Header Ads

ឪពុកម្តាយស្រែកយំស្ទើរគាំងបេះដូង!!! ថ្ងៃឡើងផ្ទះថ្មី បែរជាត្រូវទទួលសពកូនយកមកធ្វើបុណ្យទៅវិញ (មានវីដេអូ)

ភ្នំពេញ ៖ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។


ពេលនោះក្រុមគ្រួសារមួយកំពុងសប្បាយរីករាយ រៀបចំសង់រោងឡើងផ្ទះថ្មី ដែលទើបនឹងសាងសង់រួច ស្រាប់តែអកុសល កូនប្រុសអាយុ៩ឆ្នាំ ដើរឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងបុកបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ជាហេតុធ្វើឱ្យពិធីជ័យមង្គល ត្រូវប្រែក្លាយជាអួរអាប់ក្នុងមួយប៉ព្រិចភ្នែក និងធ្វើឱ្យម្ចាស់ផ្ទះ ដែលត្រូវជាឪពុកម្តាយក្មេងប្រុសរងគ្រោះ សម្រេចចិត្តប្តូរពីរោងឡើងផ្ទះ មកជារោងបុណ្យសពកូនប្រុសវិញ។


ក្មេងប្រុសរងគ្រោះ មានឈ្មោះថា ម៉ុន ប៊ុនហេង អាយុ ៩ឆ្នាំ ដែលមានទីលំនៅក្នុង ភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះស៊ុយ សារ៉ាក់ អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ មានលំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត បើករថយន្តមួយគ្រឿងម៉ាកកាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7081។


បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា គេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ស បើកបរដោយយុវជនខាងលើតែម្នាក់ឯង ធ្វើដំណើតក្នុងល្បឿនយ៉ាងលឿន បោះពួយក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានព្យាយាមវ៉ាជាមួយរថយន្ត១គ្រឿងទៀត មិនចាំម៉ាកនិងស្លាកលេខ រួចក៏ធ្វើឱ្យជ្រុលចង្កូតទៅបុកក្មេងប្រុសរងគ្រោះ ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឱ្យប៉ើងបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះម្ចាស់រថយន្តជាជនបង្កបានចុះពីរថយន្តរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រៃវែង ធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរ។


តាមប្រភពពីសាច់ញាតិក្មេងប្រុសរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុនេះ គឺជាថ្ងៃជ័យមង្គលសម្រាប់ក្រុមគ្រួសារក្មេងប្រុសរងគ្រោះខាងលើ ដោយសារតែឪពុកម្តាយក្មេងប្រុសរងគ្រោះ កំពុងរៀបចំពិធីឡើងផ្ទះថ្មី ដែលទើបនឹងសាងសង់រួច ដោយបានសង់រោងរៀបតុ រង់ចាំ ទទួលភ្ញៀវមកចូលរួមនៅរសៀលនេះទៅហើយ ស្រាប់តែអកុសល មកដល់វេលាម៉ោងកើតហេតុខាងលើ កូនប្រុសបានដើរឆ្លងផ្លូវ ក៏ត្រូវរថយន្តបង្កបុកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។


ប្រភពដដែលបន្តថា នៅពេលកើតមានហេតុការណ៍ដ៏រន្ធត់នេះភ្លាម ធ្វើឱ្យឪពុកម្តាយក្មេងប្រុសរងគ្រោះរន្ធត់ចិត្តស្ទើរគាំងបេះដូងស្លាប់ និងបានស្រែកទ្រហោយំឱបសពកូន និងចង់នាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសលកូនប្រុសបានដាច់ខ្យល់ស្លាប់ទៅហើយ។ ទីបំផុត រោងឡើងផ្ទះ ដែលសង់ឡើងដោយពណ៌ក្រហមឆើត រង់ចាំទទួលភ្ញៀវមកចូលរួមអបអរសាទរ បែរជាត្រូវផ្លាស់ប្តូរទៅជារោងបុណ្យសព ដោយមានពណ៌សលាយខ្មៅទៅវិញ ធ្វើឱ្យភាពសប្បាយរីករាយរបស់ក្រុមគ្រួសារខាងលើ ត្រូវរលាយបាត់ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងអូសយករថយន្ត ព្រមទាំងនាំខ្លួនជនបង្កជាអ្នកបើកបរ ទៅកាន់ការិយាល័យចរារណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។ ចំណែកក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕





























No comments