Header Ads

ក្តៅៗ!!! ឧត្តមសេនីយ៍ឯក សៀក សុជាតិ គាំទ្រដល់ចំណាត់ការតាមផ្លូវច្បាប់ ចំពោះឧត្តមសេនីយ៍ម្នាក់ ដែលបានបង្ករបួសស្នាមដល់ក្មេងស្រី បំរើការរត់តុ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ បានបញ្ជាក់ប្រាប់បណ្ដាព័ត៌មានក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះថា ឧត្តមសេនីយ៍ត្រីម្នាក់​ឈ្មោះ នេត សំអាត អនុប្រធាន​​ការិយាល័យ​ទំនាក់​ទំនងព្រំដែន​កម្ពុជា-ថៃ ដែលបានយកចានគប់ត្រូវក្បាលក្មេងស្រីរត់តុ នៅក្រុងប៉ោយប៉ែតនោះ លោកនឹងគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់សមត្ថកិច្ច តាមផ្លូវច្បាប់។


ក្រោយពីទទួលបានព័ត៌មានការប្រើអំពើហិង្សាខាងលើនេះ បណ្តាញសារព័ត៌មានមួយនេះ បានសុំការបំភ្លឺបន្ថែម និងចំណាត់ការពីលោកឧត្តមសេនីយ៍ផ្កាយ៣ សៀក សុជាតិ ហើយលោកឧត្តមសេនីយ៍ ក៏បានអះអាងមកវិញថា ក្រៅពីចំណាត់ការតាមផ្លូវច្បាប់ ក៏នឹងមានដាក់ទោសផងដែរតាមវិន័យរបស់កងទ័ព ដោយមិនបណ្ដោយឲ្យបុគ្គលរូបនេះរួចខ្លួន និង ធ្វើអ្វីតាមតែអំពើចិត្តនោះទេ។


ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ទី១៖ វាខុសនឹងច្បាប់កងយោធពលខេមរភូមិន្ទ, ទី២៖ ថ្នាក់ឧត្តមសេនីយ៍មិនមែនបំពាក់ឲ្យអ្នកឯងយកអំណាចនេះ ទៅគាប់សង្កត់ ប្រជាពលរដ្ឋ ឬប្រើអំពើព្រៃផ្សៃបង្កឲ្យមានរបួសស្នាមយ៉ាងនេះបានទេ ហើយក៏មិនអាចយកថវិកាប៉ុណ្ណឹងទៅបន្សាប់ជនរងគ្រោះបានដែរ [...] ខ្ញុំត្រូវតែប្រឈមនឹងដោះស្រាយបញ្ហានេះ អនុវត្តទៅតាមវិន័យកងយោធពលខេមរភូមិន្ទ គឺខ្ញុំមិនអនុញ្ញាតឲ្យមន្ដ្រីណាមួយរបស់កងទ័ពកិច្ចការព្រំដែន បង្ក ឬធ្វើឲ្យមានស្នាមរបួសដល់អ្នកណាម្នាក់រួចខ្លួនពីសំណាញ់ច្បាប់នោះទេ»។


លោក សៀក សុជាតិ បន្ថែមថា វិធានការណ៍ផ្លូវច្បាប់យ៉ាងដាច់ណាត់នេះ គឺដើម្បីការពារមុខមាត់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដែលធ្លាប់មានប្រពៃណីល្អជាមួយ ប្រជាជនជាដរាបមក។

សូមជម្រាបថា នៅយប់ថ្ងៃទី​២៥ ខែមក​រា ឆ្នាំ២០១៨ លោក​ឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធាន​​ការិយាល័យ​ទំនាក់​ទំនងព្រំដែន​កម្ពុជា-ថៃ ​បានទៅផឹកស៊ី​ នៅភោជនីយដ្ឋាន​ «​ស្រះត្រជាក់ចិត្តថ្មី» មានគ្នីគ្នាប្រមាណជា​​៨ទៅ៩នាក់​ ស្ថិតនៅសង្កាត់​ប៉ោយប៉ែត​ លុះផឹកអស់ប្រហែល​៣-៤​កេស ពេលក្មេងស្រី​អ្នកមើលតុ ដើរទៅបន្ទប់ទឹក ក៏ត្រូវលោកផ្កាយ១​​យកចានគាប់ទៅជញ្ជាំង​ អាចចំសសរ​ ឬពិដានបែកចាន​ ខ្ទៀតកម្ទិចចាន​ទៅលើក្មេងស្រី​នោះចំកណ្ដាល​ថ្ងាស់​​ បណ្ដាលឲ្យបែកក្បាល​ពីរកន្លែង​ដេរ​​អស់​៤ថ្នេរ។


ប្រភពព័ត៌មានមូលដ្ឋានបានឲ្យដឹងថា ​ឧត្តមសេនីយ៍ដែលជាអ្នកបង្កខាងលើនេះ​ គឺបានសងជំងឺចិត្តទៅជនរងគ្រោះត្រឹមទឹកប្រាក់​១,៤០០,០០០រៀលប៉ុណ្ណោះ​ ដើម្បីបញ្ចប់រឿងទាំងអស់៕








No comments