Header Ads

ស្អែករកផ្លូវវៀងឲ្យហើយទៅ ព្រោះកន្លែងមួយចំនួនអាចនឹងមានការកកស្ទះហើយ ព្រោះដោយសារតែ...

បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល នឹង​បើក​សវនាការ ជំនុំ​ជម្រះ កាត់​ក្តី​លើ​ពាក្យ​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ។


នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ អាជ្ញាធរ​សមត្ថកិច្ច បាន​ចាត់​វិធាន​ការ​រឹត​បន្តឹង​សណ្តាប់ធ្នាប់ សន្តិសុខ ដើម្បី​ទប់ស្កាត់​ចលនា​តវ៉ា​ណា​មួយ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា មាន​ចរិត​ផ្តួល​រំលំ​រដ្ឋាភិបាល និង​រំខាន​សវនាការ​របស់​តុលាការ​កំពូល។


សវនាការ ដើម្បី​កាត់​ក្តី​សំណុំ​រឿង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា អាជ្ញាធរ​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ​ណាមួយ នៅ​ពី​មុខ​តុលាការ​ទេ។ កង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​ទប់ស្កាត់ មិន​ឲ្យ​មាន​ការ​ជួបជុំ​តវ៉ា​ណា​មួយ​ឡើយ។


ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ នៅ​តាម​ច្រកផ្លូវ​នានា​ចេញ​ចូល​រាជធានី​ភ្នំពេញ។ ចំណែក​កងកម្លាំង​នគរបាល កង​រាជ​អាវុធហត្ថ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូចជា​នៅ​តាម​បណ្តា​ខេត្ត​នានា​ដែរ បាន​ប្រមូល​ផ្តុំ​គ្នា​ហ្វឹកហាត់ និង​ទទួល​បញ្ជា​រួចរាល់​ហើយ ដើម្បី​ត្រៀម​ការពារ​សន្តិសុខ និង​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ ក្នុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។


នៅ​ផ្លូវ​នានា​ជុំវិញ​បរិវេណ​តុលាការ​កំពូល ដែល​ស្ថិតនៅ​ជិត​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ របាំង​ដែក បិទ​ផ្លូវ ត្រូវ​បាន​ដាក់​ពង្រាយ ហើយ​ត្រៀម​នឹង​បិទ​ផ្លូវ មិន​ឲ្យ​ចរាចរ​ឡើយ ចាប់ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ កងកម្លាំង ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ត្រូវ​ដាក់​ពង្រាយ ចាប់ពី​យប់​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា រហូត​ទាល់​តែ​ដំណើរការ​នីតិវិធី​របស់​តុលាការ​កំពូល​បញ្ចប់​សព្វ​គ្រប់។ នេះ​បើ​តាម​លោក​នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។


លោក​បន្ថែម​ថា រនាំង​បិទ​ផ្លូវ​ទាំង​នេះ ត្រូវ​បាន​ដាក់​ត្រៀម​នៅ​លើ​សួនច្បារ​មុខ​វត្តបទុមវត្តី ក្បែរ​តុលាការ​កំពូល និង​ទីតាំង​ផ្សេងៗ​ទៀត។ ក្រៅ​ពី​នេះ កង​កម្លាំង​ក៏​មាន​ការ​ត្រៀម​នូវ​សម្ភារៈ​ជាប់​ដៃ ដូចជា​ដំបង​ឆក់ ជាដើម ដើម្បី​ត្រៀម​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់ នៅ​ពេល​តុលាការ​កំពូល​ដំណើរការ​សវនាការ​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា។ ក៏​ប៉ុន្តែ​លោក​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មិន​បាន​ប្រាប់​ពី​ចំនួន​កងកម្លាំង​ប្រដាប់​អាវុធ​ប៉ុន្មាន​នាក់ ដែល​ចូលរួម​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​នោះ​ឡើយ។


ចំណែក​លោក​នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ប្រកាស​ថា កងកម្លាំង​នគរបាល បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ ដើម្បី​កុំ​ឲ្យ​មាន​អ្នកតវ៉ា មក​រំខាន​ដំណើរការ​សវនាការ​របស់​តុលាការ​កំពូល នា​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ពោល​គឺ​ត្រូវ​ការពារ​តុលាការ​កំពូល ឲ្យ​បាន ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ជន​ណា មក​តវ៉ា​បង្ក​ការ​រំខាន​បាន​ឡើយ។


សូម​រំឭក​ថា កាល​ពី​ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​មួយ ឲ្យ​រដ្ឋបាល​រាជធានី​ខេត្ត​និមួយៗ រៀបចំ​ក្រុម​ការងារ​ប្រចាំការ សម្រាប់​តាម​ដាន និង​ដោះស្រាយ​បញ្ហា​នានា ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្របច្បាប់​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៧ តទៅ។


ចំណែក​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្ដិភាព បាន​ស្នើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គោរព​រដ្ឋធម្មនុញ្ញ និង​គោរព​ច្បាប់ ដោយ​ភាគី​ទាំងអស់ ត្រូវ​គោរព​អនុវត្ត​នូវ​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។

លោក គឹម សន្តិភាព បញ្ជាក់​ថា «ការ​មិន​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​មាន​កំណត់​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រីឯ​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ដើម្បី​ដាក់​សម្ពាធ​លើ​តុលាការ គឺ​ជា​អំពើ​ល្មើស​ច្បាប់»។


គួរ​បញ្ជាក់​ថា រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ដាក់​ឯកសារ ដើម្បី​ការពារ​ខ្លួន​ទៅ​ឲ្យ​តុលាការ​កំពូល តាម​ការ​ស្នើ​សុំ​នោះ​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​បាន​ចាត់​តាំង​មេធាវី ដើម្បី​ការពារ​ក្តី​នេះ​ដែរ ខណៈ​ដែល​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ក្រសួង​មហាផ្ទៃ ដែល​ជា​ដើម​បណ្តឹង បាន​ដាក់​ឯកសារ​ជាច្រើន​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ជាមួយ​ភស្តុតាង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ក្រុម​មេធាវី​របស់​ក្រសួង​មហាផ្ទៃ ដឹកនាំ​ដោយ​លោក គី តិច ក៏​បាន​ដាក់​បញ្ជី​ឈ្មោះ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ សរុប ១១៨ រូប ដែល​ជា​ទីប្រឹក្សា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល សម្រេច​ផ្អាក​សកម្មភាព​អ្នក​នយោបាយ​ទាំងនោះ ស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។


ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ បាន​ដាក់​ពាក្យ​បណ្ដឹង ទៅ​កាន់​តុលាការ​កំពូល ដើម្បី​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​សកម្មភាព​ខុសច្បាប់​របស់​គណបក្ស​ប្រឆាំង​មួយ ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ ព្រម​ទាំង​បាន​បំពាន​ទៅ​នឹង​មាត្រា៦​ថ្មី(ពីរ) និង​មាត្រា៧​ស្ដីពី​គណបក្ស​នយោបាយ។ អំពើ​ក្បត់ជាតិនេះ គឺ​ជា​ដើម​ហេតុ នាំ​ដល់​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​យប់​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៧៕















No comments