Header Ads

រឿងកាន់តែធំទៅៗហើយ!!! ដោយសារតែលោក ដូណាល់ ត្រាំ ទើបបណ្តាលឲ្យមានមនុស្សស្លាប់២នាក់ នឹងរបួសរាប់សិបនាក់

ក្រោយពីរដ្ឋាភិបាលអាមេរិក​ ដឹកនាំដោយលោកដូណាល់ ត្រាំ បានសម្រេចទទួលស្គាល់​ក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ ទី៦ធ្នូកន្លងមកនេះ​ សហគ​មអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ទៅលើការសម្រេចនេះ ដែលគេចាត់ទុកថា មិនខុសពីយកសាំង ទៅជះលើភ្លើង ហើយការនេះ នឹងធ្វើឲ្យកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរវាង អ៊ីស្រាអែល ប៉ាឡេស្ទីន​ រលាយយសាបសូន្យ។ អ៊ីស្រាអែល ប៉ាឡេស្ទីន បានប្រឈមមុខដាក់គ្នា សាជាថ្មី ជាមួយនឹងអំពើហិង្សា កុបកម្ម ការបះបោរ ព្រមទាំងមានការបាញ់ផ្លោងគ្រាប់រ៉ូកែត និងការទំលាក់គ្រាប់បែក ទៀតផង។


ហិង្សា ចលាចល បះបោរ ការបាញ់ផ្លោងគ្រាប់រ៉ូកែត និងការទំលាក់គ្រាប់បែក…

សេចក្តីសម្រេ​ចរបស់លោកដូណាល់ ត្រាំ ប្រមុខរដ្ឋាភិបាលអាមេរិកបានធ្វើឲ្យ​តំបន់ដើមបូព៌ាទាំងមូល រញ្ជួយ ជាពិសេស គឺនៅប៉ាឡេស្ទីនតែម្តង។ ថ្នាក់ដឹកនាំនយោបាយ ចលនា​​តស៊ូ​ប្រដាប់អវុធ ឬប្រជាជនប៉ាឡេស្ទីនទូទៅ បានចាត់ទុកថា ការសម្រេចរបស់លោក​ដូណាល់ ត្រាំ នេះ មិនខុសពីអំពើអយុត្តិធម៌ ហើយលំអៀងយ៉ាងច្បាស់នឹងភ្នែក។


អំពើកុបកម្ម ការបះបោរហិង្សា បានផ្ទុះឡើងតាំងតែពីថ្ងៃពុធម្លេះ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ចលនាបះបោរ របស់យុវជនប៉ាឡេស្ទីន និងក្រុមកងប្រដាប់អាវុធហាម៉ាសនៅតំបន់​ហ្កាហ្សា បានរីកកាន់តែធំ។ កាលពីថ្ងៃសុក្រម្សិលមិញ ដែលមេដឹកនាំនយោបាយប៉ាឡេស្ទីន​​បានយកជាទិវាចងកំហឹងនោះ ក្រុមបាតុករប៉ាឡេស្ទីន​នៅតំបន់ស៊ីហ្សកដានី រាប់​ពាន់នាក់ បានប្រឈមមុខនឹងនគរបាល និងទាហានអ៊ីស្រាអែល។ ឆ្លើយតបនឹងការ​យក​ដុំថ្ម​គុបរបស់បាតុករប៉ាឡេស្ទីន ទាហានអ៊ីស្រាអែល បានបាញ់កាំភ្លើងដើម្បីបំបែកបាតុករ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់២នាក់ នឹងរបួសរាប់សិបនាក់។


កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺនៅតំបន់ហ្កាហ្សា។ ក្រុមហាម៉ាសប៉ាឡេស្ទីន បានបាញ់​គ្រាប់រ៉ូកែត ជាច្រើនគ្រាប់សំដៅទៅដីអ៊ីស្រាអែល តែគ្រាប់ខ្លះ ត្រូវបានអ៊ីស្រាអែលស្ទាក់​បាន ហើយធ្លាក់ក្នុងដីប៉ាឡេស្ទីន។ តែបើតាមដំណឹង គឺមិនមានមនុស្សរងគ្រោះទេ។ ក៏ប៉ុន្តែអ៊ីស្រាអែល បានប្រើយន្តហោះចម្បាំង ហោះមកទំលាក់គ្រាប់បែក ជាច្រើនកន្លែង នៅហ្កាហ្សា នៅព្រឹកព្រហាមថ្ងៃសៅរ៍នេះ។ មេដឹកនាំរបស់ក្រុមហាម៉ាសម្នាក់ បានឲ្យដឹងថា មានក្រុមសកម្មជនហាម៉ាស ​យ៉ាង​ហោច​២​នាក់ បាន​ស្លាប់ និងរបួសជិត​២០​នាក់​​ទៀត ដោយសារគ្រាប់បែករបស់អ៊ីស្រាអែលនេះ។ ទាហានអ៊ីស្រាអែល បានអះអាងថា គេបានទំលាក់គ្រាប់បែកទៅលើ ជំរំ និងកន្លែងស្តុកអាវុធ របស់ក្រុមអាម៉ាស ដែលជាក្រុមភេរវកម្ម។


នៅថ្ងៃសោរ៍នេះអំពើកុបកម្មចលាចល កំពុងកើតមានបន្តទៀត ជាអាថទិ៍នៅទីក្រុង​បេត្លេហិម ក្នុងតំបន់ស៊ីហ្សកដានី ដែលស្ថិតក្រោមការកាន់កាប់ របស់អ៊ីស្រាអែល។ ក្រុមចលនា​តស៊ូប៉ាឡេស្ទីន ជាច្រើនក្រុមមិនថាក្រុមហាម៉ាស ឬក្រុមហ្វាតាស សុទ្ធតែបានអំពាវនាវ ឲ្យមានចលនាបះបោរ ងើបតតាំង នឹងអ៊ីស្រាអែល៕




















No comments