Header Ads

ពិតជាអត់ខុសនូវអ្វីដែលបណ្ឌិត កែម ឡីបានស្មានទុកមែន ទាក់ទងការំលាយគណបក្សសង្គ្រោះជាតិ

កាលពីពេលកន្លងទៅមានសារព័ត៌មានក្នុងស្រុកខ្មែរមួយបានចុះផ្សាយនូវអត្ថបទមួយរបស់បណ្ឌិតកែម ឡី ដែលនិយាយរឿងមួយទាក់ទងទៅនឹងគណបក្សសង្គ្រោះជាតិ ដោយក្នុងនោះបាននិយាយរៀបរាប់រឿងរ៉ាវជាច្រើន។ ក្នុងនោះផងដែរត្រូវបានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេកប៊ុកលើកឡើងនូវចំណងជើងដែលសារព័ត៌មាននោះសរសេរ ហើយពួកគេទាំងនោះបានលាន់មាត់ថា ហេតុអ្វីបណ្ឌិត កែម ឡី ស្មានត្រូវយ៉ាងនេះ ពិតជាសមជាអ្នកវិភាគមែន។


ដោយក្នុងនោះសារព័ត៌មានបានសរសេរចំណងជើងមួយឃ្លាថា៖ "មុនបោះឆ្នោះ២០១៧-២០១៨ បណ្ឌិតកែម ឡី ថា បក្សប្រឆាំងអាចត្រូវរំលាយចោល" ។ គ្រាន់តែឃ្លាប៉ុន្មានម៉ាត់ខាងលើនេះហើយដែលបានធ្វើឲ្យមហាជនជាច្រើនបានភ្ញាក់ខ្លួនតែម្តង ដោយគិតថាអ្វីដែលបណ្ឌិតកែម ឡីស្មានគឺពិតជាត្រឹមត្រូវណាស់។


គួរបញ្ជាក់ឡើងវិញផងដែរថា បន្ទាប់ពីបើកស​វនាការអស់រយៈពេលជិត១ថ្ងៃរហូតដល់ម៉ោង១៧៖០៥នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កាលពីម្សិលមិញនេះ តុលាការកំពូលបានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិហើយ។ ជាមួយគ្នានេះតុលាការក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។


នៅក្នុងសវនាការលោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងប្រធានអង្គជំនុំជម្រះ បានប្រកាសរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ និងបិទផ្លូវតវ៉ា ព្រមទាំងប្រកាសហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។


ក្រោយពីបញ្ចប់ការធ្វើសវនការក្រុមមេធាវីក្រសួងមហាផ្ទៃ បានប្រកាសថា «តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរតែម្តង និងប្រកាសហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នសាក់ មិនឲ្យុធ្វើនយោបាយរយៈពេល៥ឆ្នាំ»។

លោកមេធាវី គី តិច បានបញ្ជាក់ថា ការប្រកាសរបស់តុលាការកំពូលលើករណីរំលាយគណបក្សសង្រ្គោះជាតិនេះ គឺជាការប្រកាសបិទផ្លូវតវ៉ាតែម្តង។


សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។


សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិនេះ បានធ្វើឡើងពុំមានការតវ៉ា ពីសកម្មជនរបស់គណបក្សប្រឆាំងទេ ខណៈដែល លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលជាប់ចោទរឿងក្បត់ជាតិមួយនេះ បានអំពាវនាវ ឱ្យសកម្មជន និងអ្នកគាំទ្រខ្លួន ប្រមូលផ្តុំគ្នានៅមុខតុលាការ។


គណបក្សប្រឆាំងសង្រ្គោះជាតិ ត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី មានរូបសញ្ញា «ភ្លើងទៀន» របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានរូបសញ្ញា «ព្រះចន្ទ» របស់លោក កឹម សុខា នៅថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នំា២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ គិតត្រឹមថ្ងៃដែលតុលាការកំពូលរំលាយចោលគណបក្សប្រឆាំងមួយនេះ មានអាយុជាង ៥ឆ្នាំ៕

































ប្រភព៖ Fresh News

No comments