ្នឹង​ម៉ោង ៥៖៥១ នាទីល្ងាចតទៅ គឺជាពេលចាប់ផ្តើមនៃព្រឹត្តិការណ៍នេះ (ប៉ុន្តែវាអាចងាយស្រួល​នៅក្នុងការទស្សនា នៅពេលមេឃ​ស្រឡះតែប៉ុណ្ណោះ ហើយសម្រាប់​តំបន់ផ្សេងៗទៀត អាចនឹងមើល​ឃើញដែរ ដោយក្នុងចន្លោះពេល ដែលត្រូវបានកំណត់។ ​អ្វី​ដែលគ្រប់គ្នា​នឹងឃើញនោះ គឺព្រះច័ន្ទពណ៌ក្រហម​ខុសពីធម្មតា និងមានទំហំធំ​ជាង​ធម្មតា ហើយជាពិសេសគឺច័ន្ទគ្រាសបន្តិចៗម្តង។


* តារាងពេលវេលា (ម៉ោងនៅទីក្រុងភ្នំពេញ សម្រាប់យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨)
១៖ ម៉ោង ១៧៖៥១នាទី (ចាប់ផ្តើមព្រឹត្តិការណ៍ Blueblood Moon)
២៖ ម៉ោង ១៨៖៤៨នាទី (ចាប់ផ្តើមបាតុភូតច័ន្ទគ្រាសបន្តិចៗ)
៣៖ ម៉ោង ១៩៖៥១នាទី (ចាប់ផ្តើមបាតុភូតច័ន្ទ​គ្រាសពេញលេញ)
៤៖ ម៉ោង ២០៖៣០នាទី (ច័ន្ទគ្រាស​ពេញលេញតែម្តង)
៥៖ ម៉ោង ២១៖០៨នាទី (ច័ន្ទគ្រាសពេញ​លេញ​ចាប់ផ្តើមបញ្ចប់)
៦៖ ម៉ោង ២២៖១១នាទី (ច័ន្ទគ្រាស​ដោយផ្នែកៗបញ្ចប់)
៧៖ ម៉ោង ២៣៖០៨នាទី (បញ្ចប់ច័ន្ទគ្រាស​ទាំងស្រុង)


គួរបញ្ជាក់ថា ព្រះច័ន្ទ​របស់យើង នឹងក្លាយជា​ព្រះ​ច័ន្ទយក្ស ដែលគេ​​ហៅថា Super Moon ពីព្រោះវា​នឹងស្ថិត​នៅចំណុច​កៀក​​នឹងផែនដី​បំផុត នៃគន្លងរបស់វា ដែលមាន​ន័យ​ថា ​ព្រះច័ន្ទ នឹងលេចឡើង​​ធំជាងធម្មតា ០៧ភាគរយ និងភ្លឺជាង​​ធម្មតា ១៤ភាគរយ។ ម៉្យាងវិញ​ទៀត នៅថ្ងៃដដែល​នេះ វាក៏នឹងក្លាយជា​ព្រះច័ន្ទខៀវ ដែលគេ​ហៅថា Blue Moon ផងដែរ (គ្រាន់ជាឈ្មោះ​ប៉ុណ្ណោះ​ ព្រះច័ន្ទនឹង​​ពុំលេច​ចេញពណ៌​ខៀវឡើយ) ដោយសារ​វានឹង​ជា​ព្រឹត្តិការណ៍​ព្រះច័ន្ទពេញ​វ​ង់​​លើកទីពីរ នៅក្នុង​ខែមករានេះ បូករួមនឹងច័ន្ទគ្រាស។ ​


មិន​ទាន់​អស់​​នោះឡើយ ​លោកខែ​ដែលមនុស្សយើង​ភាគច្រើន នឹងមើលឃើញ​​នាថ្ងៃពុធ​សប្តាហ៍នេះ ក៏នឹងមាន​ពណ៌ក្រហម ដែលគេ​ហៅថា Blood Moon ផងដែរ ដោយសារតែ​ព្រឹត្តិការណ៍​ច័ន្ទគ្រាស​ដ៏កម្រមួយ ដែលនឹងជះស្រមោល​ក្រហមដូច​លោហិត ទៅលើផ្ទៃ​របស់​​ព្រះច័ន្ទ​ ហើយព្រឹត្តិការណ៍ដ៏កម្របំផុតនេះ ធ្លាប់បានកើតមានឡើងម្តងដែរ​កាលពីជាង ១៥០ឆ្នាំមុន នោះគឺក្នុងឆ្នាំ១៨៦៦។


សម្រាប់តារាង​​ដែលច្បាស់លាស់បន្ថែមទៀតនោះ គឺជាតារាងដែលមាន​ពណ៌ក្រហម ទឹកក្រូច-លឿង និងស។ តំបន់ក្រហម​​នៃផែនទី គឺជាតំបន់ដែលនឹងមើល​ឃើញ​ព្រឹត្តិការណ៍ព្រះច័ន្ទ​ក្រហម និងច័ន្ទគ្រាស​បានពេញភ្នែក ហើយបន្ទាប់មកគឺ​តំបន់ពណ៌​ទឹកក្រូច-លឿង មិនសូវឃើញ​ពេញលេញ​នោះទេ ដោយឡែក​តំបន់ស គឺមើល​មិនឃើញអ្វីនោះ​ឡើយ៕













No comments