អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម បានបញ្ជាក់អំពីអត្ថប្រយោជន៍ដែលបុគ្គលិក កម្មករ និយោជិក ទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ក៏ដូចជាមន្រ្តីរាជការទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាលរួមមាន៖
របបគ្រោះថ្នាក់ការងារ ជាគ្រោះថ្នាក់ទាំងឡាយណាដែលផ្ដោតសំខាន់លើសកម្មភាព៣។ ក្នុងនោះមានដូចជា៖
- ទី១ គឺគ្រោះថ្នាក់នៅកន្លែងដែលកម្មករ និយោជិក បំពេញការងារឲ្យនិយោជកក្នុងសហគ្រាស គ្រឹះស្ថាន ឫក្រុមហ៊ុន។
- ទី២ គឺគ្រោះថ្នាក់នៅពេលដែលកម្មករ និយោជិកធ្វើដំណើរពីកន្លែងធ្វើការត្រឡប់ទៅផ្ទះ ឫចេញពីផ្ទះទៅកន្លែងការងារ ករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម គឺចាត់ទុកជាគ្រោះថ្នាក់ការងារផងដែរ។
- ទី៣ នៅពេលកម្មករ និយោជិក កើតនៅជំងឺ ដែលហៅថា ជំងឺវិជ្ជាជីវៈ កើតឡើងបណ្ដាលមកពីការបំពេញការងារ ជំងឺដែលពាក់ព័ន្ធនឹងការងារ។
ដោយឡែកចំពោះរបបថែទាំសុខភាព លោក ជាវ ប៊ុនរិទ្ធ បានឲ្យដឹងថា (បសស) ធានារ៉ាប់រង២៤ម៉ោងលើ២៤ម៉ោងតែម្ដង។ រហូតមកបច្ចុប្បន្ននេះ គឺបានចុះកិច្ចសន្យាជាមួយមន្ទីរពេទ្យរដ្ឋ និងឯកជនប្រមាណជាង ១ ២៨៩មន្ទីរពេទ្យ ដែលបានផ្ដល់សេវាថែទាំសុខភាពដល់បុគ្គលិក កម្មករ និយោជិកទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
ចំពោះមន្ទីរពេទ្យថ្នាក់ក្រោមជាតិរួមមាន ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែកខេត្តជាដើម។ ចំណែកមន្ទីរពេទ្យថ្នាក់ជាតិរួមមាន៖ មន្ទីរពេទ្យកាលម៉ែត្រ ពេទ្យលោកសង្ឃ ពេទ្យព្រះអង្គឌួង ពេទ្យរុស្ស៊ី និង មន្ទីរពេទ្យមួយចំនួនទៀត។
ចំណែកឯមន្ត្រីរាជការ ក៏ទទួលបានរបបខាងលើនេះពី (បសស)ដែរ បន្ថែមលើរបបសោធននិវត្តន៍។ លោក ជាវ ប៊ុនរិទ្ធ មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើយ៉ាងណា ឲ្យមានតុល្យភាពគ្នារវាងវិស័យឯកជន និងវិស័យសាធារណៈ ហើយបច្ចុប្បន្ននេះវិស័យឯកជនបានដើររបបគ្រោះថ្នាក់ការងារ និងថែទាំសុខភាព។ ដោយឡែកមន្ត្រីរាជការនឹងទទួលបានរបបនេះនៅឆ្នាំ ២០១៨។ ដូច្នេះមានន័យថា ទាំងរដ្ឋ និងឯកជនទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាលស្មើៗគ្នា។
ដើម្បីឲ្យបុគ្គលិក កម្មករ និយោជិក ទូទាំងប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីអំពាវនាវ ដល់បណ្ដាគ្រឹះស្ថាន សហគ្រាស ទោះបីប្រើកម្មករនិយោជិកក្រៅប្រព័ន្ធក្ដី ក្នុងប្រព័ន្ធក្ដី និងបងប្អូនប្រជាពលរដ្ឋជាអ្នករត់ម៉ូតូឌុប អ្នករត់កង់បី ត្រូវតែទៅចុះបញ្ជីនៅអគារបេឡាជាតិរបបសន្តិសុខសង្គម ដែលមានទីតាំងក្នុងទីស្នាក់ការក្រសួងការងារ និងសាខា(បសស)ខណ្ឌ និង(បសស)ខេត្ត។
ចំពោះឯកសារតម្រូវត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយប្រសិនបើបាត់អាចទៅធ្វើនៅបសសក៏បានដែរ ដោយសារបានសហការជាមួយនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ។ ការចុះបញ្ជីនេះមិនតម្រូវឲ្យមានការបង់លុយទេ៕






























No comments:
Post a Comment