Header Ads

ស្ងាត់ៗឡាន​ Mercedes មកដល់ខ្មែរបាត់ តែបើនិយាយពីតម្លៃវិញដល់កម៉ង

វត្តមាន​រថយន្ត​ Mercedes-Maybach Pullman ដែល​មាន​តម្លៃ​​​ជាង​ ៦០ ម៉ឺន​ដុល្លារ (តម្លៃ​បរទេស) ​មិន​ទាន់​ធ្វើ​ឲ្យ​បាត់​កក្រើក​ប្រទេស​កម្ពុជា​ផង​ ​ស្រាប់​តែ​ពេល​នេះ​រថយន្ត​ Mercedes ស៊េរី​កប់​មួយ​​គ្រឿង​ទៀត​ ត្រៀម​នឹង​បង្ហាញ​​ខ្លួន​​នៅ​កម្ពុជា​​នា​ថ្ងៃ​នេះ​ផ្ទាល់។


តាម​ការ​បង្ហាញ​​របស់​ហាង​លក់​រថយន្ត​ គីមស្រ៊ុន​ ព្រីមៀមអូតូ ដែល​តែង​នាំ​ចូល​រថយន្ត​ស៊េរី​កប់ៗ​ បាន​ឲ្យ​ដឹង​រថយន្ត​ Merces-Maybach S650 ដែល​នាំ​ចូល​ពី​ប្រទេស​អាល្លឺម៉ង់​នឹង​លេច​វត្តមាន​នៅ​កម្ពុជា​នា​ថ្ងៃ​សៅរ៍​ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះបើតាមការអះអាងពី គឹមស្រ៊ុនព្រីមៀមអូតូ (Kimsrun Premium Auto)។


រថយន្ត​ត្រកូល​ Maybach មួយ​នេះ​ជា​ប្រភេទ​រថយន្ត​លីម៉ូស៊ីន (Limousine) ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​របស់​រថយន្ត​ Rolls-Royce Phantom និង Bentley Mulsanne ដែល​សុទ្ធ​សឹង​ជា​រថយន្ត​អាច​ផ្ដល់​ផាសុកភាព​ដល់​អ្នក​ដំណើរ​ក្នុង​រថយន្ត​បាន​យ៉ាង​ល្អ​ជា​ទីបំផុត។


Maybach S650 មាន​​រូបរាង​​លេច​ធ្លោ​សក្ដិសម​ជា​មួយ​​នឹង​អ្នក​ជំនួញ​ និង​ត្រកូល​អភិជន។ រថយន្ត​នេះ​មាន​បំពាក់​ដោយ​​ចង្កៀង​ប្រភេទ​ LED ទាំង​ចង្កៀង​មុខ​ និង​ក្រោយ​ និង​មាន​ប្រើ​បច្ចេកវិទ្យា​ Stardust ដែល​​ធន់​បាន​យូរ និង​សន្សំសំចៃ​ថាមពល​បាន​យ៉ាង​ល្អ។ បន្ថែម​ពី​នេះ​ផ្នែក​ខាង​ក្នុង​រថយន្ត​ក៏​មាន​ប្រើ​អំពូល​ LED ដើម្បី​បង្កើន​បរិយាកាស​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្នុង​រថយន្ត​តាម​រយៈ​ភ្លើង​ពណ៌​ជា​ច្រើន​ពណ៌។


​ខាង​ក្នុង​រថយន្ត​មាន​បំពាក់​ដោយ​​កៅអី​​ស្រោប​ដោយ​ស្បែក​សត្វ​​ ដែល​ដេរ​ភ្ជាប់​គ្នា​ដោយ​ដៃ​មនុស្ស​សុទ្ធ​សាធ​, ផ្នែក​ខាង​ក្នុង​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ, មាន​បំពាក់​ដោយ​អេក្រង់​ទំហំ​ ១២,៣ អ៊ីញ​​ប្រើ​សម្រាប់​បញ្ជា​មុខងារ​ និង​បង្ហាញ​ព័ត៌មាន​ផ្សេងៗ។ ដំបូល​របស់​រថយន្ត​​មាន​ក្រាល​ដោយ​ផ្ទាំង​កញ្ចក់​ថ្លា​ ទាំង​នៅ​ផ្នែក​អ្នក​បើកបរ​ និង​អ្នក​ដំណើរ។


រថយន្ត​ Maybach S650 នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ​ Biturbo ​ស៊ីឡាំង​ ១២ ចំណុះ​ ៦,០ លីត្រ បង្កើន​សន្ទុះ​ពី​ ០ – ១០០ គ.ម/ម៉ ប្រើ​ពេល​តែ​ ៤,៦ វិនាទី។ បន្ថែម​ពី​នេះ​វា​មាន​ប្រព័ន្ធ​សុវត្ថិភាព​ជា​ច្រើន​ ដើម្បី​ជំនួយ​ដល់​ការ​បើកបរ​ និង​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​បាន​យ៉ាង​ខ្ពស់​បំផុត។ ​


នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ Maybach S650 មាន​តម្លៃ ១៩៨ ៧០០ ដុល្លារ ជា​តម្លៃ​ចេញ​ពី​រោងចក្រ។ តម្លៃ​នេះ​អាច​ឡើង​ដល់​ខ្ទង់​កន្លះ​លាន​ដុល្លារ​ពេល​មក​ដល់​ប្រទេស​កម្ពុជា​ បើ​គិត​បន្ថែម​តម្លៃ​ពន្ធ​នាំ​ចូល និង​តម្លៃ​ដឹក​ជញ្ជូន​ជា​ដើម៕​​​

















ប្រភព៖ autobodia.com

No comments