Header Ads

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បញ្ជាអោយបើកការស៊ើបអង្កេតឡើងវិញ ករណីស្រីស្អាតជាមេម៉ាយកូន៣ ចងកសំលាប់ខ្លួននៅទីរួមខេត្តតាកែវ

(ភ្នំពេញ)៖ ករណីស្រីស្អាតដែលជាមេម៉ាយកូន៣ ចងកសំលាប់ខ្លួននៅកណ្ដាលទីរួមខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ឥឡូវត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បញ្ជាអោយសមត្ថកិច្ចជំនាញពីក្រសួងចុះទៅបើកការស៊ើបអង្កេតឡើងវិញ ហើយដើម្បីស្វែងរកការពិតអោយឃើញ នេះបើយោងតាមប្រភពពីសមត្ថកិច្ចនៅក្នុងខេត្តតាកែវ។


ប្រភពព័ត៌មានពីខេត្តតាកែវ បានអោយដឹងថាប៉ុន្មានថ្ងៃនេះ គេឃើញមន្ត្រីនគរបាលមកពីក្រសួងមហាផ្ទៃ ដឹកនាំដោយលោកផ្កាយពីរ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បានចុះទៅកាន់ខេត្តតាកែវ ដោយជួបជាមួយស្នងការខេត្ត អធិការ និងមន្ត្រីសមត្ថកិច្ចជាច្រើនទៀតពាក់ព័ន្ធ ករណីស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ចងកសំលាប់ខ្លួននៅក្នុងផ្ទះវីឡា ដែលខ្លួនជួលស្នាក់នៅជាមួយអ្នកបំរើ។

ការចុះទៅបើកការស៊ើបអង្កេតឡើងវិញនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបអោយដឹងថា បន្ទាប់ពីមានបញ្ជាពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរួចមក។


ពាក់ព័ន្ធព័ត៌មានខាងលើនេះ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងទៅលោកផ្កាយពីរ ប៉ុល រតនា ដើម្បីសាកសួរព័ត៌មានបានឡើយដោយទូរស័ព្ឌមិនចូល។ ចំណែកលោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានថ្លែងប្រាប់តាមទូរស័ព្ឌ នៅរសៀលថ្ងៃនេះអោយដឹងថា ពិតជាមានមន្ត្រីមកពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះមកសហការជាមួយកំលាំងរបស់លោកចុះទៅពិនិត្យទីតាំងកើតហេតុប្រាកដមែន(ផ្ទះស្ត្រី ចេវ សុវឌ្ឍនា ចងកសំលាប់ខ្លួន) តែក្រោយពីពិនិត្យហើយ ក៏ត្រឡប់ទៅវិញបាត់អស់ទៅ ដោយលោកមិនដឹងពីគោលបំណងអ្វីទេ។


ប៉ុន្តែបើតាមប្រភពព័ត៌មាន បានបង្ហើបអោយដឹងថា ក្រោយកើតមានករណីស្ត្រីមេម៉ាយកូន៣ ចងកសំលាប់ខ្លួនដោយគ្មានមូលហេតុច្បាស់លាស់ ដោយគេគ្រាន់តែធ្វើការសនិ្នដ្ឋានថា ករណីចងកសំលាប់ខ្លួននេះ គឺសង្ស័យមានវិបត្តិ ស្នេហារួចមក មានមតិមួយចំនួនបានដាក់ការសង្ស័យថា ករណីនេះអាចមិនមែនជាករណីចងកធ្វើអត្តឃាតនោះឡើយ សង្ស័យពាក់ព័ន្ធករណីអ្វីផ្សេងទៅវិញ។

មិនតែប៉ុណ្ណោះ អ្នកលេងហ្វេសប៊ុកមួយចំនួន ខណៈមើលឃើញសភាពសពបានសន្និដ្ឋានថា បើចងកសំលាប់ខ្លួនមែនដៃសពច្បាស់ជាធ្លាក់ចុះក្រោមត្រង់ហើយ មិនមែនដៃទាំងពីរកាន់ខ្សែនៅត្រង់កជាប់នោះទេ ហាក់ដូចជាមុនស្លាប់នាងព្យាយាមទាញខ្សែកុំអោយរិតកនោះទេ ហើយនៅក្បែរកន្លែងកើតហេតុ មិនមានកំណល់ដើម្បីឡើងឈរទៀតផង។


សូមបញ្ជាក់ថា បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា កាលពី​យប់ម៉ោង១៩ និង​៣០​នាទី ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ២០១៨ សព​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​បាន​អ្នកបម្រើ​ក្នុងផ្ទះ​ប្រទះ​ឃើញ​ចង​កនៅ​ក្នុង​បន្ទប់ដេក ដោយនាងបាន​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​យក​ខ្សែ​វាំងនន ចងក​ទៅ​នឹង​ចម្រឹង​បង្អួច នៅ​ចំណុច​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ក្នុងផ្ទះ​ជួល​បើក​អាជីវកម្ម​មួយ​កន្លែង។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ ក​ម្លាំ​ង ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​សពដោយ​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​យក​ខ្សែ​វាំងនន មាត់​បង្អួច​ចងកំ​ពស់​ពី​កំរាល​ឥដ្ឋ​២៤០សង់ទីម៉ែត្រ និង​ពី​កន្លែង​ចងមក​កមាន​ប្រវែង​៧០​សង់ទីម៉ែត្រ ពី​ចុងជើង​មក​កំរាល​ឥដ្ឋ​២០​សង់ទីម៉ែត្រ ។មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​រូប​នេះ​ចងក​សម្លាប់​ខ្លួន​បន្សល់​ទុក​ឲ្យ​កូន​ៗ៣​នាក់​​នៅ​កំព្រា មិន​ទាន់​មានការ​អះអាង​ឲ្យ​ច្បាស់លាស់​នោះ​ទេ តែ​សមត្ថកិច្ច​សង្ស័យថា​ មាន​វិបត្តិ​ស្នេហា ព្រោះនៅ​ក្នុង​កាបូប​យួរដៃ​ ស្ថិត​នៅ​លើ​តុ​ក្បែរជញ្ជាំង​ពី​ខាងកើត​គ្រែ​ដេក​មាន​ស្រោមសំបុត្រ ពណ៌​កាគីហែក​ដាច់​ជា​ពីរ​ផ្ទាំង មាន​សរសេរ​រៀបរាប់​រឿង​វិបត្តិ​ស្នេហា​ផ្ទាល់ខ្លួន ។


ទោះជាយ៉ាងនេះក្តី សាធារណជន​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ស្លាប់​របស់​នារី​រង​គ្រោះ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ​នេះ​ ជា «​ឃាតកម្ម​» មិនមែន​ជា «​អត្តឃាត​» នោះទេ បន្ទាប់​ពី​ពួក​គាត់​សង្កេត​ទៅ​លើ​ខ្សែ​វាំងនន​ដែល​ចង​នៅ​ជាប់​នឹង​-ក​របស់​នារី​រង​គ្រោះ។ តែ​យ៉ាងណា​ផ្នែក​ជំនាញ​របស់​ សមត្ថកិច្ច​បាន​អះអាង​រួច​ហើយ​ថា នេះ​ពិតជា​ករណី ​«​អត្តឃាត​»​ ប្រាកដ​មែន ។ ឥឡូវរឿងរ៉ាវពិតយ៉ាងណានោះ គេនៅមិនទាន់ដឹងឡើយ ដ៏រាបណាលទ្ធផលស៊ើបអង្កេតឡើងវិញនៅមិនទាន់ចេញជាផ្លូវការនោះ ៕
















ប្រភព៖ Fresh News

No comments