Header Ads

ថាម៉េច អ្នកនាង ពេជ្រ សោភា គ្រាន់តែ២សប្តាហ៍អាចរកបានរហូតដល់ទៅ៣មុឺនដុល្លារ (មានវីដេអូ)

ពេជ្រ សោភា ដែលបែកបាក់ដៃគូចាស់ ងួន ចាន់ដេវីត ទៅចាប់ដៃគូថ្មី លោក Step នោះ នាងនឹងត្រូវចុះខ្សោយវិញជាមិនខាន ព្រោះតែមិនមានការអន្តរាគមន៍ពីដេវីត ក្នុងការធ្វើបទភ្លេងថ្មីឱ្យច្រៀង តែពេលនេះ សោភា ថា នាងកាន់តែត្រូវប៉ាន់ ព្រោះគ្រាន់តែ២សប្តាហ៍ប៉ុណ្ណោះ អាចរកលុយបាន៣០.០០០ដុល្លារ។ តាមប្រភពព័ត៌មានថា ពេជ្រ សោភា រកប្រាក់ចំណូលបានក្នុង១ខែ ដល់ទៅ៦ម៉ឺនដុល្លារឯណោះ…។


ពេជ្រ សោភា បង្ហាញខ្លួនលើឆាកតន្ត្រីហង្សមាស ទាំង៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក កាលពីពេលថ្មីៗនេះ ដោយថែមទាំងបង្កើនសមាជិកក្រុមរាំរហូតដល់១២នាក់ទៀតផង ទើបធ្វើឱ្យតារាដូចគ្នាលាន់មាត់ថា សោភា ទៅដល់ណា ចង់បាក់ឆាកនៅទីនោះ។


ប្រភពបានឱ្យដឹងថា ដោយសារតែការចំណាយទៅលើក្រុមរាំទាំងសម្លៀកបំពាក់ និងថវិកាអស់ច្រើនជាងមុន ទើបពេលនេះ អ្នកចម្រៀងត្រូវប៉ាន់បទ “ហុយហុយ” នេះ បានដំឡើងតម្លៃខ្លួនខ្ពស់ជាងមុន ដែលធ្វើឱ្យក្រុមហ៊ុនខ្លះថា សោភា មេម៉ាយឡើងថ្លៃ ហើយបើឡើងថ្លៃខ្ពស់ពេក នឹងអាចប្រឈមការបាត់ប្រាក់ចំណូលជាមិនខាន។


ក្នុងជំនួបតាមទូរស័ព្ទ ពេជ្រ សោភា និយាយថា ឆ្នាំនេះ នាងមានការងារច្រើនជាងឆ្នាំមុន ហេតុនេះហើយ មានការរំពឹងថា នឹងអាចរកប្រាក់ចំណូលបានច្រើនជាងមុនជាមិនខាន ព្រោះថា ពេលនេះមានបណ្តាក្រុមហ៊ុនផ្សេងៗបានទាក់ទងនាងហើយ តែនាងមិន បញ្ជាក់ថា ចំណូល១ខែ ប៉ុន្មាននោះទេ។


សោភា ថ្លែងថា “ខ្ញុំសូមនិយាយដោយត្រង់ទៅចុះ មានបានដំឡើងថ្លៃខ្លួនឯណា គឺច្រៀងនៅភ្នំពេញ ខ្ញុំយកមួយកម្មវិធី២ពាន់ដុល្លារ និងតាមខេត្ត គឺ២៥០០ដុល្លារ ហើយមិនដែលឮគេអ្នកហៅច្រៀងហ្នឹងថាថ្លៃផង។ ខ្ញុំមិនខ្លាចបាត់បង់គេលែងទាក់ទងហៅច្រៀងមកពីថ្លៃនេះទេ ព្រោះអីខ្ញុំចំណាយទៅលើក្រុមការងារអស់ច្រើនដែរ ដូចជាសម្លៀកបំពាក់ ក្រុមរាំ លុយកាក់សម្រាប់ពួកគេជាដើម។ នៅថ្ងៃបុណ្យអុំទូកនោះ ខ្ញុំជាប់រវល់ទាំង៣ថ្ងៃជាប់គ្នា ហើយនិយាយទៅ មុនថ្ងៃបុណ្យអុំទូក ខ្ញុំរវល់១៥ថ្ងៃជាប់គ្នា គឺច្រៀងរហូត អីចឹងមិនអីទេ នៅមានក្រុមហ៊ុនផ្សេងៗត្រូវការយើងដដែល មានតែច្រើនជាងមុនផង ដូចជាមិនមានការព្រួយបារម្ភទៅលើការធ្លាក់ប្រាក់ចំណូលអីទេ”។


ការច្រៀង១៥ថ្ងៃជាប់គ្នា របស់ពេជ្រ សោភា ក្នុងតម្លៃខ្លួន១កម្មវិធី ស៊ីថ្លៃ២០០០ដុល្លារ ហេតុនេះហើយ គឺគ្រាន់តែ២សប្តាហ៍នេះ សោភា រកបានប្រាក់ចំណូល៣ម៉ឺនដុល្លារទៅហើយ អីចឹងមានន័យថា ប្រសិនបើនៅរដូវក្តៅនេះ នាងរវល់ជាប់ច្រៀងកម្មវិធីប្រគំតន្ត្រី (Concert) ១ខែ ដោយគ្មានថ្ងៃទំនេរនោះ គឺតារាហង្សមាស រូបនេះ រកប្រាក់ចំណូលបាន៦ម៉ឺនដុល្លារជាមិនខាន ដែលច្រៀង១ខែ អាចទិញផ្ទះល្វែងបាន១ជុងទៅហើយ។ ប៉ុន្តែ យ៉ាងណា ប្រាក់ចំណូលខ្ពស់នេះ គឺរកបានតែនៅរដូវក្តៅ ដែលចាប់ផ្តើមពីខែវិច្ឆិកា ដល់ខែមេសា ប៉ុណ្ណោះ ខណៈដែលពេលធ្លាក់ភ្លៀង គឺមិនមែនតែសោភា ម្នាក់ទេ តារាចម្រៀងទូទៅក៏បាត់បង់ប្រាក់ចំណូលដែរ ហើយសម្រាប់អ្នកមេម៉ាយសោភា គឺក្រៅពីត្រូវប៉ាន់ឡើងវិញតាមឆាកតន្ត្រីធំៗនោះ ពេលនេះនាងក៏ជាតារាស្ពតពាណិជ្ជកម្ម របស់ Oppo និងម្សៅស៊ុបខ្នរ ជាដើម ទើបធ្វើឱ្យប្រាក់ចំណូលនាងនៅតែរក្សាលំនឹងបាន។


ពេជ្រ សោភា បន្ថែមថា “មួយរយៈនេះ មានខាងស្ពតគេទាក់ទងមកជាហូរហែដែរ ហើយខ្ញុំទើបតែបានថតឱ្យផលិតផលរក្សាសម្រស់ ធារ៉ា ផងដែរ តែមិនមានការកុងត្រាទេ។ និយាយទៅ នៅមានក្រុមហ៊ុនផ្សេងៗទៀត ក៏បានទាក់ទងមកដែរ តែខ្លះកំពុងចរចារឿងតម្លៃខ្លួននៅឡើយ។ ខ្ញុំសប្បាយចិត្ត ដូចជាក្រុមហ៊ុន ទូរស័ព្ទ Oppo គឺគាត់មានតាំងរូបខ្ញុំច្រើន ទៅណាក៏ឃើញដែរ”៕







































No comments