Header Ads

សិល្បករ សិល្បការិនី ប្រមាណជិត៤ពាន់នាក់ មានកម្មវិធីរួមគ្នា ធ្វើឲ្យកក្រើកនៅ កោះពេជ្រ ទៀតហើយ

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី២០ ក្រោមប្រធានបទ “ យុវជន ដើម្បីវប្បធម៌ជាតិ ” និង ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស រួមទាំងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ប្រមាណជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។


ក្នុងនោះផងដែរក៏បានឃើញ សិល្បករ សិល្បការិនី ទាំងក្មេង ទាំងចាស់ ជាមួយការស្លៀកពាក់យ៉ាងស្រស់ស្អាត ដែលបានធ្វើឲ្យទស្សនិកជនលាន់មាត់សរសើរមិនដាច់ពីមាត់។

ការប្រារព្ធទិវាវប្បធម៌ជាតិថ្ងៃនេះ គឺជាការជំរុញ និងផ្សព្វផ្សាយ និងផ្ទេរនូវចំណេះដឹង ចំណេះធ្វើជំនាញបច្ចេកទេស ហើយនិងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំលឹកបំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសចំពោះយុវជនដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។


ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំឮកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។ ក្នុងនោះផងដែរ សម្តេចក៏បានផ្តល់ថវិកាឧបត្ថម្ភដល់ក្រុមសិល្បករទាំង ៤៥ ក្រុម ដោយក្នុង១ក្រុមទទួលបានថវិកា ៥លាន រៀល។


មុននឹងបិទកម្មវិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ក្មួយៗជ័យលាភីដែលមានស្នាដៃសិល្បៈឆ្នើមមកពីទូទាំងប្រទេស ព្រមទាំងជូនពរដល់មន្រ្តីក្រសួងវប្បធម៌ សាស្រ្តាចារ្យ វិរៈសិល្បករ សិល្បករ សិល្បការនី មរតកមនុស្សរស់ និងក្មួយៗយុវជន ដែលបានចូលរួមអភិរក្ស ថែរក្សា ការពារសិល្បៈប្រពៃណីទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិខ្មែរអោយនៅបានរស់គងវង្សសម្រាប់ខ្មែរគ្រប់ជំនាន់ដែលសក្តិសមជាព្រះរាជាណាចក្រនៃវប្បធម៍ពិតប្រាកដ៕


























































No comments