Header Ads

សម្តេចតេជោ ហ៊ុន សែន និយាយទៅកាន់លោក ដូណាល់ ត្រាំ ប៉ុន្មានម៉ាត់នេះ អាចធ្វើឲ្យគាត់រំភើបគេងអត់លក់ក៏ថាបាន (មានវីដេអូនិយាយត្រង់ៗតែម្តង)

(ភ្នំពេញ)៖ ដោយមិនញញើត ឬ ខ្លាចប្រធានាធិបតីអាមេរិកខឹងសម្បានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិយាយដោយត្រង់ៗប្រាប់លោក ដូណាល់ ត្រាំ ថា អំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅសហរដ្ឋអាមេរិក ក្រុមបក្សប្រឆាំងនៅកម្ពុជា បានប្រដូចលោក ដូណាល់ ត្រាំ និងរូបសម្តេច ជាជនផ្តាច់ការដូចគ្នា និងហៅលោក ត្រាំ ជាជនផ្តាច់ការដោយសារលុយ។


ការថ្លែងរំលឹកបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន រួមនិងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់លោកប្រធានាធិបតីទី៤៥របស់អាមេរិកថា ក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក សម្តេច គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សតិចតួចបំផុត ដែលបានជ្រើសរើសយកលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។


សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ថែមទាំងបានរំលឹកទៀតថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ ចៅៗរបស់សម្តេច ដែលរៀននៅសាលារបស់អាមេរិកាំង ត្រូវបានគេបញ្ចេះឲ្យស្អប់លោក ដូណាល់ ត្រាំ។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានប្រាប់ទៅប្រធានាធិបតីអាមេរិករូបនេះថា ស្ថានទូតរបស់អាមេរិកនៅកម្ពុជា មិនត្រឹមតែមិនអព្យាក្រឹត្យចំពោះកម្ពុជានោះទេ តែក៏មិនអព្យាក្រឹត្យចំពោះបេក្ខភាពប្រធានាធិបតីអាមេរិកនាពេលនោះផងដែរ។


សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០នាក់ ដែលពេលនោះនៅកម្ពុជា គេចាត់ទុកថា ឯកឧត្តមមានលទ្ធភាពឈ្នះឆ្នោតត្រឹមតែ ១ភាគរយប៉ុណ្ណោះ ៩៩ភាគរយ ឯកឧត្តមគឺជាអ្នកចាញ់។ ក៏ប៉ុន្តែខ្លួនខ្ញុំ ស្ថិតនៅក្នុងចំណោម ១ ភាគរយ។ មុនពេលបោះឆ្នោតខ្ញុំបានប្រកាសពីរលើកថា ឯកឧត្តម ជាអ្នកឈ្នះឆ្នោត។ ប៉ុន្តែខ្ញុំបែរជាទទួលនូវការវ៉ៃប្រហារ ពីប្រធានបក្សប្រឆាំងថា សត្វដែលមានរោមដូចគ្នា វានៅក្នុងសំបុកជាមួយគ្នាបាន។ ដូណាល់ ត្រាំ គឺជាអ្នកផ្តាច់ការដោយសារលុយ ឯ ហ៊ុន សែន ជាអ្នកផ្តាច់ការ ដោយសារលុយនិងអាវុធ។


ឯសាស្ត្រាចារ្យខ្មែរម្នាក់ ដែលជាសាស្ត្រាចារ្យ នៅសហរដ្ឋអាមេរិក គេបាននិយាយថា បើ ដូណាល់ ត្រាំ ឈ្នះឆ្នោត គឺជាយុគសម័យនៃការរះឡើងនៃពួកអវិជ្ជា។ អ៊ីចឹងទេ ខ្ញុំបានក្លាយជាមុខសញ្ញានៃការវ៉ៃប្រហារ។ ក៏ប៉ុន្តែ​ ខ្ញុំមានមោទនភាព ដោយសារអ្វីដែលខ្ញុំបានប្រកាសនៅមុនការបោះឆ្នោត គឺឯកឧត្តម ក្លាយទៅជាអ្នកឈ្នះពិត។ ប៉ុន្តែ សូមកុំភ្លេចថា ចៅរបស់ខ្ញុំត្រូវបានគេបង្ហាត់បង្រៀនឱ្យស្អប់ឯកឧត្តម។ នេះបង្ហាញឱ្យឃើញថា ស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជាទេ មិនមានអព្យាក្រឹត្យ ទាំងបេក្ខជនប្រធានាធិបតី នៅសហរដ្ឋអាមេរិកខ្លួនឯងតែម្តង»។


សូមបញ្ជាក់ថា នៅចុងឆ្នាំ២០១៦ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកាលនោះនៅជាប្រធានគណបក្សសង្រ្គោះជាតិនៅឡើយ បានប្រដូចលោក ដូណាល់ ត្រាំ និងសម្តេចតេជោ ហ៊ុន សែន ថាជាជនផ្តាច់ការដូចគ្នា និងបានហៅលោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការដោយសារលុយថែមទៀតផង។


ការហៅរបស់លោក សម រង្ស៊ី បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រលោក ដូណាល់ ត្រាំ និងបានទស្សន៍ទាយថា លោក ដូណាល់ ត្រាំ នឹងឈ្នះឆ្នោតក្លាយជាប្រធានាធិបតីរបស់អាមេរិក៕






















No comments