Header Ads

សុខចិត្តលាលែង​ចេញ​ពីតំណែងពី CEO នៃសណ្ឋាគារ និងកាស៊ីណូ​ដ៏ធំមួយ ដោយមិនព្រមទទួលយកការ​ចោទប្រកាន់​រឿងចាប់រំលោភបុគ្គលិកខ្លួនឯង

(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (CEO) នៃ Wynn Resorts ដែលជាក្រុមហ៊ុន​សណ្ឋាគារ និងកាស៊ីណូ​ដ៏ធំមួយនៅ​សហរដ្ឋអាមេរិក លោក ស្វេវ វីនណ៍ (Steve Wynn) បានសម្រេច​ចិត្តលាលែងចេញ​ពីមុខតំណែង​ហើយ បន្ទាប់ពីជាប់ផុង​ក្នុងរឿងអាស្រូវ​ រំលោភផ្លូវភេទលើបុគ្គលិក​ខ្លួនឯង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Financial Times នៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។


នៅក្នុងសេចក្ដី​ថ្លែងការណ៍មួយកាល​ពី​ថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក Steve Wynn បានលើក​ឡើងយ៉ាង​ដូច្នេះថា «ក្នុងរយៈពេល​ចុងក្រោយនេះ ខ្ញុំបានរកឃើញ​ថា ខ្លួនខ្ញុំត្រូវបាន​គេចាប់អារម្មណ៍​យ៉ាងខ្លាំង​ នៅលើទំព័រ​សារព័ត៌មាន ហើយជាការ គិតរបស់​ខ្ញុំលើអ្វី​ដែលបានកើត​ឡើងនេះ រួមមានទាំង​ការវិនិច្ឆ័យ​យ៉ាងប្រញាប់​ប្រញាល់ និង​ការពិត ខ្ញុំបានឈាន​ដល់ការ​សន្និដ្ឋានមួយថា ​មិនអាចបន្ត​ប្រសិទ្ធភាព​​នៅក្នុងការងារ​បច្ចុប្បន្នរបស់​ខ្ញុំ​បានទៀតទេ»។


គួររំលឹកថា បើតាម​ក្រុមហ៊ុន Wynn Resorts ដែលប្រតិបត្តិការ​កាស៊ីណូ ពីទីក្រុងឡាស វេហ្គាស់ រហូតដល់ទីក្រុងម៉ាកាវ ប្រទេស​ចិន បាននិយាយកាល​ពីខែមករាថា ខ្លួនបាន​បើកការស៊ើបអង្កេត​ លើសេចក្ដីរាយការណ៍​របស់​សារព័ត៌មាន Wall Street Journal ថា លោក Steve Wynn បានរំលោភ​បំពានផ្លូវភេទ​ លើបុគ្គលិកខ្លួនឯង​ជាច្រើននាក់ ព្រមទាំងបាន​បង់ប្រាក់ ៧.៥លានដុល្លារ ជាថ្នូរ​នឹងការផ្សះផ្សា​បញ្ចប់រឿង។ ប៉ុន្តែ CEO រូបបានទាត់​ចោល​រាល់ការ​ចោទប្រកាន់​ប្រឆាំងនឹង​រូបលោក ហើយ​ក៏សម្រេច​ចិត្តលាលែង​ចេញ​ពីតំណែង ដើម្បីជាភាព​ទទួលខុសត្រូវ​ចំពោះបញ្ហានេះ៕




























No comments