Header Ads

ពិតជាខ្លោចចិត្តណាស់!!! អ្នកដែលមានភ្នែកមើលឃើញ ពេលនេះស្លាប់ចោល ប្រពន្ធ និងកូន២នាក់ សុទ្ធតែពិការភ្នែក ​មើលឃើញព្រាល​ៗ (មានវីដេអូ)

ខេត្តកំពត៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១០:០០ នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បាននាំយកអំណោយជាមឈូស និងអង្ករចំនួន ០២ បាវ ស្មើនឹង ១០០ គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោកស្រី ដើម្បីចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ សុខ វ៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិច្រនៀងទេ ឃុំភ្នំប្រសាទ ស្រុកកំពង់ត្រាច ដែលទទួលមរណៈភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៤:០០ នាទី ដោយលង់ទឹក។


គួររំលឹកផងដែរថា គ្រួសារ​ក្រីក្រ​មួយ​នេះ មាន​សមាជិក៤​នាក់​ គឺ​ប្ដី-​ប្រពន្ធ និង​កូនប្រុស​-ស្រី ​២​នាក់។ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា​ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បុរស​ជា​ប្ដី​បាន​នាំ​កូនប្រុស-​ស្រី​ ២​នាក់ ​ដែលសុទ្ធតែ​ពិការ​ភ្នែក​ពី​កំណើត​ ដោយ​គ្រាន់តែ​មើលឃើញព្រាល​ៗ​ ទៅ​អូស​ឈឹប​រក​ត្រី​យក​មក​លក់​ គ្រាន់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ តែជា​អកុសល​ ឪពុកម្នាក់នេះ​បាន​លង់ទឹក​ស្លាប់​ នៅ​ក្នុងស្រះ​ទឹក​មួយ​ នៅ​ក្នុងភូមិ​បាត់ទៅហើយ។


ចំណែកឯ​ប្រពន្ធ ឈ្មោះ ហែម ឃី​ម អាយុ​៤០​ឆ្នាំ ក៏ពិការ​ភ្នែក​មើលឃើញ​ព្រាល​ៗ​ដែរ ក៏បានរៀបរាប់បន្ថែមថា​ គ្រួសា​គាត់់​ក្រីក្រ​ណាស់ សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​មាន​តែ​ការ​រក​ត្រី និង​ខ្យង​ក្ដាម​លក់​ប៉ុណ្ណោះ ពេលនេះប្តីស្លាប់ចោលទៀត។ ហើយនៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​នោះ អ្នក​ភូមិ​បាន​ជួយ​រក​សព​ឃើញ​យក​មក​ធ្វើបុណ្យ ហើយម្នាក់​ៗ​មាន​ក្ដី​អាណិតអាសូរ​គ្រួសារ​នេះ​យ៉ាង​ខ្លាំង ដែល​ពេល​នេះ​បុរស​ជា​ប្ដី​ឈ្មោះ សុខ រ៉ា អាយុ​៣៨​ឆ្នាំ លង់ទឹក​ស្លាប់ ឯ​ប្រពន្ធ​និង​កូន​ៗសុទ្ធតែ​ពិការ​ភ្នែក ម្នាក់​ៗ​ទាល់តែ​នៅ​ជិត​គ្នា​ណាស់​ ទើប​មើល​គ្នា​ឃើញ៕












No comments