Header Ads

បងប្អូនដែលចង់ស្តាប់ចម្រៀងរបស់ ខេង គុយលី ពេលនេះបានដូចបំណងហើយ សុទ្ធតែបទពិរោះៗ មានទាំងខ្មែរ និងថៃ (មានចម្រៀង)

បន្ទាប់ពីចុះផ្សាយជីវប្រវត្តដ៏ជូរចត់របស់លោក ខេង គុយលីកាលពីម្សិលមិញនេះ បានធ្វើឲ្យបងប្អូនទាំងឡាយដែលបានអានហើយពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ហើយក៏មានអ្នកខ្លះបាននិយាយថាសឹងតែមិនគួរឲ្យជឿថាលោកម្នាក់នេះអាចកែប្រែជីវិតបានដូចនេះ ក្នុងនោះផងដែរក៏មានអ្នកខ្លះចង់ស្តាប់នូវសំនៀងរបស់លោកផងដែរ ហើយពេលនេះលោកអ្នកអាចស្តាប់បានហើយ ដោយក្រុមការងារយើងខ្ញុំបានព្យាយាមស្វែងរកដើម្បីទុកជូនអ្នកទាំងអស់គ្នា ដូចនេះសូមស្តាប់ចម្រៀងរបស់លោកដូចខាងក្រោមនេះ។


គួររំលឹកឡើងវិញផងដែរថា ​លោក ខេង គុយលី ដែល​កាល​ពី​២​ខែ​មុន គឺ​ជា​កម្មករ​ចិញ្ចឹម​បង្កង​នៅ​ស្រុក​ថៃ តែ​ឥឡូវ​នេះ​បាន​ក្លាយ​ជា​តារា​ចម្រៀង ថែម​ទាំង​ត្រៀម​ឡើង​ឆាក​ជាមួយ​តារា​ចម្រៀង​ល្បី​ៗ ខេមរៈ សិរីមន្ត ខេម និង​មាស សុខសោភា ជា​ដើម។


ស្ថានភាព​ជីវិត​ប្រែ​ប្រួល​១៨០​ដឺក្រេ ត្រឹម​រយៈ​ពេល​២​ខែ​នេះ សាមី​ខ្លួន​បាន​ប្រាប់​ថា សូម្បី​តែ​យល់​សប្តិ ក៏​នឹក​មិន​ដល់​ដែរ។ "អារម្មណ៍​ខ្ញុំ​ពេល​នេះ មិន​ដឹង​យក​អី​មក​និយាយ​ឲ្យ​ត្រូវ​ទេ​បង ធ្លាប់​តែ​ធ្វើ​ជា​អ្នក​ឲ្យ​ចំណី​បង្កង​នៅ​ស្រុក​ថៃ ខ្ញុំ​មិន​ដែល​គិត​ទេ​ថា ថ្ងៃ​ណា​មួយ​នឹង​បាន​ទៅ​ប្រទេស​កូរ៉េ ហើយ​ក៏​រឹត​តែ​មិន​ដែល​ស្រមៃ​ថា បាន​ឡើង​ឆាក​ច្រៀង​ជាមួយ​តារា​ល្បី​ៗ​ដូច​ជា​បង ខេមរៈ សិរីមន្ត ខេម និង មាស សុខ​សោភា​ទេ ដល់​ឥឡូវ​ក្លាយ​ជា​ការ​ពិត...និយាយ​ទៅ ខ្ញុំ​ដូច​យល់​សប្តិ​អីចឹង​បង​!”។


ស្ថានភាព​ជីវិត​ប្រែ​ប្រួល​របស់​លោក គឺ​ដោយ​សារ​បាន​យឹតយោង​របស់​ឧកញ៉ា​ម្នាក់ គឺឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​មាន​អតីតភាព​ជា​ពលករ​ដូច​លោក​ដែរ។ វិល​ទៅ​ដំណើរ​ដើម​ចម​នៃ​ការ​ប្រែ​ប្រួល​ជីវិត​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នេះ អ្នក​ស្រុក​ពោធិសាត់ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ ដោយ​សារ​និស្ស័យ​ចូល​ចិត្ត​សិល្បៈ លោក​តែង​តែ​ច្រៀង Cover បទ​របស់​តារា​ចម្រៀង​ផ្សេង​ៗ និង​និពន្ធ​ថ្មី​ខ្លួន​ឯង​ខ្លះ បង្ហោះ​លើ​ហ្វេសប៊ុក និង​យូធូប។


២​ឆ្នាំ ជាមួយ​សកម្មភាព​សិល្បៈ​លើ​បណ្ដាញ​ទំនើប បាន​នាំ​ឲ្យ​លោក ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម ដែល​លោក​បាន​ប្រើ​ឈ្មោះ​ថា "គុយលី ចម្រៀង​ពលករ"។ បទ​ដែល​ធ្វើ​ឲ្យ​មាន​គេ​ស្គាល់​លោក​ច្រើន មាន​បទ "បង​ក្រ​ទើប​គេ​ទៅ​ចោល" និង​បទ "គេ​ចូល​ស្ដី ស្រី​ការ​ចុះ" ជា​ដើម។

ប៉ុន្តែ​ភាព​ពេញ​និយម​គ្រា​នោះ មិន​ទាន់​ដឹង​ដល់​ឧកញ៉ា ឡេង ណាវ៉ាត្រា ទេ គឺ​ទើប​តែ​វេលា​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​មុន​នេះ​ប៉ុណ្ណោះ ហើយ​រហូត​ដល់​២​ខែ​ចុង​ក្រោយ ទើប​អ្វី​ៗ​ចាប់​ផ្ដើម​ប្រែ​ប្រួល។


"កាល​ហ្នុង បង ណាវ៉ាត្រា បាន​ទាក់​ទង​ទៅ​ខ្ញុំ​ហើយ​សួរ​ខ្ញុំ​ថា ស្គាល់​គាត់​អត់ ខ្ញុំ​ថា អត់​ស្គាល់​ទេ។ គាត់​ហៅ​ឲ្យ​មក​ធ្វើ​ការ​ក្នុង​ផលិតកម្ម​គាត់ តែ​ពេល​នោះ ខ្ញុំ​មិន​ទាន់​ឆ្លើយ​ថា​ម៉េច​ទេ ព្រោះ​ថា​អារម្មណ៍​មួយ...បង​ដឹង​ហើយ សង្គម​យើង​មាន​អ្នក​បោក​អីចឹង​ណា​បង ខ្ញុំ​ចេះ​តែ​គិត​ថា បោក​ហើយ​ៗ...។ តែ​ចៃដន្យ​ខ្ញុំ​មាន​មិត្តភ័ក្ដិ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់ សួរ​គេ​ទៅ គេ​ថា បើ​បាន​បង ណាវ៉ាត្រា យក​មក​នៅ​ជាមួយ គុយលី ឯង​សំណាង​ហើយ ព្រោះ​គាត់​មិន​ងាយ​យក​អ្នក​ណា​មក​នៅ​ជាមួយ​ទេ!”។


ក្រោយ​ពី​ប្រាកដ​ក្នុង​ចិត្ត​ចំពោះ​ការ​ផ្ដល់​របស់​ឧកញ៉ា​វ័យ​ក្មេង​ខាង​លើ គុយលី ប្រាប់​ថា លោក​សម្រេច​ថា នឹង​ចុះ​មក​កម្ពុជា។ ប៉ុន្តែ​ភ្លាម​ៗ ដោយ​សារ​ថៅកែ​ចិញ្ចឹម​បង្កង​របស់​លោក មិន​ទាន់​អាច​រក​កម្មករ​ថ្មី​ជំនួស​បាន លោក​មិន​បាន​មក​ទេ គឺ​ចាំ​រហូត​ដល់​២​ចុង​ក្រោយ​នេះ ទើប​លោក​អាច​ដក​ខ្លួន​មក​បាន។ បច្ចុប្បន្ន ខេង គុយលី បាន​ស្នាក់​នៅ​ផ្ទះ​ជាមួយ​ឧកញ៉ា ឡេង ណាវ៉ាត្រា តែ​ម្ដង ដោយ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ខ្លះ និង​ការងារ​ខ្លះ​ទៀត​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​ឧកញ៉ា។


“ខ្ញុំ​ចង់​និយាយ​ថា អរគុណ​បង​ណាវ៉ាត្រា ខ្លាំង​ណាស់ អ្វី​ៗ​ដែល​បាន​កើត​ឡើង គឺ​ខ្ញុំ​ដូច​ទើប​ភ្ញាក់​ពី​ដេក​អីចឹង របស់​ដែល​ធ្លាប់​តែ​នៅ​ភក់​ជ្រាំ ត្រូវ​គាត់​រើស​យក​មក​លាង​ទឹក ហើយ​តម្កល់​ជា​របស់​សំខាន់ ខ្ញុំ ពិត​ជា​មិន​ដែល​ស្រមៃ​ទេ ហើយ​ក៏​រឹត​មិន​ដែល​គិត​ទៀត​ថា បាន​ទៅ​ប្រទេស​កូរ៉េ​ថែម​ទៀត។" គុយលី ថ្លែង។

វិល​មក​លោក ឡេង ណាវ៉ាត្រា ដែល​ទើប​ឡើង​ឧកញ៉ា​ថ្មី​ៗ ប្រាប់​ជុំវិញ​រឿងរ៉ាវ​កើត​ឡើង​លើ ខេង គុយលី ថា ក្រោយ​ពី​បាន​ឃើញ​ទេពកោសល្យ និង​ស្ថានភាព​របស់​បុរស​វ័យ ២៦​ឆ្នាំ​រូប​នេះ ខណៈ​លោក​ធ្លាប់​ជា​ពលករ​ដែរ​នោះ ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​អាណិត ស្រឡាញ់។ ដូច្នេះ​ហើយ លោក​ក៏​កើត​គំនិត​ចង់​ជួយ ទើប​សម្រេច​ហៅ​គេ​ឲ្យ​មក​នៅ​ជា​មួយ​តែ​ម្ដង។


“រាល់​ថ្ងៃ គាត់​នៅ​ផ្ទះ​ជាមួយ​ខ្ញុំ​តែ​ម្ដង...ហើយ​ខ្ញុំ​មើល​ឃើញ​ថា គាត់​មាន​អត្តចរិត ឫកពា​ល្អ ទើប​ប្រគល់​ការងារ​ឲ្យ​ធ្វើ​មួយ​ចំនួន ក្នុង​នោះ​មិន​អោយ​ធ្វើ​អី​ច្រើន​ទេ គឺ​គ្រាន់​តែ​កាន់ Page របស់​ខ្ញុំ និង​ការងារ​តិច​តួច​ខ្លះ​ទៀត​ក្នុង​ផលិតកម្ម"។

ក្រោម​ការ​ផ្ចុងផ្ដើម​ពី​ឧកញ៉ា​ចិត្ត​បុណ្យ គុយលី ដែល​មាន​និស្ស័យ​សិល្បៈ តែង​និពន្ធ និង​ច្រៀង គុយលី ស្រាប់ ត្រូវ​បាន​ឧកញ៉ា​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​តន្ត្រី​ធំ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ពាក់​កណ្ដាល​ខែ​ក្រោយ ជាមួយ​តារា​ចម្រៀង​ល្បី​ៗ​របស់​កម្ពុជា​ច្រើន ហើយ​នោះ ជា​បទ​ពិសោធន៍​ឡើង​ឆាក​តន្ត្រី​ដំបូង​បំផុត​ក្នុង​ជីវិត​របស់​លោក។


អ្នក​ខេត្ត​ពោធិសាត់ ឲ្យ​ដឹង​ថា លោក​នៅ​មាន​ការ​បារម្ភ​ខ្លះ​ដែរ​ពី​ព្រឹត្តិការណ៍​នោះ ប៉ុន្តែ​លោក​តាំង​ចិត្តថា នឹង​ធ្វើ​ឲ្យ​បាន។ វិល​មក ម្ចាស់​សំណង់​លំនៅ​ដ្ឋាន ឡេង ណាវ៉ាត្រា ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ផ្ដាច់​មុខ​ព្រឹត្តិការ​ខាង​លើ​វិញ លើក​ឡើង​ថា លោក​មាន​ជំនឿ​ចិត្ត​ថា ខេង គុយលី នឹង​អាច​ធ្វើ​បាន​ដូច​គ្នា៕




















នេះជាបទចម្រៀងរបស់លោក ខេង គុយលី ទាំងភាសាខ្មែរ ទាំងភាសាថៃ









No comments