Header Ads

ធ្វើមុខសមដល់ហើយ!!! បន្លំធ្វើជាឈឺពោះឲ្យគេជួយ តាមពិតមិនទាន់គ្រប់ខែឆ្លងទន្លេផង

បើតាមប្រភពព័ត៌មានបុគ្គលិកហាងស៊ុបអីុណា បានប្រាប់អោយដឹងថា មុនពេលកើតហេតុពួកគេឃើញនារីខាងលើបានដើរនៅតាមផ្លូវ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានអាការឈឺពោះសម្រាលកូន ពេលនោះ ពួកគេបានជួយមើល និងសមត្ថកិច្ចមូលដ្ឋាន ក៏មកដល់ជួយអន្ដរាគមន៍លើកដាក់រ៉ឺម៉កម៉ូតូកង់បី យកទៅមណ្ឌលសុខភាពខណ្ឌដូនពេញ ដើម្បីជួយសង្រ្គោះ លុះពេលទៅដល់មន្ទីរពេទ្យ អ្នកគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ស្ត្រីរូបនេះ មិនទាន់គ្រប់​ខែត្រូវសម្រាលទេ តែស្ត្រីរូបនោះ បែរជាមានកាយវិការដូចមនុស្សមានវិបត្តិ ឬបែកថ្នាំ ហើយសុំលុយអ្នកនៅជុំវិញ និងបានដើរចេញពីមន្ទីរពេទ្យតែម្ដង។


គួររំលឹកឡើងវិញផងដែរថា មានហេតុការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហាងស៊ុប អ៊ីណា តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ស្ត្រីមានផ្ទៃពោះដែលឈឺពោះសម្រាលតាមផ្លូវនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យ ប្រមាណជាង២០ឆ្នាំ និងមានស្រុកកំណើតនៅខេត្តក្រចេះ។


បើតាមប្រភពព័ត៌មាន ពីបុគ្គលិកហាងស៊ុប អ៊ីណា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេបានឃើញស្ត្រីខាងលើបានដើរតែម្នាក់ឯង ក្នុងសភាពទឹកមុខស្លេកស្លាំង និងអស់កម្លាំងល្ហិតល្ហៃ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺស្ត្រីរូបនោះ ថែមទាំងកំពុងពពោះប៉ុនកញ្ជើ ទៀតផង។ លុះពេលដើមកដល់ចំណុចកើតហេតុខាងលើ ស្ត្រីរូបនោះបានដាក់គូទអង្គុយផ្ទាល់ដីនៅចំពីមុខហាង រួចស្រែកហៅគេឯងឱ្យជួយ ដោយនាងបានប្រាប់ថា នាងឈឺពោះសម្រាលកូនហើយ ធ្វើឱ្យបុគ្គលិកហាងនាំគ្នាផ្អើលឆោឡោចេញទៅជួយ ដោយខ្លះជួយគ្រាហ៍ទប់ពីក្រោយ ខ្លះជួយបក់ ខ្លះជួយច្របាច់ដៃជើង រីឯខ្លះទៀតបានទាក់ទងផ្តល់ដំណឹងឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងធ្វើឱ្យមានការផ្អើលឆោឡោ ចោមរោមមើល ពីសំណាក់អ្នកដំណើរជាច្រើន។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានព្យាយាមទាក់ទងហៅរថយន្តសង្គ្រោះមកដឹកស្ត្រីខាងលើដែរ តែដោយឃើញសភាពស្ត្រីរូបនេះ កំពុងឈឺពោះខ្លាំងជិតសម្រាលទៅហើយ ទើបសម្រេចនាំគ្នាជួយលើកដាក់រ៉ឺម៉កម៉ូតូកង់៣ រួចប្រញាប់ដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពខណ្ឌដូនពេញភ្លាមៗតែម្តង ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល។


តាមសម្តីស្ត្រីមានផ្ទៃពោះខាងលើបានឱ្យដឹងថា នាងទើបនឹងធ្វើដំណើរមកពីខេត្តក្រចេះ ហើយប្តីរបស់នាងរត់ចោលបាត់ទៅហើយ ចំណែកឪពុកម្តាយបានកាត់កាលនាងចោលទៀត ទើបធ្វើឱ្យនាងចេះតែដើររសាត់អណ្តែត ដោយអស់សង្ឃឹម និងគ្មានទីដៅច្បាស់លាស់ រហូតមកដល់ក្រុងភ្នំពេញ ក៏ឈឺពោះសម្រាលតែម្តង។ ដោយឃើញសភាពគួរឱ្យអាណិតអាសូរខ្លាំងពេក ទើបប្រជាពលរដ្ឋ និងអ្នកដំណើរខ្លះ បានផ្តល់ជាថវិកាតិចតួចតាមលទ្ធភាព ទុកគ្រាន់ទិញអាហារហូបចុកពេលសម្រាកនៅមន្ទីរពេទ្យ៕





No comments