Header Ads

​ករណីគ្រូពេទ្យបង្អែកខេត្តកំពង់ចាម វះស្ដ្រីឆ្លងទន្លេភ្លេចកន្សែងក្នុងពោះ, អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យប្រធានមន្ទីរសុខាភិបាល កោះហៅប្រធានមន្ទីរពេទ្យ គ្រូពេទ្យ និងជនរងគ្រោះមកតទល់មុខគ្នា នៅរសៀលថ្ងៃនេះ (មានវីដេអូ)

(កំពង់ចាម)៖ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ តាមរយៈការផ្សាយរបស់​បណ្ដាញព័ត៌មាន Fresh News ពាក់ព័ន្ធករណីគ្រូពេទ្យបង្អែកខេត្តកំពង់ចាម វះស្ដ្រីឆ្លងទន្លេភ្លេចកន្សែងក្នុងពោះនោះ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាល លោក គឹម សួរភារុណ ឲ្យកោះហៅប្រធានមន្ទីរពេទ្យ គ្រូពេទ្យវះកាត់ មកជួបជាមួយភាគីជនរងគ្រោះ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីធ្វើការសួរនាំបន្ថែម និងស្តាប់យោបល់ម្នាក់ៗ។


ជាមួយគ្នានេះ អភិបាលខេត្តកំពង់ចាម ក៏បានប្រាប់ទៅអភិបាលស្រុកកងមាស ឲ្យដឹកនាំមន្រ្តីចុះទៅពិនិត្យស្ថានភាពជនរងគ្រោះ ព្រមទាំងតាមដានលើការព្យាបាលជំងឺរហូតជាសះស្បើយផងដែរ។

សូមជម្រាបថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានបង្កការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរបំផុត ដែលកម្រកើតមានឡើង ចំពោះស្ត្រីរងគ្រោះម្នាក់ ដែលបានសម្រាលកូនដោយការវះកាត់ តែក្រោយសម្រាលកូនហើយ ស្ត្រីរងគ្រោះចេះតែមានការឈឺចាប់ក្នុងពោះខ្លាំងទៅៗរៀងរាល់ថ្ងៃ អស់រយៈពេល ជាង៣ខែមកហើយ ទោះប្រើឱសថព្យាបាលយ៉ាងណាក៏មិនបាត់សោះ។ លុះដល់ទ្រាំមិនបាន ក៏សម្រេចចិត្តវះកាត់ម្ដងទៀត តែអ្វីដែលហួសចិត្ត យ៉ាងពន់ពេកនោះ មូលហេតុដែលនាំឲ្យស្ត្រីរងគ្រោះមានការឈឺចាប់ គឺមានកូនកន្សែងមួយដែលគ្រូពេទ្យភ្លេចក្នុងពោះ អំឡុងពេលវះកាត់សម្រាលកូននៅមន្ទីរបង្អែកខេត្តកំពង់ចាម។


ស្ត្រីរងគ្រោះដែលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនេះ មានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកង ហើយខណៈនេះកំពុង សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ​ឯកជនមួយ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងការខ្វាយខ្វល់អំពីបញ្ហាអស់លទ្ធភាព ក្នុងការព្យាបាលខ្លួនតទៅទៀត ស្របពេលដែលស្ថានភាព ជំងឺកាន់តែដុនដាបទៅៗ។

ទុក្ខវេទនានេះ ត្រូវបានបញ្ជាក់ឡើងដោយប្អូនស្រីបង្កើតរបស់ជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ ដែលថ្លែងទាំងក្តីវាយោគប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយបានរៀបរាប់តាមដំណើររឿងថា៖


កាលពីជាង៣ខែមុន បងស្រីបង្កើតរបស់ខ្លួនបានទៅសម្រាលកូនដំបូងនៅមន្ទីរបង្អែកខេត្តកំពង់ចាម ពេលនោះគ្រូពេទ្យថា បើសម្រាលតាមធម្មជាតិមិនបានឡើយ ទាល់តែសម្រាលដោយការវះកាត់។ ក្រោយគ្រូពេទ្យប្រាប់យ៉ាងដូច្នេះ ជនរងគ្រោះ និងក្រុមគ្រួសារក៏សម្រេចចិត្តវះតែម្ដង។ ក្រោយសម្រាលមិនបានប៉ុន្មានផង ស្ត្រីរងគ្រោះចេះតែមានការឈឺចុកចាប់ក្នុងពោះរហូត និងខ្លាំងទៅៗ ខណៈការពិនិត្យ និងការប្រើប្រាស់ឱសថតិចច្រើន ក៏បានធ្វើជាបន្តបន្ទាប់ដែរ តែអាការឈឺចាប់នោះមិនព្រមបាត់រសាយទៅវិញសោះ។


ប្អូនស្រីជនរងគ្រោះបានបន្តថា ដោយសារការឈឺចាប់ចេះតែមានសភាពធ្ងន់ធ្ងរទៅៗ ទើបក្រុមគ្រួសារ ក៏សម្រេចចិត្តបញ្ជូនស្ត្រីរងគ្រោះមកមន្ទីរពេទ្យ​ឯកជនមួយ នៅរាជធានីភ្នំពេញ ដើម្បីឆ្លុះមើលរកមូលហេតុ និងព្យាបាល ដល់ពេលឆ្លុះក៏ឃើញមានដុំម្យ៉ាងក្នុងពោះដែរ ប៉ុន្តែពេទ្យប្រាប់ថា ជាដុំក្នុងពោះធម្មតាដូចគេដូចឯងទេ ពោលប្រើតែថ្នាំចាក់ និងលេបទៅ នឹងធូរស្បើយហើយ ប៉ុន្តែមិនដូចការគិតនោះទេ ស្ត្រីរងគ្រោះនៅតែមានការឈឺចាប់ខ្លាំងទៅៗរាល់ថ្ងៃ ក៏សម្រេចចិត្តជាមួយក្រុមគ្រួសារថា វះកាត់ម្ដងទៀត ដើម្បីរកមូលហេតុនៃការឈឺចាប់ដ៏ធ្ងន់ធ្ងរនេះ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

ជាមួយនឹងសំឡេងអួលដើមកខ្សាវៗ ប្អូនស្រីជនរងគ្រោះបានថ្លែងថា ក្នុងពេលវះកាត់នោះ ស្រាប់តែឃើញកូនកន្សែងពណ៌សមួយ ប្រឡាក់ឈាមក្រហមឆ្អិនយ៉ាងសម្បើម​ នៅក្នុងពោះរបស់បងស្រីរបស់ខ្លួន ដែលនេះហើយជាមូលហេតុនាំឲ្យស្ត្រីរងគ្រោះឈឺចុកចាប់ អស់ពេលជាង៣ខែយ៉ាងដូច្នេះ ដែលម្នាក់ៗមានការហួសចិត្តយ៉ាងខ្លាំង ចំពោះការធ្វេសប្រហែសរបស់គ្រូពេទ្យនៅខេត្តកំពង់ចាម អំឡុងពេលស្ត្រីរងគ្រោះសម្រាលកូននោះ។


ដើម្បីបង្ហាញពីការធ្វេសប្រហែសក្នុងន័យជំរុញឲ្យមានការប្រុងប្រយ័ត្នទៅថ្ងៃមុខ ក្រុមគ្រួសារស្ត្រីរងគ្រោះបានជូនដំណឹងទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែរ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ខាងមន្ទីរពេទ្យ ដែលមានគ្រូពេទ្យម្នាក់អះអាងថា ខ្លួនឯងជាអនុប្រធានមន្ទីរពេទ្យ បានប្រកែកមិនចង់ទទួលស្គាល់ការធ្វេសប្រហែសនេះឡើយ ដោយប្រាប់ថា ចាំសិន លុះដល់២-៣សប្ដាហ៍ក្រោយមក ក្រុមគ្រួសារជនរងគ្រោះបានសាកសួរទៅគ្រូពេទ្យកំពង់ចាម ជាបន្តបន្ទាប់ទៀត តែខាងមន្ទីរពេទ្យនៅតែគ្មានដំណោះស្រាយ ជូនជនរងគ្រោះនៅឡើយ ដោយបញ្ជាក់ថា ចាំគេប្រជុំគ្នាសិន និយាយរួមគ្មានដំណោះស្រាយជូនជនរងគ្រោះ សូម្បីតែប៉ុនក្រចកដៃ។ នេះបើតាមការបន្ថែមរបស់ប្អូនស្រីជនរងគ្រោះ។


ដោយអស់លទ្ធភាព ក្នុងការព្យាបាលជំងឺតទៅទៀត ខណៈស្ថិតក្នុងស្ថានភាពឈឺចុកចាប់ធ្ងន់ធ្ងរពេញប្រាណផងនោះ ស្ត្រីរងគ្រោះ និងក្រុមគ្រួសារ រួមទាំងប្អូនស្រីជនរងគ្រោះ បានលើកដៃទទូចអំពាវនាវដល់ថ្នាក់ដឹកនាំ និងសប្បុរសជននានា មេត្តាផ្ដល់ក្ដីសន្ដោសប្រណីជួយឧបត្ថម្ភព្យាបាលជំងឺធ្ងន់ធ្ងរនេះ ឲ្យបានជាសះស្បើយវិញផង។

បើមានសប្បុរសជនណាចង់ឧបត្ថម្ភស្រ្តីរងគ្រោះអាចទាក់ទង នៅលេខទូរស័ព្ទប្អូនស្រីរបស់ស្រ្តីរងគ្រោះផ្ទាល់តែម្តង 092 42 94 72៕












ប្រភព៖ Fresh News

No comments