យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះឈ្មោះ ហេង លក្ខិណា អាយុ២៨ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ គឺមានជនមិនស្គាល់មុខបានធ្វើការឆ្កឹះមេសោផ្ទះ រហូតដល់មេសោបន្ទប់ខាងក្នុងផ្ទះ ព្រមទាំងបានប្រមូលរបស់របរមានតម្លៃអស់ជាច្រើន ដែលការបាត់បង់រួមមាន ប្រាក់ថៃ មួយម៉ឺនបាត ប្រាក់រៀល ៣០ ម៉ឺនរៀល ប្រាក់ដុល្លារ ៣០ ដុល្លារ អាយផេត ១គ្រឿង និង ខ្សែកមាសទម្ងន់ ៣ ជី បូកនឹងបន្តោង ៥ ហ៊ុនផង។
ស្ត្រីរងគ្រោះបានបន្តថា នៅពេលនោះខ្លួនជាមួយនឹងស្វាមី មិនបានដាក់ពាក្យបណ្តឹងនៅឡើយទេ ដោយសារតែមានធុរៈចាំបាច់ត្រូវឡើងទៅស្រុក នៅឯខេត្តកំពង់ចាម។ លុះនៅពេលត្រឡប់មកវិញ កូនសោផ្ទះត្រូវជនមិនស្គាល់មុខឆ្កឹះម្តងទៀត ដោយលើកនេះជនសង្ស័យមិនមានអីប្រមូលឱ្យបានច្រើនដូចមុននោះទេ គឺគ្រាន់តែបាត់លុយ ៥ ម៉ឺនរៀល ទូរស័ព្ទដៃមួយគ្រឿង និង សម្ភារៈមួយចំនួន។
ដើមបណ្តឹងបានសង្កត់ធ្ងន់ថា ក្រោយពេលវិលត្រឡប់មកពីស្រុកវិញនេះ អ្នកភូមិបានប្រាប់ថា នៅវេលាប្រមាណជាម៉ោង ៨ យប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ គេបានឃើញមនុស្សប្រុសស្រីចំនួនពីរនាក់ ដែលខាងប្រុសមានមុខរបរជាជាងសោនៅក្នុងភូមិ ឯនារីម្នាក់ទៀត មិនដឹងជានៅទីណានោះទេ។ គ្រាន់តែដឹងអំពីមុខសញ្ញាដែលសាក្សីបានឃើញភ្លាម ជនរងគ្រោះបានទៅប្តឹងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បើយចាត់វិធានការ ។
នៅថ្ងៃទី៤ ខែឆ្នាំដដែល បន្ទាប់ពីកម្លាំងបានចុះទៅនាំខ្លួនជាងសោមកសាកសួររួចមក ជាងសោបានសារភាពថា ខ្លួនមិនបានដឹងអ្វីទាំងអស់ ដោយមាននារីម្នាក់បានមកហៅខ្លួនចំនួនពីរដង ឱ្យទៅជួយឆ្កឹះមេសោនៅផ្ទះត្រង់ចំណុចខាងលើ ដោយនារីនោះបានអះអាងថា ជាផ្ទះជួលរបស់នាង ដោយសារតែនាងបានធ្វើបាត់កូនសោមិនអាចចូលផ្ទះបាន ។
ភ្លាមៗនោះដែរ កម្លាំងបានឈានដល់ការនាំខ្លួននារីដែលជាមុខសញ្ញាមកកាន់អធិការដ្ឋាន ដើម្បីសួរនាំអំពីអំពើចោរកម្ម និង ការគាស់ទម្លុះ ទម្លាយ នៅត្រង់ចំណុចខាងលើ។ រីឯម្តាយរបស់នារីដែលជាជនសង្ស័យបានមកអង្វរ កសុំកុំឱ្យម្ចាស់ទ្រព្យប្ដឹងអី ដោយសុំសម្របសម្រួលសងជាសំណងនូវទឹកប្រាក់ ៥០០ ដុល្លារ ដើម្បីបញ្ចប់ក្តីក្តាំនេះ។
ផ្ទុយទៅវិញ ក្រោយពីបានទទួលនូវពាក្យបណ្តឹង និងក្រោយពីបានសាកសួរទៅលើមុខសញ្ញាសង្ស័យរួចមក ស្រាប់តែលោកអនុសេនីយ៍ទោ ផយ សុភា មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលជាកូនចៅលោក ស្វ័យ ភារម្យ បានហៅជនរងគ្រោះទៅចរចា ដោយសុំបង់លុយឲ្យចំនួន ៣០០ ដុល្លារ ដើម្បីបញ្ចប់រឿងដូចគ្នា ។
ពាក់ព័ន្ធនឹងកិច្ចចរចាសុំសម្របសម្រួល ព្រមទាំងបានដោះលែងឱ្យចោរមានសេរីភាពវិញទៅហើយនោះ ត្រូវបានជនរងគ្រោះធ្វើការបដិសេធមិនព្រមទទួល ដោយសារតែទ្រព្យសម្បត្តិដែលបានបាត់បង់ទាំងពីរលើកវាអស់ច្រើនពេក ហើយម្យ៉ាងទៀតចង់ឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី មិនគួរណាសមត្ថកិច្ចបែរជាចេញមុខមកចរចាជួសមុខចោរទៅវិញបែបនេះសោះ ។
ជុំវិញបញ្ហានេះ លោក អធិការ ប៉ាង ហៀង បានលើកឡើងថា មិនទាន់រកមុខសញ្ញាឃើញនៅឡើយ ដោយបច្ចុប្បន្នកម្លាំងកំពុងស្រាវជ្រាវ។ ប៉ុន្តែធាតុពិតអ្វីៗត្រូវបានលាតត្រដាងអស់ទៅហើយ ដោយសារការចង្អុលបង្ហាញ ពីសំណាក់ជាងសោ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលផែនយុត្តិធម៌បានមានប្រសាសន៍ថា ក្នុងរឿងនេះ គឺគ្មានកម្លាំងជំនាញណាម្នាក់រាយការណ៍មកលោកទាល់តែសោះ ដូច្នេះគឺលោកមិនបានដឹងអ្វីទាំងអស់។
ជុំវិញរឿងរ៉ាវទាំងនេះ ទាំងជនរងគ្រោះក៏ដូចជាប្រភពជាច្រើនដែលដឹងរឿងហេតុនេះ កំពុងរង់ចាំមើលថា តើសមត្ថកិច្ចនឹងគិតបែបណាសម្រាប់ចោរស្រីម្នាក់នេះ ឬមួយក៏មានអ្វីដែលអាចឈានដល់ការពាក់ព័ន្ធនឹងគ្នា បានជាសមត្ថកិច្ចហ៊ានចេញមុខមកចរចា និង សម្របសម្រួលសងសំណងជាលុយទៅជនរងគ្រោះបែបនេះទៅវិញ ? ព្រោះការចរចានេះ ស្មើនឹងការសារភាពថា គេពិតជាបានប្រព្រឹត្តយ៉ាងពិតប្រាកដ៕









No comments:
Post a Comment