Header Ads

ស្រណោះណាស់!!! គ្រួសារ​លោក​ស្រី យីងឡាក់ អាច​ស្នាក់​នៅ​ផ្ទះ​ដែល​ត្រូវ​រឹបអូសបានតែត្រូវទទួលយកលក្ខខណ្ឌមួយ ដែលស្ទើរតែមិនគួរឲ្យជឿ

លោក Wissanu Krea-ngam ឧប​នាយក​រដ្ឋមន្ត្រី​ថៃ ថ្មីៗ​នេះ​បាន​ថ្លែង​ថា ក្រុម​គ្រួសារ​របស់​លោក​ស្រី យីង​ឡាក់ ស៊ីណា​វ៉ាត់ត្រា អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ មិន​អាច​ស្នាក់​នៅ​គេហដ្ឋាន​របស់​លោក​ស្រី​នៅ​ក្រុង​បាងកក ដែល​ត្រូវ​​រឹបអូស​នោះ​ឡើយ។ ក៏​ប៉ុន្តែ លោក​បាន​សង្កត់​ធ្ងន់​ថា ប្រសិនបើ​ចង់​ស្នាក់​នៅ សមាជិក​គ្រួសារ​របស់​លោក​ស្រី យីងឡាក់ ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​ជា​មុន​សិន ឬ​ក៏ តម្រូវ​ឲ្យ​ជួលនៅ។


ក្រុម​គ្រួសារ​របស់​លោក​ស្រី យីងឡាក់ ត្រូវ​ចរចា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​នាយកដ្ឋាន​អនុវត្ត​ច្បាប់​នៃ​ក្រសួង​យុត្តិធម៌​ថៃ​លើ​បញ្ហា​នេះ។ យ៉ាងណាមិញ ផ្ទះ​ដដែល​ ​អាច​ត្រូវ​ដាក់​ដេញថ្លៃ លក់ចេញ​ដើម្បី​ដោះស្រាយ​លើ​ការ​ខាតបង់​នៃ​គម្រោង​ស្រូវ​អង្ករ​របស់​លោក​ស្រី​។


កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក Norawit Lalaeng មេធាវី​របស់​លោក​ស្រី យីងឡាក់ បាន​រិះគន់​ចំពោះ​លោក Wissanu ដែល​បាន​និយាយ​ថា ស្វាមី និង​កូនប្រុស​របស់​លោកស្រី ត្រូវ​បង់​ប្រាក់​ជូន​រដ្ឋ ដើម្បី​អាច​បន្ត​ស្នាក់​នៅ​ផ្ទះ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នោះ។


គួររំលឹកឡើងវិញផងដែរថា នាយកដ្ឋាន​អនុវត្ត​ច្បាប់​នៃ​ក្រសួង​យុត្តិធម៌​ថៃ បាន​ធ្វើការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ជាង ៣០ របស់​លោកស្រី យីង​ឡាក់ ស៊ីណាវ៉ាត់ត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ​។ នេះ​ជា​ការ​អះអាង​របស់​មេធារី​​លោកស្រី យីងឡាក់ កាលពី​ថ្ងៃ​ពុធ ទី៣១ ខែ​មករា ឆ្នាំ​២០១៨។


ក្នុង​ចំណោម​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​រឹបអូស​ទាំង​នោះ ក៏​មាន​ផ្ទះ​របស់​លោកស្រី យីង​ឡាក់ ដែល​ស្ថិតនៅ​ទីក្រុង​បាងកក​ផង​ដែរ។ ផ្ទះ​នេះ ដែល​មាន​តម្លៃ ១១០​លាន​បាត ឬ​ជាង ៣,៥ លាន​ដុល្លារ​អាមេរិក គឺ​ជា​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត ដែល​ត្រូវ​បាន​រឹបអូស។ ក្រៅ​ពី​នោះ មាន ដី អាផាតមិន និង​គណនី​ធនាគារ​ជាង ១២ ។ នេះ​ជា​ការ​បន្ថែម​របស់​មេធាវី​ដដែល។


ទ្រព្យសម្បត្តិ​មួយ​ចំនួន​របស់​លោក​ស្រី ដែល​មាន​តម្លៃ​ជាង ៣៥​លាន​បាត ទំនងជា​ត្រូវ​ដាក់​ឲ្យ​ដេញ​ថ្លៃ តាម​ការ​ប្រកាស​របស់​ក្រុម​ប្រឹក្សា​ជាតិ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ដើម្បី​ដោះស្រាយ​លើ​ការ​ខាតបង់​នៃ​គម្រោង​ស្រូវ​អង្ករ​របស់​លោក​ស្រី។


គួរ​បញ្ជាក់​ថា លោកស្រី យីងឡាក់ បាន​ចាកចេញ​ពី​ប្រទេស​ថៃ​ កាលពី​ខែ​សីហា​ ឆ្នាំ២០១៧ ដើម្បី​គេច​ពី​ការ​ដាក់​ពន្ធនាគារ រយៈ​ពេល ២​ឆ្នាំ។ ថ្មីៗនេះ គេ​បាន​ឃើញ​រូបថត​ ដែលអាចជារបស់​លោក​ស្រី ដោយ​ថត​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​៕


























No comments