Header Ads

ដល់កហើយ!!! ម៉ូតូតាក់ស៊ីម៉ែត្រជាង ៣០០គ្រឿងអត់ស្លាកលេខ តែនៅថ្ងៃនេះវិញ....(មានវីដេអូ)

ប្រជាពលរដ្ឋជាង៣០០នាក់​ នៅថ្ងៃអាទិត្យទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៧ នេះ​បានបង្ហាញទឹកមុខប្រកបដោយស្នាមញញឹម ទៅតាមតម្រូវការដែលខ្លួនចង់បាន​ បន្ទាប់ពីប៉ូលិសក្រុងភ្នំពេញ​ បង្រ្កាប និងចាប់ម៉ូតូឡំប្រឺតាឥណ្ឌា ឬម៉ូតូតាក់ស៊ីម៉ែត្រ រយៈពេល២ថ្ងៃជាប់គ្នា​ ដោយសារម៉ូតូទាំងនោះ គ្មានស្លាកលេខ​ត្រឹមត្រូវ។


ស្នងការនគរបាលក្រុងភ្នំពេញ​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ បានប្រាប់ថា​ ក្រោយពីចាប់ម៉ូតូឡំប្រឺតាឥណ្ឌា ឬម៉ូតូតាក់ស៊ីម៉ែត្រយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញហើយនោះ​ លោកបានសុំគោលការណ៍ និងអនុញ្ញាតពីអភិបាលក្រុងភ្នំពេញ​ លោក​ ឃួង​ ស្រេង​ ដើម្បីសម្រួលការធ្វើស្លាកលេខជូន។


បើតាមលោកស្នងការ​ បានបញ្ជាក់ប្រាប់ថា ប្រជាពលរដ្ឋដែលជាម្ចាស់យានយន្ត​ (ម៉ូតូឡំប្រឺតាឥណ្ឌា ឬម៉ូតូតាក់ស៊ីម៉ែត្រ) សូមរៀបចំឯកសារឲ្យបានត្រឹមត្រូវ ដោយក្នុងនោះ​ ត្រូវមានសំបុត្រពន្ធ​ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ យកមកស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ​ យើងនឹងផ្តល់ស្លាកលេខជូន​ តាមរយៈសំណើទៅអភិបាលក្រុង ដែលមានមន្រ្តីមន្ទីរសាធារណការចុះទៅធ្វើផ្ទាល់​។


គួរជម្រាបថា​ ម៉ូតូឡំប្រឺតាឥណ្ឌា ឬម៉ូតូតាក់ស៊ីម៉ែត្រ ដែលមានបម្រើសេវាម្លៃ១២០០រៀល ក្នុង១គីឡូម៉ែត្រ ប្រមាណជាង៣០០គ្រឿង ដែលគ្មានស្លាកលេខត្រឹមត្រូវ ត្រូវបានកងកម្លាំងនគរបាលក្រុងភ្នំពេញ ប្រើធម៌ក្ដៅយ៉ាងបន្ទាន់ ចុះចាប់ភ្លាមៗតែម្ដង។ កម្លាំងសមត្ថកិច្ចនគរបាលតាមប៉ុស្ដិ៍រដ្ឋបាលនីមួយៗ នៅតាមមូលដ្ឋាន ត្រូវបានបញ្ជាឲ្យតាមឃ្លាំមើល និងចាប់ម៉ូតូឡំប្រឺតាទាំងនេះ តាំងពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ។


បើតាមស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការចាប់ម៉ូតូឡំប្រឺតាទាំងនេះ គឺធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង ក្នុងការទប់ស្កាត់បទល្មើស និងរឹតបន្តឹងការអនុវត្តច្បាប់នៅក្នុងរាជធានី។ បន្ថែមពីលើបទបញ្ជានេះ លោកក៏បានបញ្ជាឲ្យអធិការនគរបាលទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ បន្តបញ្ជាទៅនាយនគរបាលប៉ុស្ដិ៍ទាំងអស់នៅក្នុងក្រុង រឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត។


បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចប្រើធម៌ក្ដៅភ្លាមៗ ក្រុមម្ចាស់ម៉ូតូឡំប្រឺតាមួយចំនួន ក៏បានប្រតិកម្មធ្វើការតវ៉ានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះផងដែរ។ ពួកគាត់ម្នាក់ៗ បានលើកឡើងថា បើសិនជាការអនុវត្តច្បាប់ ចុះហេតុអ្វីមិនចាប់ទាំងរ៉ឺម៉កម៉ូតូកង់បីផ្សេងទៀត ដែលអត់ស្លាកលេខដូចគ្នា។


ករណីនេះ ស្នងការនគរបាលក្រុងភ្នំពេញ បានប្រតិកម្មចំពោះការលើកឡើងរបស់ម្ចាស់ឡំប្រឺតាទាំងនោះ ដោយលោកអះអាងថា សមត្ថកិច្ចអនុវត្តន៍ច្បាប់ដោយស្មើរៗគ្នា ដោយមិនមានការរើសអើងឡើយ ហើយការអនុវន្តច្បាប់ចរាចរណ៍នេះ បានធ្វើឡើងយូរមកហើយ។ ប៉ុន្តែយ៉ាងណា លោកបានទទួលស្គាល់ថា កន្លងមក កម្លាំងសមត្ថកិច្ចរបស់លោកពិតជាឆកល្វែង ក្នុងការអនុវត្តច្បាប់ចរាចរណ៍មែន។


បែបណាក៏ដោយ លោកស្នងការរូបនេះ បញ្ជាក់ហើយថា គ្មានការដោះលែងម៉ូតូឡំប្រឺតាទាំងនោះទេ បើទោះជាមានប្រតិកម្ម ឬការតវ៉ាក៏ដោយ ប្រសិនបើម្ចាស់ឡំប្រឺតាគ្មានឯកសារត្រឹមត្រូវ ពោល គឺពួកគេតម្រូវឲ្យចុះបញ្ជីស្នើសុំធ្វើស្លាកលេខឲ្យចប់សព្វគ្រប់សិនជាមុនសិន ទើបអាចអនុញ្ញាតឲ្យពួកគាត់យកត្រឡប់ទៅវិញ ឬធ្វើចរាចរណ៍លើដងផ្លូវ៕






No comments