Header Ads

ឲ្យតែបែបនេះទៅអស់សត្វព្រៃហើយ!!! ឃាត់​រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ វី​រៈ​ប៊ុ​ន​ថាំ​ ២​គ្រឿង​ ដឹក​សត្វព្រៃ​ខុសច្បាប់​

ខេត្តបាត់ដំបង ​៖ សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ដែល​ដឹក​តាម​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ​​ចំនួន​២​គ្រឿង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្ទាក់​ចាប់​បាន​ទាំង​សត្វ ទាំង​មនុស្ស ទាំង​រថយន្ត កាលពី​វេលា​រំលង​អា​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៣​វិច្ឆិកា នៅ​លើ​ផ្លួ​វ​ជាតិ​លេខ​៥ នៅ​ក្នុង​ទឹកដី​ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។​


​រថយន្ត​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ​ទាំង​២​គ្រឿង​ ដែល​ដឹក​សត្វព្រៃ​នោះ មួយ​គ្រឿ​ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3901 និង​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ កោះកុង 3A-0492 ។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើរ​ទាំង​២​គ្រឿង​នេះ បាន​ដឹក​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត ឆ្ពោះទៅ​រាជធានី​ភ្នំពេញ តែ​ពេល​មក​ដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្ទាក់​ចាប់​បាន​ទាំង​២​គ្រឿង​តែ​ម្ដង​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់​រថយន្ត នឹង​ចាប់​សត្វព្រៃ​ខាងលើ​នេះ មនុស្ស​ចំនួន​៥​នាក់​ក៏​ត្រូវ​ឃាត់ខ្លួន​ដែរ គឺ​អ្នកបើកបរ ព្រូ និង​ម្ចាស់​សត្វព្រៃ​។​


ជន​ទាំង​៥​នាក់​ ១​-ឈ្មោះ​អ៊ឹម សុ​ជា អាយុ​៣៥​ឆ្នាំ អ្នកបើកបរ ២-​ឈ្មោះ​ប៉ុ​ម សា​វុ​ធ អាយុ​២៥​ឆ្នាំ អ្នកបើកបរ ៣-​ឈ្មោះ​សឿង រ​ដ្ឋា អាយុ​២០​ឆ្នាំ ព្រូឡាន ៤​-ឈ្មោះ​ស​ផង ហ៊ុយ​សុ​ជា អា​យុ២០​ឆ្នាំ ព្រូឡាន និង​៥​-ឈ្មោះ​ជូ ហន អាយុ​៥០​ឆ្នាំ ជា​ម្ចាស់​សត្វព្រៃ​។ ដោយ​ឡែក​ សត្វព្រៃ​ដែល​រឹបអូស​បាន​រួម​មាន សត្វ​អណ្ដើ​ត​ទម្ងន់​២៤០​គីឡូ, ពស់វែក​ទម្ងន់​២៧​គី​ឡូ, ពស់​ចាន់​ល្មម​(​ពស់ត្រី​)​ទម្ងន់​១៤​គីឡូ, កន្ធាយ​ទម្ងន់​៩៥,៥​គីឡូ និង​សត្វ​ប្រវឹក​ងាប់​ទម្ងន់​៤៦​គីឡូ​។​


​បើ​តាម​​ចម្លើយ​សារភាព​របស់​បុរស​​រត់ពន្ធ​សត្វព្រៃ​ឈ្មោះ​ជូ ហន បាន​និយាយ​ថា សត្វព្រៃ​ទាំងនេះ​ មិនមែន​ជា​របស់​ខ្លួន​ទាំងអស់​ទេ​។ ជន​នេះ​ និយាយ​ថា សត្វ​មួយ​ចំនួន​ជា​របស់​បញ្ញើ ​ដែល​ដឹក​ចេញពី​ម្ដុំ​កូន​ដំរី តែ​ដឹក​ទៅ​កាន់​រាជធានី​ភ្នំពេញ​ដូច​គ្នា​។


ដោយឡែក​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វី​រះ​ប៊ុ​ន​ថាំវិញ​បាន​និយាយ​ថា ខ្លួន​ធ្លាប់​ដឹក​សត្វព្រៃ​ច្រើន​លើក​ដែរ ​នា​ពេល​កន្លង​មក​៕
















No comments