Header Ads

ក្តៅៗ!!! នាយឧត្តមសេនីយ៍ សៅ សុខា ចេញបញ្ជាជាបន្ទាន់ ឲ្យកម្លាំងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ចុះពិនិត្យករណីផ្ទុះអាវុធសម្លាប់មនុស្ស៣នាក់

មណ្ឌលគីរី៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្តាញព័ត៌មាន សារព័ត៌មានក្នុងស្រុក ឲ្យដឹងនៅយប់ថ្ងៃទី៣០​ ខែមករា ឆ្នាំ២០១៨នេះឲ្យដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានចេញបញ្ជាជាបន្ទាន់ឲ្យកម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ចុះពិនិត្យករណីផ្ទុះអាវុធសម្លាប់មនុស្ស៣នាក់ នៅចំណុចជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរី។


លោកអភិបាលខេត្តមណ្ឌលគីរី ស្វាយ សំអ៊ាង បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងបន្ថែមថា ករណីផ្ទុះអាវុធនេះកើតឡើងរវាងកម្លាំងអាវុធហត្ថ និងមន្រ្តីបរិស្ថាន ជាមួយកម្លាំងនគរបាលការពារព្រំដែន។ តាមព័ត៌មានចុងក្រោយបានឲ្យដឹងថា ករណីនេះមានអ្នកស្លាប់៣នាក់ (មន្រ្តីអាវុធហត្ថ និងមន្រ្តីបរិស្ថាន និងម្នាក់ជាបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល)។


ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីអាវុធហត្ថ (ស្លាប់), ទី២៖ ឈ្មោះ កើត​ សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់) និងទី៣៖ បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល (មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ)។


យោងរបាយការណ៍របស់នគរបាលខេត្តមណ្ឌលគិរី ដែលផ្ញើជូនអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងចន្លោះ៤-៥ ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕



















No comments